中文 English {{ activeLangText || 'Languages' }} {{ item.text }}
ប្រទេសចិននិងកម្ពុជារៀបចំកិច្ចប្រជុំលើកដំបូងនៃយន្តការ កិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ
ខ្មែរ > ខ្លឹមសារ

ប្រទេសចិននិងកម្ពុជារៀបចំកិច្ចប្រជុំលើកដំបូងនៃយន្តការ កិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ

CRI|
分享到Facebook

ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិននិងកម្ពុជាបានរៀបចំឡើងនៅទីក្រុងភ្នំពេញក្រោមសហអធិបតីភាពរបស់លោក  Wang Yi រដ្ឋមន្ត្រីការបរទេសចិន លោក Dong Jun  រដ្ឋមន្រ្តីក្រសួងការពារជាតិចិន លោក សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជានិងលោកទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការខាងនយោបាយ និងសន្តិសុខ ព្រមទាំងស្ថានការណ៍អន្តរជាតិ និងតំបន់ជាដើម ហើយឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយ។

លោក Wang Yi បានថ្លែងថា ប្រឈមមុខនឹងការវិវត្តយ៉ាងលឿននៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំ ប្រទេសចិន និងកម្ពុជាត្រូវមានសាមគ្គីភាពដែលកាន់តែស្អិតល្មួតជាងពេលណាៗទាំងអស់។ ប្រទេសចិនគាំទ្រប្រទេសកម្ពុជា និងប្រទេសថៃក្នុងការអនុវត្តគំនិតឯកភាពរួមនៃកិច្ចប្រជុំត្រីភាគីនៅ Fuxian ហើយរីករាយផ្តល់ជាវេទិកាសម្រាប់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃធ្វើការប្រាស្រ័យទាក់ទងគ្នាកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ ប្រទេសចិននឹងបន្តគាំទ្រប្រទេសម្ពុជាក្នុងការពន្លឿនការស្តារនិងអភិវឌ្ឍ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាបន្តបន្ទាប់។ ប្រទេសចិនរីករាយបន្តផ្តល់ការគាំទ្រខាងមនុស្សធម៌សម្រាប់ការរៀបចំកន្លែងស្នាក់នៅសមរម្យជូនប្រជាជនកម្ពុជានៅតាមព្រំដែន ព្រមទាំងជំរុញគម្រោងសហប្រតិបត្តិការគំរូស្តីពីការកាត់បន្ថយភាពក្រីក្រ។ 

លោក Dong Jun បានថ្លែងថា ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងវិស័យសន្តិសុខយោធា ដើម្បីរួមចំណែកថ្មីនិងកាន់តែធំសម្រាប់ការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

លោកប្រាក់ សុខុនបានថ្លែងថា យន្តការកិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២»រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិកម្ពុជានិងចិនបង្ហាញពីទំនាក់ទំនងស៊ីជម្រៅរវាងកម្ពុជា-ចិន។ ប្រទេសចិន គឺជាមិត្តដែលគួរឱ្យទំនុកចិត្តបំផុតរបស់កម្ពុជា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ចិនមួយ ហើយមានឆន្ទៈធ្វើការជាមួយភាគីចិនដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា-ចិនឱ្យទទូលបានផ្លែផ្កាកាន់តែច្រើន។

លោកទៀ សីហា បានថ្លែងថា ជានិច្ចកាល កម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យដូចជា ការពារជាតិ និងសន្តិសុខជាដើម ហើយរីករាយបូកសរុបបទពិសោធ ប្រមូលផ្តុំកម្លាំងគ្នា ដើម្បីស្វែងរកវិធីសាស្ត្រថ្មីៗសម្រាប់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ ដើម្បីជំរុញទំនាក់ទំនងរវាងកម្ពុជានិងចិនឱ្យទទួលបានការអភិវឌ្ឍកាន់តែធំ៕

ប្រភពពី:国际新闻