中文 English {{ activeLangText || 'Languages' }} {{ item.text }}
បទវិភាគ៖ តើវិបត្តិមជ្ឈិមបូព៌ាបង្កបញ្ហាប្រឈមអ្វីខ្លះសម្រាប់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍?
ទស្សនៈ > ខ្លឹមសារ

បទវិភាគ៖ តើវិបត្តិមជ្ឈិមបូព៌ាបង្កបញ្ហាប្រឈមអ្វីខ្លះសម្រាប់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍?

Mekong News Network|
分享到Facebook

ផលវិបាកនៃវិបត្តិបិទច្រកសមុទ្រ ដែលបង្កឡើងដោយជម្លោះដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ច្បាស់ណាស់ថាលាតសន្ធឹងហួសពីមជ្ឈិមបូព៌ា។ សម្រាប់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ តម្លៃប្រេង អត្រាដឹកជញ្ជូន អត្រាប្តូរប្រាក់ និងតម្លៃទំនិញប្រើប្រាស់ សុទ្ធតែបានកើនឡើងស្ទើរតែដំណាលគ្នា។


វាមិនត្រឹមតែនាំមកនូវ "ការចំណាយសេដ្ឋកិច្ច" ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបញ្ហាប្រឈមផ្នែកនយោបាយផងដែរ

វិបត្តិនេះមិនត្រឹមតែវាយប្រហារយ៉ាងចំគោលដៅទៅលើភាពងាយរងគ្រោះនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ តាមរយៈខ្សែសង្វាក់សេដ្ឋកិច្ចបីគឺ ថាមពល ការដឹកជញ្ជូន និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងពាក់ព័ន្ធនឹងចរន្តការទូតដ៏ស្មុគស្មាញមួយផងដែរ។

ទីមួយគឺខ្សែសង្វាក់ថាមពល។ ច្រកសមុទ្រហ័រមូស(Hormuz) ដឹកជញ្ជូនប្រមាណ ២០% នៃបរិមាណពាណិជ្ជកម្មប្រេងឆៅសកល និងដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) យ៉ាងច្រើន។ ការបិទច្រកសមុទ្រនេះបង្កឱ្យមានការកើនឡើងនៃតម្លៃប្រេង និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងសម្រាប់ទំនិញ LNG ភ្លាមៗ ដែលជំរុញដោយផ្ទាល់ដល់ការចំណាយលើការផ្គត់ផ្គង់សម្រាប់ប្រទេសនាំចូលថាមពលទាំងអស់។ ប្រទេសនានានៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ជាទូទៅមានការពឹងផ្អែកខ្ពស់លើការនាំចូលប្រេងឆៅ ដូច្នេះ ការកើនឡើងតម្លៃប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិ បានជះឥទ្ធិពយ៉ាងឆាប់រហ័សទៅកាន់ស្ថានីយប្រេងឥន្ធនៈ រោងចក្រថាមពលអគ្គិសនី និងរោងចក្រផ្សេងៗក្នុងតំបន់។

ទីពីរគឺខ្សែសង្វាក់ដឹកជញ្ជូន។ វិបត្តិនេះបានរឹតបន្តឹងសមត្ថភាពបម្រុងដែលមានកំណត់រួចហើយនៅក្នុងប្រព័ន្ធដឹកជញ្ជូនសកល ដែលជំរុញឱ្យអត្រាដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងកើនឡើងយ៉ាងខ្ពស់។ សម្រាប់នាវាដែលមានតម្លៃខ្ពស់ បុព្វលាភធានារ៉ាប់រងហានិភ័យសង្គ្រាមបានកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងកម្រិតមុនសង្គ្រាម ដោយខ្សែផ្លូវ និងករណីជាក់លាក់មួយចំនួន ថែមទាំងមានការកើនឡើងរាប់រយភាគរយឯណោះ។

សម្រាប់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នេះប្រែក្លាយទៅជាសម្ពាធពីរយ៉ាង៖ មិនត្រឹមតែប្រាក់ចំណេញពីការនាំចេញផលិតផលកំពុងធ្លាក់ចុះយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងថ្លៃដើមដឹកជញ្ជូនទំនិញប្រើប្រាស់យ៉ាងច្រើនដែលនាំចូលដោយប្រទេសទាំងនេះក៏កំពុងកើនឡើងយ៉ាងខ្លាំងផងដែរ ដោយហេតុនេះធ្វើឱ្យអតិផរណានាំចូលកើនឡើង។

