ម្នាក់ឯងក៏អាចធ្វើបាន៖ ការប្រើប្រាស់ AI ដើម្បីពង្រីកអាជីវកម្មទៅកាន់ទីផ្សារបរទេស
ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែនដោយម្នាក់ឯង កំពុងក្លាយជានិន្នាការថ្មី។ ប៉ុន្តែតាមពិតទៅ "ក្រុមហ៊ុនដែលមានមនុស្សម្នាក់" (One Person Company) មិនមែនមានន័យថាមានមនុស្សតែម្នាក់គត់នោះទេ ប៉ុន្តែវាសំដៅទៅលើក្រុមហ៊ុនដែលដឹកនាំដោយបុគ្គលស្នូលម្នាក់ ដោយពឹងផ្អែកលើភ្នាក់ងារឆ្លាតវៃ AI (AI Agents) រួមជាមួយបុគ្គលិកជំនួយក្នុងចំនួនតិចតួច និងការជួលសេវាកម្មពីខាងក្រៅដើម្បីដំណើរការអាជីវកម្ម។
ទិន្នន័យបានបង្ហាញថា នៅក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែនទាំងមូល ទំហំប្រតិបត្តិការអាជីវកម្មជាលក្ខណៈបុគ្គលកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស។ តួលេខដែលច្បាស់បំផុតបានបញ្ជាក់ថា៖ យោងតាមគេហទំព័រ "ខ្សែក្រវាត់ និងផ្លូវ" ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ការនាំចេញទំនិញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់បុគ្គលម្នាក់ៗនៅប្រទេសចិន មានចំនួនសរុប ៨៤,៣៥ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៣៦,៧% បើធៀបនឹងឆ្នាំមុន។

ក្នុងពេលជាមួយគ្នានេះ គំរូសហគ្រិនភាពថ្មីមួយដែលមានឈ្មោះថា OPC (One Person Company) កំពុងតែលេចរូបរាងឡើង។ តំបន់ជាច្រើនក្នុងប្រទេសចិន ថែមទាំងបានចាប់ផ្តើមយុទ្ធនាការដណ្តើមយក "ក្រុមហ៊ុនឯកបុគ្គល" ទាំងនេះទៀតផង។ ទីក្រុងហាងចូវ បានត្រៀមថវិកាពិសេសចំនួន ១០០ លានយាន់ក្នុងមួយឆ្នាំ ដោយមានគោលដៅសាងសង់សហគមន៍ OPC ចំនួន ១០ កន្លែង បណ្តុះបណ្តាលសហគ្រាស AI ចំនួន ១០០ និងប្រមូលផ្តុំសហគ្រិន OPC ចំនួន ១០០០ នាក់ឱ្យបានត្រឹមឆ្នាំ ២០២៦។ ចំណែកទីក្រុងហឺហ្វេ បានបង្កើតកន្លែងសម្រាប់សហគ្រិន OPC ដំបូងគេបង្អស់នៅក្នុងក្រុង ដោយផ្តល់នូវសេវាកម្មអេកូឡូស៊ីច្រកចេញចូលតែមួយ រួមមាន៖ ទីតាំង កម្លាំងគណនា (Computing Power) ទិន្នន័យ មូលធន បរិបទអាជីវកម្ម និងគោលនយោបាយគាំទ្រ។ រីឯទីក្រុងឆេងតោវិញ បានបង្កើតតំបន់ឧស្សាហកម្មឯកទេស OPC ចំនួន ១៦ កន្លែង ដោយផ្តល់សេវាកម្មសហគ្រិនទៅតាមលក្ខណៈពិសេសនៃតំបន់នីមួយៗ ចាប់ពីវិស័យអូឌីយ៉ូ-វីដេអូ រឿងភាគខ្នាតខ្លី អ៊ីនធឺណិតឧស្សាហកម្ម ឧបករណ៍ពាក់កណ្តាលចម្លង (Semiconductor) រហូតដល់រថយន្តថាមពលថ្មី។
យោងតាមរបាយការណ៍របស់សមាគមអ្នកមានសមត្ថភាព Zhongguancun ការចែកចាយឧស្សាហកម្មនៃក្រុមហ៊ុនឯកបុគ្គលនៅក្នុងប្រទេសចិន បង្ហាញពីលក្ខណៈពិសេសពីរយ៉ាងគឺ៖ ការប្រមូលផ្តុំខ្លាំងនៅក្នុងវិស័យសេវាកម្ម និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចឌីជីថល។ ក្នុងនោះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានក្លាយជាវិស័យរងធំជាងគេរបស់ OPC ដែលមានចំណែកដល់ទៅ ១៦,៤៩%។ គំរូអាជីវកម្មដូចជា ពាណិជ្ជកម្មឆ្លងដែន ការលក់ទំនិញដោយមិនស្តុកទុក (Dropshipping) និងការប្រតិបត្តិការក្នុងបណ្តាញឯកជន (Private Domain Operations) សុទ្ធតែមានប្រសិទ្ធភាពការងារកើនឡើងយ៉ាងខ្លាំង។ តាមរយៈការប្រើប្រាស់ឧបករណ៍ដូចជា មនុស្សឌីជីថល AI (AI Digital Humans) ក្រុមហ៊ុនឯកបុគ្គលក្នុងវិស័យពាណិជ្ជកម្មឆ្លងដែន អាចសម្រេចបាននូវលទ្ធផល "កាត់បន្ថយថ្លៃដើមពលកម្ម ៧០% និងបង្កើនការលក់បានដល់ទៅ ៣០០%"។

ទិន្នន័យពី Shopify បានបង្ហាញថា កាលពីអំឡុងឆ្នាំ ២០២០ អត្រានៃការប្រើប្រាស់ AI ក្នុងវិស័យពាណិជ្ជកម្មឆ្លងដែនមានតិចជាង ១០% ប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីការចេញផ្សាយ ChatGPT ក្នុងឆ្នាំ ២០២២ ខ្សែកោងនៃការប្រើប្រាស់បានចាប់ផ្តើមហក់ឡើងយ៉ាងខ្លាំង។ នៅឆ្នាំ ២០២៤ អត្រានៃការប្រើប្រាស់ AI ក្នុងវិស័យនេះបានឈានដល់ ៧២% ហើយនៅដើមឆ្នាំ ២០២៦ វាបានបន្តកើនឡើងដល់ ៧៨%។
របាយការណ៍ឆ្នាំ ២០២៥ របស់ McKinsey បានចង្អុលបង្ហាញថា នាពេលអនាគត ក្រុមការងារគំរូមួយអាចនឹងមានសមាជិកស្នូលត្រឹមតែ ២ ទៅ ៥ នាក់ប៉ុណ្ណោះ ប៉ុន្តែអាចគ្រប់គ្រងភ្នាក់ងារ AI ពី ៥០ ទៅ ១០០ ក្នុងពេលតែមួយ។ ដើមទុនក្នុងការចាប់ផ្តើមអាជីវកម្មក៏មានកម្រិតទាបមិនធ្លាប់មានពីមុនមក ដោយ ៩០% នៃសហគ្រិន OPC ប្រើប្រាស់ដើមទុនដំបូងតិចជាង ៥០០ ដុល្លារអាមេរិក។ មនុស្សម្នាក់ និងកុំព្យូទ័រមួយគ្រឿង គឺអាចបំពេញដំណើរការការងារទាំងមូល ចាប់តាំងពីការរចនាផលិតផល ការសរសេរកូដ រហូតដល់ការផ្សព្វផ្សាយទីផ្សារ៕
អ្នកបកប្រែ៖លីហ្សា Li Zha