បទវិភាគ៖ “អារម្មណ៍សុវត្ថិភាពបែបចិន” កាន់តែបង្ហាញពីគុណតម្លៃក្នុងពិភពលោកដែលមានភាពរង្គោះរង្គើ

ពេលថ្មីៗកន្លងទៅនេះ អ្នកផលិតមាតិកានៃប្រទេសអង់គ្លេសម្នាក់ដែលកំពុងរស់នៅក្នុងប្រទេសចិនបានធ្វើការពិសោធដ៏ក្លាហានមួយ៖ គាត់បានយកកុំព្យូទ័រយួរដៃមួយគ្រឿងទៅដាក់លើតុក្នុងហាងកាហ្វេដ៏អ៊ូអរមួយ រួចចាកចេញទៅ មួយម៉ោងក្រោយគាត់វិលត្រឡប់មកវិញ បានរកឃើញថាកុំព្យូទ័រនៅកន្លែងដដែល គ្មានអ្នកណាប៉ះពាល់ទេ។ អ្នកផលិតមាតិការូបនេះបានស្រែកទៅកាន់កញ្ចក់កាមេរ៉ាថា “នឹកស្មានមិនដល់”។ “ការតេស្តសុវត្ថិភាព” បែបនេះកំពុងក្លាយជាវិធីថ្មីសម្រាប់ជនបរទេសជាច្រើននាក់ក្នុងការសង្កេតមើលប្រទេសចិន។
ស្របតាមនេះ ពាក្យថា “អារម្មណ៍សុវត្ថិភាពបែបចិន” បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមនៅបរទេស ។
នៅពេលយប់ជ្រៅ តាមដងផ្លូវមានពន្លឺភ្លើងដ៏ភ្លឺ នៅមុខតូបក្នុងផ្សារដ៏មមាញឹកមានសណ្តាប់ធ្នាប់ល្អ—អ្វីដែលមជ្ឈដ្ឋានខាងក្រៅយល់ថា “នឹកស្មានមិនដល់” តាមការពិតគឺជាជីវភាពរស់នៅធម្មតារបស់ប្រជាជនចិន។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកើតមានឃាតកម្មទាបបំផុត អត្រាឧក្រិដ្ឋកម្មទាបបំផុតនិងកើតមានរឿងបាញ់កាំភ្លើងនិងគ្រឿងបំផ្ទុះតិចបំផុតនៅលើពិភពលោក។ របាយការណ៍ស្តីពីសន្តិសុខសកលឆ្នាំ ២០២៥ នៃវិទ្យាស្ថាន Gallup របស់អាមេរិកបានបង្ហាញថា ចំណាត់ថ្នាក់នៃអារម្មណ៍សុវត្ថិភាពរបស់ប្រជាជនចិននិង “សូចនាករច្បាប់និងសណ្តាប់ធ្នាប់” របស់ចិន គឺខ្ពស់ជាងប្រទេសមហាអំណាចលោកខាងលិចឆ្ងាយណាស់។ ទិន្នន័យផ្លូវការរបស់ចិនបង្ហាញថា នៅឆ្នាំ ២០២៥ អារម្មណ៍សុវត្ថិភាពរបស់ប្រជាជនចិនបានឡើងដល់ ៩៨,២ ភាគរយដែលបានលើសពី ៩៨ភាគរយក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ដោយនាំមុខគេយ៉ាងដាច់ឆ្ងាយនៅទូទាំងពិភពលោក ។ល។