ទីបីគឺខ្សែសង្វាក់ហិរញ្ញវត្ថុ។ ការកើនឡើងនៃតម្លៃប្រេងមានន័យថា ឱនភាពពាណិជ្ជកម្មកាន់តែធំសម្រាប់ប្រទេសនាំចូលថាមពល ដែលធ្វើអោយរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេប្រឈមនឹងសម្ពាធធ្លាក់ថ្លៃកាន់តែធ្ងន់ធ្ងរ។

សម្រាប់បណ្តាប្រទេសសេដ្ឋកិច្ចដែលមានទុនបម្រុងប្តូរប្រាក់បរទេសមានកម្រិតរួចហើយ ដូចជាប៉ាគីស្ថាន បង់ក្លាដែស និងស្រីលង្កា ការកើនឡើងនៃតម្លៃថាមពលមិនត្រឹមតែជំរុញអតិផរណាក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវហានិភ័យជាច្រើន ដូចជាការប្រែប្រួលអត្រាប្តូរប្រាក់ ភាពតានតឹងផ្នែកសារពើពន្ធ និងភាពផុយស្រួយនៃឥណទានរដ្ឋផងដែរ។ នៅក្នុងជម្លោះភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ដែលពឹងផ្អែកយ៉ាងខ្លាំងលើច្រកយុទ្ធសាស្ត្រផ្លូវសមុទ្រដ៏សំខាន់ សិទ្ធិឆ្លងកាត់តាមច្រកសមុទ្រ ជាក់ស្តែង ត្រូវបានធ្វើនយោបាយូបនីយកម្មបាត់ទៅហើយ។ ភាគីណាក៏ដោយដែលអាចទទួលបានការរៀបចំការឆ្លងកាត់ប្រកបដោស្ថេរភាព ភាគីនោះនឹងទទួលបានកន្លែងដកដង្ហើមកាន់តែច្រើនទាក់ទងនឹងការផ្គត់ផ្គង់ថាមពល និងថ្លៃដើមដឹកជញ្ជូន។ ផ្ទុយទៅវិញ អ្នកដែលមិនអាចធ្វើដូច្នេះបាននឹងត្រូវទុកចោលឱ្យទទួលបន្ទុកដោយអកម្មនៃតម្លៃខ្ពស់ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង។ នេះបញ្ជាក់ថា បញ្ហាប្រឈមដែលប្រជាជាតិនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខមិនមែនគ្រាន់តែជាសៀវភៅសេដ្ឋកិច្ចដែលកាន់តែពិបាកក្នុងការធ្វើឱ្យមានតុល្យភាពនោះទេ ប៉ុន្តែក៏ជាការសាកល្បងនយោបាយអំពីរបៀបរុករក និងកាត់បន្ថយហានិភ័យនៅក្នុងទេសភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញផងដែរ។


អាស៊ីខាងត្បូង៖ ផលប៉ះពាល់ជាច្រើនដល់អត្រាប្តូរប្រាក់បរទេស បំណុល និងជីវភាពរស់នៅ

ក្នុងចំណោមភាពចលាចលសកលលោកយ៉ាងធ្ងន់ធ្ងរនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល និងថាមពល អាស៊ីខាងត្បូង ដែលត្រូវបានកំណត់លក្ខណៈដោយមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចដ៏ផុយស្រួយ និងការពឹងផ្អែកខ្ពស់លើមជ្ឈិមបូព៌ាសម្រាប់ការនាំចូលថាមពល ផ្លូវដឹកជញ្ជូន និងប្រាក់បញ្ញើ បានប្រឈមមុខនឹងផលប៉ះពាល់ និងការសាកល្បងជាប្រព័ន្ធ។

