លោក Xi Jinping ធ្វើកិច្ចជំនួបពិភាក្សាជាមួយលោក Tô Lâm
ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ នៅវិមានប្រជាជនទីក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបពិភាក្សាជាមួយលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពខ្ពស់។ ការគាំពាររបបសង្គមនិយមនិងឋានៈកាន់អំណាចនៃបក្សកុម្មុយនីស្តជាផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមដ៏សំខាន់បំផុតនៃបក្សទាំងពីរ។ ភាគីទាំងពីរគួរពួតដៃគ្នាដើរតាមមាគ៌ាទំនើបកម្ម រួមគ្នាប្រឆាំងនឹងឯកតោភាគីនិយម ការគាំពារនិយម និងរួមគ្នាឆ្លើយតបបញ្ហាប្រឈមសកល។ ឆ្នាំ ២០២៦ ជាខួប ៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន ភាគីចិនមានឆន្ទៈបង្កើនកិច្ចសម្របសម្រួលជាមួយប្រទេសក្នុងតំបន់ ដើម្បីកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ានដែលកាន់តែស្អិតល្មួត។
ជាការឆ្លើយតប លោក Tô Lâm បានថ្លែងថា ភាគីវៀតណាមគាំទ្រនយោបាយចិនមួយ មានឆន្ទៈបង្កើនកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយចិន ដើម្បីគ្រប់គ្រងតំបន់ព្រំដែនគោកឱ្យកាន់តែល្អនិងគាំពារសន្តិភាពនៃដែនសមុទ្រ។ ភាគីវៀតណាមគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលរបស់សមមិត្ត Xi Jinping ហើយមានឆន្ទៈធ្វើការជាមួយចិនដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
បន្ទាប់ពីបញ្ចប់កិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងចិននិងវៀតណាម ក្នុងវិស័យដូចជាអន្តរបក្ស សន្តិសុខសាធារណៈ សេដ្ឋកិច្ច ពន្ធគយ បច្ចេកវិទ្យា និងសង្គមស៊ីវិលជាដើម ព្រមទាំងជួបសំណេះសំណាលជាមួយតំណាងនៃយុវជនប្រទេសទាំងពីរ ដែលទើបបានបញ្ចប់ដំណើរទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្ត្របដិវត្តន៍ក្រហម។
នៅវេលាថ្ងៃត្រង់ថ្ងៃដដែល លោក Xi Jinping និងលោកស្រី Peng Liyuan ជាភរិយា បានរៀបចំពិធីលៀងភោជនាហារចំពោះលោក Tô Lâm និងភរិយានៅវិមានប្រជាជន៕