តើ “អារម្មណ៍សុវត្ថិភាពបែបចិន” នេះគឺបង្កើតឡើងយ៉ាងដូចម្តេច? លោក Lu Jiehua សាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៃសកលវិទ្យាល័យប៉េកាំងបានថ្លែងថា បើមើលពីវិធានការជាក់ស្តែង ការជំរុញយ៉ាងស៊ីជម្រៅនៃបច្ចេកវិទ្យាឌីជីថលរបស់ចិន ព្រមទាំងប្រព័ន្ធអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលផ្អែកលើកម្លាំងប្រជាជនទាំងមូលនិងការការពារទប់ស្កាត់ដោយមហាជនបានបង្កើតជា “បណ្តាញសុវត្ថិភាព” ដ៏រឹងមាំមួយ។ បើមើលពីមូលហេតុដ៏ស៊ីជម្រៅអាចឃើញថា ទន្ទឹមនឹងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចិនកាន់តែខ្ពស់ឡើងៗ ហើយអារម្មណ៍សុវត្ថិភាពក្នុងដួងចិត្តក៏កាន់តែរឹងមាំដែរ។ អារម្មណ៍សុវត្ថិភាពដែល “ជំរុញដោយកត្តាគ្រប់យ៉ាង” នេះជាសក្ខីភាពនៃប្រសិទ្ធភាពដ៏លេចធ្លោរបស់ “អភិបាលកិច្ចបែបចិន” និងបង្ហាញពីឧត្តមភាពនៃរបបចិន ។
អារម្មណ៍សុវត្ថិភាពបែបចិន ក៏ដោយសារតែ “ជីវភាពមានក្តីសង្ឃឹមនៅពេលអនាគត”។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលធ្វើឱ្យប្រជាជនទាំងអស់គ្នាភាពសម្បូរសប្បាយរួម ។ នៅឆ្នាំ ២០២៥ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋចិនគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើង ៥,០ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៤ ដែលដើរស្របគ្នាជាមួយល្បឿនកំណើនសេដ្ឋកិច្ច។ ប្រទេសចិនក៏បានបង្កើតប្រព័ន្ធអប់រំ សង្គមធានានិងវេជ្ជសាស្ត្រដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក ហើយបានបង្កើតយន្តការការពារគ្រប់ជ្រុងជ្រោយ។ តក្កវិជ្ជាអភិវឌ្ឍន៍ដែល “តម្កល់ទុកមនុស្សជាអាទិភាព” បានធ្វើឱ្យភាគលាភការអភិវឌ្ឍផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូបយ៉ាងប្រាកដប្រជា។ ជីវភាពរស់នៅមានស្ថិរភាព ការធានាគ្រប់គ្រាន់ គ្មានកង្វល់សម្រាប់ថ្ងៃអនាគត នោះ សង្គមក៏នឹងមានរបៀបរៀបរយល្អ ហើយប្រជាជនក៏មានសេចក្តីសុខសាន្តក្នុងដួងចិត្តដែរ។

បច្ចុប្បន្ននេះ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយសកលមានភាពកាន់តែធ្ងន់ធ្ងរ ពិភពលោកកំពុងមានភាពច្របូកច្របល់ ដូច្នេះ “អារម្មណ៍សុវត្ថិភាពបែបចិន” កាន់តែបង្ហាញពីគុណតម្លៃរបស់ខ្លួន។ អ្នកផងទាំងពួងបានរកឃើញថា ប្រទេសមួយពិតជាអាចក្លាយជា “ម៉ាស៊ីនលំនឹង” សម្រាប់ពិភពលោកដែលកំពុងមានភាពរង្គោះរង្គើនិងជា “កន្លែងជ្រកកោន” សម្រាប់ការវិនិយោគនិងប្រកបអាជីវកម្មរបស់ពិភពលោក តាមរយៈធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អនិងធ្វើឱ្យជីវភាពរស់នៅរបស់ខ្លួនឱ្យបានល្អ។ រីឯអារម្មណ៍សុវត្ថិភាពដ៏រឹងមាំដែលប្រទេសចិននាំមកដល់ពិភពលោក ក៏បានធ្វើឱ្យទស្សនទានដ៏សាមញ្ញដែលថា “ពិភពលោកទាំងមូលគឺជាគ្រួសារតែមួយ” មានភាពពិតប្រាកដនិងភាពកក់ក្តៅ៕