ក្នុងនាមជាសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់ ការពឹងផ្អែករបស់ប្រទេសឥណ្ឌាលើប្រភពខាងក្រៅសម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួនគឺមានសារៈសំខាន់។ ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពរបស់ប្រទេសឥណ្ឌាក្នុងការទប់ទល់នឹងសម្ពាធបែបនេះក៏ខ្លាំងជាងប្រទេសជិតខាងដែរ។ លើសពីនេះ ស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅមជ្ឈិមបូព៌ាបានប៉ះពាល់ដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងបុគ្គលិករបស់ប្រទេសឥណ្ឌាជាមួយតំបន់ឈូងសមុទ្រ ដែលជាការអភិវឌ្ឍមួយដែលប៉ះពាល់ដោយផ្ទាល់ដល់សសរស្តម្ភខាងក្រៅដ៏សំខាន់មួយទៀតនៃការគាំទ្រសម្រាប់ឥណ្ឌា៖ ប្រាក់បញ្ញើ។ ស្ថិតិបង្ហាញថា ជិត ៤០% នៃប្រាក់ចំណូលប្រាក់បញ្ញើរបស់ឥណ្ឌា ដែលលើសពី ១០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ មានប្រភពមកពីរដ្ឋឈូងសមុទ្រ។

ដូច្នេះ ប្រទេសឥណ្ឌាបានឆ្លើយតបលើទិដ្ឋភាពពីរ៖ ទីមួយគឺពន្លឿនការស្វែងរកប្រភពប្រេង និងឧស្ម័នជំនួស ពង្រីកជម្រើសផ្គត់ផ្គង់របស់ខ្លួនពីអ្នកផ្គត់ផ្គង់ដូចជា រុស្ស៊ី និងសហរដ្ឋអាមេរិក។ ម៉្យាងវិញទៀត កាត់បន្ថយទំហំនៃផលប៉ះពាល់យ៉ាងសកម្មជាងមុន តាមរយៈការសម្របសម្រួលការទូត និងបទប្បញ្ញត្តិទីផ្សារក្នុងស្រុក។

ផ្ទុយទៅវិញ ប្រទេសប៉ាគីស្ថាន និងបង់ក្លាដែសមានសមត្ថភាពទ្រទ្រង់ខ្សោយជាង។ ប្រទេសប៉ាគីស្ថានត្រូវបានរារាំងជាយូរមកហើយដោយកង្វះខាតប្តូរប្រាក់បរទេស ដែនកំណត់សារពើពន្ធ និងសម្ពាធហិរញ្ញប្បទានខាងក្រៅ។ ជាលទ្ធផល ការកើនឡើងនៃថ្លៃដើមនាំចូលថាមពលភ្លាមៗដាក់សម្ពាធក្នុងពេលដំណាលគ្នាលើអត្រាប្តូរប្រាក់ កម្រិតអតិផរណា និងកាតព្វកិច្ចបំណុល។ ទោះជាយ៉ាងណាក៏ដោយ ដោយសាលទ្ធផលនៃវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងការដំឡើងសមត្ថភាពពន្លឺព្រះអាទិត្យ និងការដាក់ពង្រាយប្រព័ន្ធ photovoltaic ចែកចាយ ការពឹងផ្អែករបស់ប្រទេសប៉ាគីស្ថានលើឥន្ធនៈហ្វូស៊ីលនាំចូលបានធ្លាក់ចុះ។ ទោះបីជាវឌ្ឍនភាពនេះមិនទាន់គ្រប់គ្រាន់ក្នុងការធ្វើឱ្យប្រទេសប៉ាគីស្ថានមានភាពស៊ាំនឹងហានិភ័យនោះទាំងស្រុងក៏ដោយ ក៏វាពិតជាបានផ្តល់នូវកម្រិតនៃការទ្រទ្រង់ក្នុងអំឡុងពេលវិបត្តិបច្ចុប្បន្ន ដោយការពារការខ្វះខាតអគ្គិសនី និងឥន្ធនៈរបស់ខ្លួនពីការរីករាលដាលយ៉ាងឆាប់រហ័ស និងហួសពីការគ្រប់គ្រងទាំងស្រុង - ដូចដែលបានកើតឡើងកាលពីអតីតកាល។ ស្ថានភាពលំបាកដែលប្រទេសបង់ក្លាដែសកំពុងប្រឈមមុខត្រូវបានឆ្លុះបញ្ចាំងកាន់តែច្បាស់នៅក្នុងរចនាសម្ព័ន្ធឧស្សាហកម្មដែលផ្តោតលើការនាំចេញរបស់ខ្លួន។ សេដ្ឋកិច្ចបង់ក្លាដែសត្រូវបានចងភ្ជាប់ដោយវិស័យផលិតកម្មសម្លៀកបំពាក់ ហើយនៅតែពឹងផ្អែកយ៉ាងខ្លាំងលើថាមពលនាំចូល និងទីផ្សារខាងក្រៅ។ ថ្មីៗនេះ ប្រទេសបង់ក្លាដែសត្រូវបានបង្ខំមិនត្រឹមតែឱ្យទិញឧស្ម័នធម្មជាតិរាវ (LNG) និងប្រេងម៉ាស៊ូត (diesel) ពីទីផ្សារភ្លាមៗក្នុងតម្លៃហួសហេតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវអនុវត្តវិធានការកំណត់ និងអភិរក្សក្នុងស្រុកឱ្យកាន់តែតឹងរ៉ឹង ដើម្បីធានាបាននូវការថែរក្សាការផ្គត់ផ្គង់ជាមូលដ្ឋានផងដែរ។

