中文 English {{ activeLangText || 'Languages' }} {{ item.text }}
ប្រទេសកម្ពុជាបានពន្លឿនការកសាងនិងអភិវឌ្ឍន៍គម្រោងថាមពលថ្មី
ខ្មែរ > ខ្លឹមសារ

ប្រទេសកម្ពុជាបានពន្លឿនការកសាងនិងអភិវឌ្ឍន៍គម្រោងថាមពលថ្មី

គេហទំព័រព័ត៌មានចិន|
分享到Facebook

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី ១៩ ខែឧសភា ម៉ោងក្នុងស្រុក បានរៀបចំកិច្ចប្រជុំជំនាញមួយ ដើម្បីពិនិត្យ និងពិភាក្សាលើពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧។ យោងតាមព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃដដែលនោះ បានឱ្យដឹងថា ក្នុងចំណោមនោះមានគម្រោងវិនិយោគលើវិស័យថាមពលថ្មី ចំនួន ៤ រួមមាន៖ គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ២០០ មេហ្គាវ៉ាត់មួយគម្រោង កម្លាំង ១០០ មេហ្គាវ៉ាត់មួយគម្រោង កម្លាំង ៣០ មេហ្គាវ៉ាត់មួយគម្រោង និងគម្រោងប្រព័ន្ធស្តុកទុកថាមពលថ្មខ្នាតធំ  កម្លាំង ៥០០ មេហ្គាវ៉ាត់មួយគម្រោង។

នេះគឺជាវឌ្ឍនភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូររចនាសម្ព័ន្ធថាមពល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានបន្តជំរុញ និងបង្កើនការវិនិយោគលើវិស័យថាមពលថ្មី ដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងប្រព័ន្ធស្តុកទុកថាមពល ដើម្បីសម្រេចឱ្យបាននូវគោលដៅដែលអាជ្ញាធរបានកំណត់ គឺការបង្កើនចំណែកនៃថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោចណាស់ ៧០% នៃរចនាសម្ព័ន្ធអគ្គិសនីជាតិត្រឹមឆ្នាំ ២០៣០។

កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំនេះ ពិធីបើកការដ្ឋានសាងសង់ស្ថានីយវារីអគ្គិសនីបូមស្តុកថាមពលខ្នាតហ្គីហ្គាវ៉ាត់ដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលវិនិយោគនិងអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន China Heavy Machinery Co., Ltd., ក្រុមហ៊ុន Erzhong (Deyang) Heavy Equipment Co., Ltd. និងក្រុមហ៊ុន Southern Power Grid Yunnan International បានប្រព្រឹត្តទៅនៅក្នុងខេត្តកោះកុង។ នេះក៏ជាគម្រោងស្នូលមួយ ស្ថិតក្នុងបញ្ជីគម្រោងសំខាន់ៗនៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មរវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។

អ្នកជំនាញក្នុងស្រុកបានយល់ឃើញថា ការសាងសង់ និងការដាក់ឱ្យដំណើរការនូវគម្រោងថាមពលថ្មីៗកាន់តែច្រើនឡើង នឹងជួយលើកកម្ពស់បន្ថែមទៀតនូវស្ថិរភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅប្រទេសកម្ពុជា ព្រមទាំងផ្តល់ជាកម្លាំងចលករទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ផងដែរ៕