中文 English {{ activeLangText || 'Languages' }} {{ item.text }}
ការរាប់អានគ្នារយៈពេលមួយទសវត្សរ៍៖ គូររូបភាពដ៏កក់ក្តៅនៃចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន
ខ្មែរ > ខ្លឹមសារ

ការរាប់អានគ្នារយៈពេលមួយទសវត្សរ៍៖ គូររូបភាពដ៏កក់ក្តៅនៃចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន

កាសែតប្រជាជន|
分享到Facebook

"សួស្តី! សូមស្វាគមន៍!" នៅពេលដែលយើងដើរចូលក្នុងស្ថាប័នសុខុមាលភាពសិល្បៈកុមារនៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កុមារបានស្វាគមន៍អ្នកយកព័ត៌មានយ៉ាងកក់ក្តៅជាភាសាចិន។ ស្ថាប័នសុខុមាលភាពត្រូវបានតុបតែងលម្អដោយចង្កៀងពណ៌ចម្រុះ ទង់ត្រីកោណ ឧបករណ៍កសិកម្មខ្នាតតូច និងផ្លែដូងលាបពណ៌ ដែលបង្ហាញពីបរិយាកាសរីករាយនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ទេសភាពដែលគូរដោយដៃនៅលើជញ្ជាំង រួមជាមួយនឹងជក់លាបពណ៌ដែលដាក់នៅក្បែរសសរ និងស្នាដៃសិល្បៈគំនូររបស់សិស្សរាប់សិបផ្ទាំង បង្ហាញពីចំណង់ចំណូលចិត្តរបស់កុមារចំពោះសិល្បៈ។ នៅលើជញ្ជាំងមួយផ្ទាំង រូបថតជាក្រុមៗបានបង្ហាញពីចំណងមិត្តភាពរវាងកុមារ និងក្រុមហ៊ុន China Duty Free Group (Cambodia) Co., Ltd. ។

នៅឆ្នាំ ២០១៦ បុគ្គលិកនៃក្រុមហ៊ុន China Duty Free Group (Cambodia) Co., Ltd. បានទៅទស្សនាទីតាំងនោះ បន្ទាប់​ពីវីដេអូមួយដែលបង្ហាញពីស្នាដៃសិល្បៈរបស់ស្ថាប័នសុខុមាលភាព។ ពួកគេបានឃើញថា ស្ថាប័នសុខុមាលភាព​នេះ​មាន​ស្ថានភាពលំបាកវេទនា ហើយ​កុមារសិក្សា​នៅក្នុងតង់ធ្វើពីបន្ទះប្លាស្ទិក។ ដូច្នេះ ក្រុមហ៊ុនបានចាប់ផ្តើមគំនិតផ្តួចផ្តើមគាំទ្រភ្លាមៗ៖ ពួកគេបានពង្រឹងរចនាសម្ព័ន្ធផ្ទះឈើខ្ពស់ផុតពីដីទៅជាសំណង់បេតុង ហើយបានសាងសង់បន្ថែមជាន់ទីពីរ ដើម្បីដោះស្រាយបញ្ហាលិចទឹកក្នុងរដូវវស្សា ហើយកសាងបន្ទប់គូរគំនូរសម្រាប់កុមារតូចៗ។

ជាងនេះទៅទៀត ក្រោមការជំនួយរបស់ក្រុមហ៊ុន China Duty Free Group (Cambodia) Co., Ltd. ស្ថានភាពក្នុងបន្ទប់ទឹក និងផ្ទះបាយត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ ហើយបុគ្គលិកនៃក្រុមហ៊ុនក៏តែងតែមកលេងដើម្បីចូលរួមជាមួយកុមារក្នុងការរៀបចំម្ហូបអាហារឆ្ងាញ់ៗដែលមានលក្ខណៈពិសេសក្នុងតំបន់ផងដែរ ។ ដើម្បីដោះស្រាយបញ្ហាកង្វះខាតអាហារ ក្រុមហ៊ុនបានដឹកជញ្ជូនអង្ករភ្លាមៗ ព្រមទាំងអាហារបំប៉នបន្ថែមដូចជាទឹកដោះគោ និងឧបករណ៍គូរគំនូរ។ បុគ្គលិកតែងតែបន្តមកលេងជាប្រចាំ ដើម្បីកំដរក្មេងៗលេង និងគូរគំនូរ ហើយចែករំលែកវប្បធម៌ចិនតាមរយៈប្រព័ន្ធពហុព័ត៌មាន ដោយបានបណ្តុះគ្រាប់ពូជនៃក្តីស្រមៃនៅក្នុងបេះដូងរបស់កុមារ។

លោកនាយក​ស្ថាប័នសុខុមាលភាព ​បានប្រាប់អ្នកកាសែតថា ក្រុមហ៊ុន China Duty Free Group (Cambodia) Co., Ltd.បាន​បើកបង្អួចមួយសម្រាប់​កុមារ​ឆ្ពោះទោកាន់​អនាគត​ ដោយ​មិន​ត្រឹម​តែកែសម្រួល​លក្ខខណ្ឌ​រស់នៅ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្រៀន​ពួកគេស្វែងយល់ពីការដឹងគុណ និងឱ្យ​ចូល​រួម​ចំណែក​ដល់​សង្គម​ផងដែរ។ ការរត់ប្រណាំងសប្បុរសធម៌នេះកំពុងពង្រីកទៅជាគំរូ "សប្បុរសធម៌ + ការច្នៃប្រឌិតវប្បធម៌"។ នៅក្នុងតំបន់តាំងពិព័រណ៍វប្បធម៌ និងច្នៃប្រឌិតនៃហាងរបស់ក្រុមហ៊ុន China Duty Free Group (Cambodia) Co., Ltd. នៅភ្នំពេញ ផលិតផលដូចជាអាវយឺតដែលឌីហ្សាញតាមគំនូរពី​ស្ថាប័នសុខុមាលភាព បានទាក់ទាញអ្នកទស្សនាជាច្រើន។ លោក យ៉ាង នីង អគ្គនាយកនៃក្រុមហ៊ុន China Duty Free Group (Cambodia) Co., Ltd. បានណែនាំថា គំនូររបស់កុមារមានធាតុផ្សំជាច្រើន និងពោរពេញដោយការស្រមើស្រមៃ។ ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍផលិតផលវប្បធម៌ និងច្នៃប្រឌិតពាក់ព័ន្ធបន្ថែមទៀត និងបង្កើតយន្តការ "មតិកែលម្អប្រាក់ចំណេញ" ហើយប្រើប្រាស់ផ្នែកមួយនៃប្រាក់ចំណេញពីការលក់សម្រាប់ការអប់រំ និងការអភិវឌ្ឍកុមារនៅក្នុងស្ថាប័នសុខុមាលភាព។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ជាង ៣០ លើក ដែលផ្តល់អត្ថប្រយោជន៍ដល់កុមាររាប់រយនាក់។ ការរួបរួមឆ្លងដែននេះមិនត្រឹមតែបានធ្វើឱ្យជីវិតរបស់កុមារកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបានប្រើប្រាស់ថាមពលដ៏កក់ក្តៅ ដើម្បីគូរនូវផ្ទាំងគំនូរដ៏រំជួលចិត្ត នៃការផ្សារភ្ជាប់បេះដូងរវាងប្រជាជនចិន និងកម្ពុជា ទៀតផង៕

អ្នកយកព័ត៌មាន៖ Bai Yuanqi

អ្នកបកប្រែ៖ Shen Yan(កល្យាណ)