នៅក្នុងតំបន់នេះ ប្រទេសដែលប្រឈមនឹងហានិភ័យខ្ពស់បំផុត នៅតែជាប្រទេសស្រីលង្កាដដែល។ ភាពងាយរងគ្រោះរបស់ប្រទេសស្រីលង្កាមិនគ្រាន់តែជាសំណួរថាតើវាមាន "ប្រេង" ឬអត់នោះទេ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើទំនុកចិត្តទីផ្សារលើសាច់ប្រាក់ងាយស្រួលប្តូរប្រាក់បរទេស ស្ថិរភាពហិរញ្ញវត្ថុ និងសមត្ថភាពសងបំណុលអាចរក្សាបានដែរឬទេ។ តម្លៃប្រេងខ្ពស់ជាប់លាប់កំពុងធ្វើឱ្យប្រាក់ចំណូលប្តូរប្រាក់បរទេសដ៏សំខាន់ដែលមានមូលដ្ឋានលើវិស័យទេសចរណ៍របស់ប្រទេសម៉ាល់ឌីវ នេប៉ាល់ និងប៊ូតានធ្លាក់ចុះម្តងទៀត - សេដ្ឋកិច្ចដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញដ៏ផុយស្រួយ។ ដោយសារតែសមត្ថភាពសន្តិសុខប្រេងឥន្ធនៈក្នុងស្រុកមានកម្រិត ប្រទេសម៉ាល់ឌីវបានស្វែងរកការគាំទ្រការផ្គត់ផ្គង់បន្ថែមពីប្រទេសឥណ្ឌារួចហើយ នៅចំពោះមុខការភ្ញាក់ផ្អើលចុងក្រោយនេះ។ ប្រទេសនេប៉ាល់ ដែលពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងឥន្ធនៈពីខាងក្រៅ ត្រូវបានបង្ខំឱ្យដំឡើងថ្លៃប្រេងឥន្ធនៈអាកាសចរណ៍យ៉ាងខ្លាំង ដើម្បីជៀសវាងការរំខានដល់ការផ្គត់ផ្គង់។ ចំពោះប្រទេសប៊ូតាន - ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងចម្រាញ់ពីប្រទេសឥណ្ឌា​ ទោះបីជាផលប៉ះពាល់ដែលខ្លួនកំពុងរងគ្រោះ មិនទាន់មានភាពច្បាស់លាស់ដូចបណ្តាប្រទេសជិតខាងក៏ដោយ ប៉ុន្តែភាពងាយរងគ្រោះដែលមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលខាងក្រៅនៅតែបង្ហាញអោយឃើញជាក់ស្តែងដូចគ្នា។


