
នៅឆ្នាំ ២០២៥ អត្រានៃការអានទូទៅរបស់ប្រជាពលរដ្ឋចិនពេញវ័យបានកើនឡើងជាលំដាប់រហូតដល់ ៨២,៣% ដែលកើនឡើង ០,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។ បរិមាណនៃការអានសៀវភៅបោះពុម្ពនិងសៀវភៅអេឡិចត្រូនិកជាមធ្យមសម្រាប់មនុស្សម្នាក់បានឈានដល់ ៨,៣៩ ក្បាល។
ក្នុងចំណោមប្រជាពលរដ្ឋចិនពេញវ័យ មានប្រជាជន ១៣,៥% បានអានសៀវភៅបោះពុម្ពជាមធ្យម ១០ ក្បាលឬច្រើនជាងនេះក្នុងមួយឆ្នាំ ដែលកើនឡើង ០,៣% បើធៀបនឹងឆ្នាំ២០២៤។ អត្រានៃការអានតាមទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋចិនពេញវ័យមានចំនួន ៧៩% ដែលកើនឡើង ០,៣% បើធៀបនឹងឆ្នាំ ២០២៤។ ចំណែកឯអត្រានៃការប្រើប្រាស់វិធីសាស្ត្រអានតាមបែបឌីជីថលរបស់ប្រជាពលរដ្ឋចិនពេញវ័យវិញ គឺមានរហូតដល់ ៨០,៨%។ ក្នុងនោះដែរ មនុស្សកាន់តែច្រើនឡើងបានជ្រើសរើសការអានតាមរយៈការស្ដាប់និងការទស្សនាវីដេអូសង្ខេបសៀវភៅ។ សមាមាត្រនៃការអានទាំងពីរប្រភេទនេះ បានកើនឡើងពី ៣៨,៥% និង ៥,៧% ក្នុងឆ្នាំ ២០២៤ ដល់ ៣៨,៧% និង ៦,៣% ក្នុងឆ្នាំ ២០២៥។
អត្រានៃការអានសៀវភៅរបស់អនីតិជនចិនមានរហូតដល់ ៨៦,៧% ហើយបរិមាណនៃការអានជាមធ្យមសម្រាប់មនុស្សម្នាក់ គឺ ១១,៧២ ក្បាល។ សន្ទស្សន៍ជាច្រើនមានកម្រិតខ្ពស់ជាងក្រុមមនុស្សពេញវ័យ ដែលបង្ហាញឱ្យឃើញពីសក្ដានុពលនៃការលូតលាស់ផ្នែកស្មារតីរបស់យុវជនជំនាន់ក្រោយ។
លើសពីនេះទៀត គិតត្រឹមដំណាច់ឆ្នាំ ២០២៥ បរិមាណសរុបនៃស្នាដៃអានតាមបែបឌីជីថលរបស់ប្រទេសចិន មានរហូតដល់ ៧០៥៥,៩២ ម៉ឺនចំណងជើង ដែលកើនឡើង ១១,៨៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ បរិមាណស្នាដៃដែលបានចេញទៅកាន់ទីផ្សារក្រៅប្រទេស រួមមាន ស្នាដៃបកប្រែ ស្នាដៃនិពន្ធដើមនៅបរទេស និងសៀវភៅអេឡិចត្រូនិក មានចំនួនសរុប ៩៤,៩២ ម៉ឺនចំណងជើង ដែលកើនឡើង ១៧,៤២%។ ជាមួយគ្នានេះដែរ ក្នុងឆ្នាំ ២០២៥ ទំហំអ្នកប្រើប្រាស់វិធីសាស្ត្រអានតាមបែបឌីជីថលនៅក្នុងប្រទេសចិន មានចំនួន ៦,៨៩ រយលាននាក់ ដែលកើនឡើង ២,៩៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អ្នកបកប្រែ៖ Li Mengli