中文 English {{ activeLangText || 'Languages' }} {{ item.text }}
វគ្គបណ្តុះបណ្តាលតំបន់ស្តីពី "កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍថាមពលបៃតងតំបន់ឡានឆាង-មេគង្គ" ត្រូវបានរៀបចំឡើង
ព័ត៌មាន > ខ្លឹមសារ

វគ្គបណ្តុះបណ្តាលតំបន់ស្តីពី "កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍថាមពលបៃតងតំបន់ឡានឆាង-មេគង្គ" ត្រូវបានរៀបចំឡើង

Yunnan Daily|
分享到Facebook

កាលពីពេលថ្មីៗនេះ វគ្គបណ្តុះបណ្តាលតំបន់ស្តីពី "កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍថាមពលបៃតងតំបន់ឡានឆាង-មេគង្គ" ត្រូវបានរៀបចំឡើងដោយជោគជ័យនៅក្នុងទីក្រុងគុនមិញ។ តំណាង និងអ្នកជំនាញបច្ចេកទេសក្នុងវិស័យថាមពលមកពីប្រទេសទាំងប្រាំមួយ រួមមាន ប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានចូលរួមសិក្សា និងផ្លាស់ប្តូរយោបល់គ្នាលើប្រធានបទ "ការសម្រេចបាននូវការអភិវឌ្ឍចីរភាពនៃវិស័យផលិតកម្ម តាមរយៈការជំរុញដោយនវានុវត្តន៍ និងការផ្តល់ថាមពលដោយបច្ចេកវិទ្យាឌីជីថល"។

ក្នុងអំឡុងពេលបណ្តុះបណ្តាលរយៈពេល ១០ ថ្ងៃ អ្នកជំនាញបានផ្តល់បទបង្ហាញជុំវិញប្រធានបទសំខាន់ៗដូចជា "លទ្ធភាពនៃបច្ចេកវិទ្យាបញ្ជូនចរន្តអគ្គិសនីតង់ស្យុងខ្ពស់បំផុត (UHV) របស់ប្រទេសចិនក្នុងការតភ្ជាប់បណ្តាញអគ្គិសនីក្នុងតំបន់" និង "ថាមពលថ្មី និងកសិកម្មចីរភាព ជនបទ និងកសិករចីរភាព" ជាដើម។ សិក្ខាកាមទាំងអស់ក៏បានចូលរួមក្នុងពិធីបើក "សប្តាហ៍ឡានឆាង-មេគង្គ" ឆ្នាំ ២០២៦ នៃខេត្តយូណាន និងបានចុះទៅទស្សនកិច្ចផ្ទាល់នៅសហគ្រាសថាមពលជាច្រើនក្នុងខេត្តយូណាន ដើម្បីពិនិត្យមើលការប្រតិបត្តិការ និងការថែទាំស្ថានីយថាមពលពន្លឺព្រះអាទិត្យ ដំណើរការផលិតឧបករណ៍ថាមពលថ្មី និងគំរូប្រតិបត្តិការគម្រោងថាមពលក្នុងតំបន់ ដែល នេះបានជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីសមិទ្ធិផលនៃការអភិវឌ្ឍឧស្សាហកម្មថាមពលបៃតងរបស់ប្រទេសចិន។

បើតាមការបញ្ជាក់ពីអ្នកទទួលបន្ទុកនៃវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តយូណាន ដែលជាអ្នករៀបចំកម្មវិធីមួយរូប បានឱ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែអនុញ្ញាតឱ្យសិក្ខាកាមមកពីប្រទេសទាំងប្រាំមួយ (ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ផ្លាស់ប្តូរ និងចែករំលែកបច្ចេកវិទ្យាទំនើបៗ និងបទពិសោធន៍គ្រប់គ្រងក្នុងវិស័យថាមពលបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការយល់ឃើញរួមគ្នាយ៉ាងទូលំទូលាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់ឡានឆាង-មេគង្គផងដែរ។ នាពេលអនាគត វគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាកាលានុវត្តភាពក្នុងការបន្តកសាងវេទិកាចែករំលែក និងបើកចំហសម្រាប់ថាមពលបៃតងឡានឆាង-មេគង្គ ពង្រឹងទំនាក់ទំនងជាក់ស្តែងរវាងបណ្តាប្រទេសនានា បង្កើតច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការថាមពលបៃតងឡានឆាង-មេគង្គ និងជំរុញកិច្ចសហប្រតិបត្តិការថាមពលឆ្លងតំបន់នៃប្រទេសទាំងប្រាំមួយឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត៕

អ្នកយកព័ត៌មាន៖ Ji Zheng

អ្នកបកប្រែ៖លីហ្សា Li Zha