អាស៊ីអាគ្នេយ៍៖ ការរឹតបន្តឹងឧស្សាហកម្ម និងការថយចុះសារពើពន្ធ

បើប្រៀបធៀបទៅនឹងប្រទេសអាស៊ីខាងត្បូង រចនាសម្ព័ន្ធតុល្យភាពនៃការទូទាត់ទាំងមូលនៅក្នុងតំបន់នេះមានស្ថិរភាពជាង។ ទោះជាយ៉ាងណាក៏ដោយ ថ្លៃដើមនាំចូលដែលកើនឡើងខ្ពស់កំពុងហូរចូលតាមខ្សែសង្វាក់ឧស្សាហកម្ម និងសារពើពន្ធ ដែលវិវត្តបន្តិចម្តងៗទៅជាការសាកល្បងជាក់ស្តែងនៃភាពធន់នៃឧស្សាហកម្ម និងសមត្ថភាពធ្វើគោលនយោបាយក្រោមសម្ពាធ។

បន្ទាប់ពីការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា ប្រទេសហ្វីលីពីនគឺជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលប្រកាសអាសន្នថាមពលជាតិ។ ក្រោយមក វាបានអនុវត្តវិធានការ ដូចជាការកាត់បន្ថយពន្ធប្រេងឥន្ធនៈ និងការឧបត្ថម្ភធន ដើម្បីទប់ស្កាត់ផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចនៃការកើនឡើងនៃតម្លៃប្រេង។ ប្រទេសកម្ពុជា និងឡាវ ដែលជាប្រទេសសេដ្ឋកិច្ចតូចៗ ភាគច្រើនត្រូវបានបង្ខំឱ្យប្រកាន់យកជំហរអកម្មជាងមុន ដោយពឹងផ្អែកជាចម្បងលើការកាត់បន្ថយពន្ធ ការបង្រួមការចំណាយ និងវិធានការរឹតត្បិតដើម្បីដោះស្រាយ។ ប្រទេសមីយ៉ាន់ម៉ាប្រឈមមុខនឹងស្ថានភាពមិនស្ថិតស្ថេរជាងនេះទៅទៀត។ រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាបានឈានដល់ការដាក់កម្រិតប្រេងឥន្ធនៈលើយានយន្តឯកជន ដោយសារតែការរំខានតាមខ្សែផ្លូវដឹកជញ្ជូនឆ្លងកាត់មជ្ឈិមបូព៌ា។

ផ្ទុយទៅវិញ ប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ី កំពុងប្រឈមមុខនឹងទម្រង់នៃការបាត់បង់សេដ្ឋកិច្ចដែលមាននិរន្តរភាពជាងមុន គឺ ជាចម្បងនៅកម្រិតខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងហិរញ្ញវត្ថុសាធារណៈ។ ក្នុងនាមជាសេដ្ឋកិច្ចដែលមានលក្ខណៈមូលដ្ឋានផលិតកម្មធំជាង និងកម្រិតខ្ពស់នៃការតំរង់ទិសខាងក្រៅ ប្រទេសវៀតណាមបានពង្រីកវិធានការបន្ធូរបន្ថយពន្ធប្រេងឥន្ធនៈរបស់ខ្លួន ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃវិបត្តិថាមពលពិភពលោកលើតម្លៃក្នុងស្រុក និងថ្លៃដើមផលិតកម្ម។ ប្រទេសថៃ ដែលនៅតែស្ថិតក្នុងដំណាក់កាលនៃការស្តារសេដ្ឋកិច្ចឡើងវិញ និងមានសមត្ថភាពសារពើពន្ធមានកម្រិត ដូច្នេះប្រទេសនេះត្រូវបង្ខំឱ្យស្វែងរកតុល្យភាពរវាងការធ្វើឱ្យតម្លៃមានស្ថិរភាព និងការជៀសវាងការពង្រីកសារពើពន្ធហួសហេតុ។ ជាលទ្ធផល តម្លៃប្រេងដែលកំពុងកើនឡើងកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើវិស័យផលិតកម្ម ឧស្សាហកម្មទេសចរណ៍ និងការចំណាយក្នុងគ្រួសារ។

