中文 English {{ activeLangText || 'Languages' }} {{ item.text }}
ការនាំចេញនាំចូលទំនិញរបស់ខេត្តយូណានក្នុងរយៈពេល២ខែដំបូងឆ្នាំនេះកើនឡើង៨,២%
轮播图(柬埔寨语) > ខ្លឹមសារ

ការនាំចេញនាំចូលទំនិញរបស់ខេត្តយូណានក្នុងរយៈពេល២ខែដំបូងឆ្នាំនេះកើនឡើង៨,២%

Yunnan Daily|
分享到Facebook

ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់ខេត្តយូណានសម្រេចបាន ៤១,១៣ ប៊ីលានយាន់ កើនឡើង ៨,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ យោងតាមមន្ត្រីនៃគយក្រុងគុនមិញ បានឱ្យដឹងថា ពាណិជ្ជកម្មក្រៅប្រទេសរបស់ខេត្តយូណានបានរក្សាកំណើនក្នុងរយៈពេល ៤ ត្រីមាស ឬ ១១ ខែជាប់ៗគ្នា។ ចាប់តាំងពីដើមឆ្នាំនេះមក ឧត្តមភាពនៃការនាំចេញកសិកម្មលក្ខណៈពិសេសតំបន់ខ្ពង់រាបរបស់ខេត្តយូណាន នៅតែបន្តរក្សាស្ថិរភាពយ៉ាងរឹងមាំ។ ចាប់ពីខែមករា ដល់ខែកុម្ភៈ ការនាំចេញកសិផលទូទាំងខេត្តសម្រេចបាន ៣,១៩ ប៊ីលានយាន់ កើនឡើង ៨,១% ដែលឈរនៅលំដាប់ថ្នាក់លេខ ១ ក្នុងតំបន់ភាគកណ្តាល និងភាគខាងលិចនៃប្រទេសចិន។ ក្នុងនោះ កសិផលជាង ២០ ប្រភេទ រួមមាន កាហ្វេ ផ្កាស្រស់កាត់ទង ប្លូប៊ឺរី និងផ្សិតម៉ាតស៊ុតាកេ (Matsutake) ជាដើម មានតម្លៃនាំចេញឈរនៅលំដាប់ថ្នាក់លេខ ១ ទូទាំងប្រទេសចិន។ ដោយឡែក ការនាំចេញផ្កាស្រស់កាត់ទងមានចំនួន ១៩០ លានទង កើនឡើងដល់ ៨៣,២%។

តួនាទីគាំទ្រនៃច្រកទ្វារព្រំដែនចំពោះពាណិជ្ជកម្មក្រៅប្រទេសត្រូវបានពង្រឹងបន្ថែមទៀត។ ក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះ ការនាំចេញនាំចូលតាមច្រកទ្វារព្រំដែនទូទាំងខេត្តសម្រេចបាន ៣៥,៧៧ ប៊ីលានយាន់ កើនឡើង ៣៥,៥% ដែលជាការសម្រេចបានកំណើនក្នុងកម្រិតខ្ទង់ដប់រយៈពេល ៥ ខែជាប់ៗគ្នា។ បើមើលលើរចនាសម្ព័ន្ធពាណិជ្ជកម្ម ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនីរបស់ខេត្តយូណានបានកើនឡើងជាង ៤០% ការនាំចេញឱសថបុរាណ និងថ្នាំពេទ្យកើនឡើង ២ ដង និងការនាំចេញគ្រឿងចក្រវិស្វកម្មកើនឡើង ២,២ ដង។ ទន្ទឹមនឹងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នៃរចនាសម្ព័ន្ធនាំចេញ ការផ្គត់ផ្គង់ការនាំចូលក៏មានភាពចម្រុះ និងមានស្ថិរភាពផងដែរ។ ខេត្តយូណានបាននាំចូលទំនិញពី ៩៤ ប្រទេស និងតំបន់ជុំវិញពិភពលោក ដែលក្នុងនោះតម្លៃនាំចូលរ៉ែឡោហៈ គ្រឿងម៉ាស៊ីនទូទៅ និងទំនិញប្រើប្រាស់ សុទ្ធតែមានកំណើនលើសពី ៤០%។

ទិន្នន័យពីគយបានបង្ហាញថា ដៃគូពាណិជ្ជកម្មរបស់ខេត្តយូណានបានពង្រីកខ្លួនរហូតដល់ ២០០ ប្រទេស និងតំបន់ទូទាំងសកលលោក។ ក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះ ការនាំចេញនាំចូលរវាងខេត្តយូណាន ជាមួយប្រទេសមីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ បានកើនឡើងរៀងៗខ្លួនចំនួន ៥៩,៧% ៤៥,៤% ២៤% និង ១១១,៧%។ ចំណែកការនាំចេញនាំចូលជាមួយបណ្តាប្រទេស BRICS បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក និងអាស៊ីកណ្តាល ក៏បានកើនឡើង ៥៦,៦% ១៩៦,៧% និង ៩៨,១% ផងដែរ ដែលបង្ហាញឱ្យឃើញនូវលក្ខណៈពិសេសនៃ ទីផ្សារជុំវិញមានភាពរឹងមាំ និងទីផ្សារថ្មីៗមានការរីកចម្រើនខ្លាំង។

លើសពីនេះទៅទៀត ការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ទូទាំងខេត្ត បានសម្រេចនូវកំណើនវិជ្ជមានរយៈពេល ៦ ខែជាប់ៗគ្នា។ ក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះ ការនាំចេញផលិតផលថាមពលពន្លឺព្រះអាទិត្យ (Photovoltaic) និងរថយន្តអគ្គិសនី បានកើនឡើង ៣៤១,២% និង ៩៩,៤% រៀងគ្នា។ ចំណែកឯបរិក្ខារអគ្គិសនី កុំព្យូទ័រ និងគ្រឿងបន្លាស់ ព្រមទាំងថាមពលអគ្គិសនី ក៏សម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់ផងដែរ ដែលការច្នៃប្រឌិត និងបច្ចេកវិទ្យាបៃតងបានក្លាយជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មក្រៅប្រទេស៕

អ្នកយកព័ត៌មាន៖ Liu Ziyu,Han Chengyuan

អ្នកបកប្រែ៖ លីហ្សា Li Zha