中文 English {{ activeLangText || 'Languages' }} {{ item.text }}
ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជា
ខ្មែរ > ខ្លឹមសារ

ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជា

គេហតំព័រកាសែតជានហ្វា|
分享到Facebook

នាថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការចេះភាសាចិន បានក្លាយជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងការចាប់យកកាលានុវត្តភាពការងារ និងការធ្វើធុរកិច្ចក្នុងសតវត្សទី ២១ នេះ។

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរនៃ "ទិវាភាសាចិនអន្តរជាតិឆ្នាំ ២០២៦" ដែលត្រូវបានរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងការអបអរសាទរចំពោះការរៀបចំទិវាភាសាចិនអន្តរជាតិឆ្នាំ ២០២៦ ប្រកបដោយភាពជោគជ័យ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ភាសាចិនគឺជាស្ពានក្នុងការពង្រឹង "ចំណងមិត្តភាពដែកថែប" និង កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងកម្ពុជា-ចិន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លានៃការអប់រំភាសាចិននៅក្នុងប្រព័ន្ធអប់រំប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ការចេះភាសាចិនបានក្លាយជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងការចាប់យកកាលានុវត្តភាពការងារ និងការធ្វើធុរកិច្ចក្នុងសតវត្សទី ២១ នេះ។ ចំណេះដឹងភាសាចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ  ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ព្រមទាំងធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ចិនកាន់ស៊ីជម្រៅថែមទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍជាតិកម្ពុជានាពេលកន្លងមក និងសូមថ្លែងអំណរគុណចំពោះដៃគូសហប្រតិបត្តិការ បុគ្គលិកអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់ការអប់រំរបស់ប្រទេសកម្ពុជា ក៏ដូចជាការអប់រំភាសាចិននៅប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ចាប់យកឱកាសនេះ ដើម្បីសិក្សារៀនសូត្រ ផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីរួមចំណែកដល់វិបុលភាពនៃប្រទេសជាតិនៅពេលអនាគត។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវមោទនភាពចំពោះសមិទ្ធផលផ្លែផ្កាដ៏ធំធេង ដែលកើតចេញពីចំណងមិត្តភាពរវាងប្រទេសចិននិងកម្ពុជា ជាពិសេស ឯកឧត្តមបានបង្ហាញនូវក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការដាក់បញ្ចូលភាសាចិនទៅក្នុងប្រព័ន្ធអប់រំកម្ពុជាជាផ្លូវការ។ ឯកឧត្តមបានប្តេជ្ញាថា ភាគីចិននឹងបន្តបង្កើតឱកាសសិក្សាបន្ថែមទៀតសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តម វ៉ាង វិនពីន បានសង្កត់ធ្ងន់ថា ភាសាចិនមិនត្រឹមតែជាឧបករណ៍សម្រាប់ការប្រាស្រ័យទាក់ទងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខ្សែចំណងវប្បធម៌ដ៏សំខាន់ក្នុងការថែរក្សាមិត្តភាព ដែលជួយឱ្យសិស្សានុសិស្សអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីអរិយធម៌ចិន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ៖ Li Mengli