ទោះបីជាប្រទេសឥណ្ឌូនេស៊ីមានធនធានអំណោយផលជាងក៏ដោយ ក៏ប្រទេសនេះត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញផែនការសម្រាប់ការលាយប្រេងដូងជីវម៉ាស៊ូតដែលមានភាគរយខ្ពស់ជាង។ យ៉ាងណាមិញ ការបង្វែរបរិមាណប្រេងដូងកាន់តែច្រើនទៅជាការផលិតថាមពលអាចកាត់បន្ថយការនាំចេញ និងជំរុញឱ្យតម្លៃទំនិញពាក់ព័ន្ធកើនឡើង។ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីក៏មិនអាចជៀសផុតពីផលប៉ះពាល់នេះផងដែរ។ ប្រទេសម៉ាឡេស៊ីបានងាកទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់ និងការរៀបចំសម្រាប់ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ ប្រទេសសិង្ហបុរី ដែលបម្រើជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក និងប្រេងឥន្ធនៈសមុទ្រ បានស្រូបយកផ្នែកមួយនៃចរាចរណ៍ដឹកជញ្ជូនតាមផ្លូវទឹក និងប្រតិបត្តិការឃ្លាំងផ្ទុកប្រេងដែលបានបង្វែរចេញពីកំពង់ផែនានាក្នុងឈូងសមុទ្រ។

នៅចំពោះមុខរលកនៃថាមពល និងផលប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលបង្កឡើងដោយជម្លោះភូមិសាស្ត្រនយោបាយ ឧបករណ៍គោលនយោបាយ និងយុទ្ធសាស្ត្រឆ្លើយតបដែលមានសម្រាប់ប្រទេសនានានៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ជាក់ស្តែង គឺស្ថិតនៅក្រោមដែនកំណត់ជាក់លាក់។ ក្នុងរយៈពេលខ្លី វិធានការដូចជាការឧបត្ថម្ភធន ការកំណត់តម្លៃ ការកាត់បន្ថយពន្ធ និងការកំណត់កម្រិតអាចកាត់បន្ថយផលប៉ះពាល់ភ្លាមៗក្នុងកម្រិតជាក់លាក់មួយ។ ទោះជាយ៉ាងណាក៏ដោយ នេះកើតឡើងដោយសារតែការថយចុះជាបន្តបន្ទាប់នៃទុនបម្រុងសារពើពន្ធ និងហានិភ័យនៃការបង្ខូចទ្រង់ទ្រាយសញ្ញាទីផ្សារ។ សម្រាប់យៈពេលមធ្យម ខណៈពេលដែលការពង្រីកទុនបម្រុង ការកែសម្រួលរចនាសម្ព័ន្ធថាមពល និងការរៀបចំប្លង់ខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ គឺជាវិធានការត្រឹមត្រូវនិងមានសារសំខាន់ណាស់ ប៉ុន្តែវា នៅតែត្រូវបានរឹតត្បិតយ៉ាងខ្លាំងដោយកត្តាហិរញ្ញវត្ថុ ពេលវេលា និងបរិយាកាសខាងក្រៅ ដែលធ្វើឱ្យវាពិបាកក្នុងការផ្តល់លទ្ធផលជាក់ស្តែងក្នុងរយៈពេលខ្លី។ ផលប៉ះពាល់ពិតប្រាកដនៃវិបត្តិនេះស្ថិតនៅក្នុងការលាតត្រដាងនៃភាពងាយរងគ្រោះរួមគ្នានៅក្នុងគំរូអភិវឌ្ឍន៍នៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍៖ មូលដ្ឋានដែលបណ្តាប្រទេសជាច្រើនធ្លាប់ពឹងផ្អែកលើដើម្បីរក្សាកំណើនរបស់ពួកគេ  គឺ ថាមពលដែលមានតម្លៃទាប ផ្លូវដឹកជញ្ជូនដែលមានស្ថិរភាព និងបរិយាកាសទីផ្សារសកលដែលអាចព្យាករណ៍ទុកមុនបាន៕

អត្ថបទសរសេរដោយលោក Ye Weijie ជំនួយការស្រាវជ្រាវមជ្ឈមណ្ឌលស្រាវជ្រាវស្តីពីការទូតក្រៅប្រព័ន្ធនៃសាកលវិទ្យាល័យយូណាន និងលោក Luo Shengrong អ្នកស្រាវជ្រាវ និងជាអ្នកត្រួតពិនិត្យបណ្ឌិតមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យយូណាន

អ្នកបកប្រែ៖ Shen Yan(កល្យាណ)