លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា
CRI|
ថ្ងៃទី ២៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជានៅទីក្រុងញូវយ៉ក។
លោក Wang Yi បានថ្លែងអំណរគុណដល់លោក ប្រាក់ សុខុន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយតាមរយៈវេទិកាដ៏សំខាន់នេះ បញ្ចេញមតិយោបល់របស់កម្ពុជា បង្ហាញពីរូបភាពរបស់កម្ពុជា និងបង្កើនឥទ្ធិពលរបស់កម្ពុជា។ នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងចិន-កម្ពុជារក្សានិន្នាការស្ទុះឡើងយ៉ាងខ្លាំងក្លា។ កិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន និងកម្ពុជាបានធ្វើឡើងដោយជោគជ័យ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាដំឡើងទៅជាយន្តការ "៣+៣" ដែលគ្របដណ្តប់លើផ្នែកការទូត ការពារជាតិ និងសន្តិសុខសាធារណៈ ដែលបង្ហាញពីការជឿទុកចិត្តគ្នាខ្ពស់រវាងទំនាក់ទំនងចិន-កម្ពុជា និងបង្ហាញពីការអភិវឌ្ឍកាន់តែថ្មី និងកាន់តែធំ។ ប្រទេសចិនរីករាយពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសកម្ពុជា រក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់យ៉ាងជិតស្និទ្ធ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យដូចជា ពាណិជ្ជកម្ម ថាមពល ការអនុវត្តច្បាប់ ការតភ្ជាប់គ្នានិងវិស័យផ្សេងទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី៕
ប្រភពពី:国际新闻