ម៉ូតូអគ្គិសនីចិនពន្លឿនការនាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍
ដោយសារទទួលឥទ្ធិពលនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលបណ្តាលឱ្យតម្លៃប្រេងអន្តរជាតិបន្តហក់ឡើងខ្ពស់ ថ្លៃដើមនៃការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនបានកើនឡើងយ៉ាងខ្លាំង។ បូករួមជាមួយគោលនយោបាយរឹតត្បិតម៉ូតូប្រើសាំង និងការជំរុញឱ្យប្រើប្រាស់យានយន្តអគ្គិសនីដែលទើបនឹងដាក់ចេញនាពេលថ្មីៗនេះ តម្រូវការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់កំពុងផ្លាស់ប្តូរយ៉ាងលឿនទៅរកម៉ូតូអគ្គិសនី។ ជាក់ស្តែង ការលក់ម៉ូតូអគ្គិសនីនៅក្នុងប្រទេសវៀតណាម និងកម្ពុជា បានហក់ឡើងយ៉ាងខ្លាំងក្នុងខែមីនា ហើយម៉ូតូអគ្គិសនីចិនកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។

ប្រទេសកម្ពុជា
យោងតាមការចុះផ្សាយរបស់កាសែត Khmer Times បានឱ្យដឹងថាប្រទេសកម្ពុជាកំពុងឈានចូលដល់យុគសម័យនៃម៉ូតូអគ្គិសនី។ ការរអាក់រអួលនៃការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស (Hormuz) បានបង្កឱ្យមានការប្រែប្រួលក្នុងទីផ្សារប្រេងសកល ដែលជះឥទ្ធិពលផ្ទាល់ដល់តំបន់អាស៊ីដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងតាមច្រកនេះ ដែលធ្វើឱ្យតម្លៃប្រេងនៅប្រទេសកម្ពុជាហក់ឡើងខ្ពស់។ ប្រទេសកម្ពុជាប្រើប្រាស់ប្រេងជាមធ្យម ៧៣៥០០ បារ៉ែលក្នុងមួយថ្ងៃ ដែលក្នុងនោះប្រហែល ១/៣ ត្រូវបានប្រើប្រាស់សម្រាប់ម៉ូតូ។ ក្នុងនាមជាមធ្យោបាយធ្វើដំណើរចម្បងរបស់ប្រជាពលរដ្ឋ ការប្តូរមកប្រើម៉ូតូអគ្គិសនីបានក្លាយជាចំណុចគន្លឹះក្នុងការកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ។ កាលពីឆ្នាំមុន ការលក់ម៉ូតូអគ្គិសនីទូទាំងពិភពលោកមានប្រហែល ១០ លានគ្រឿង ដែលភាគច្រើនប្រមូលផ្តុំនៅអាស៊ី ហើយការប្រើប្រាស់ថាមពលអគ្គិសនីបានក្លាយជាជម្រើសចម្បងសម្រាប់ការធ្វើដំណើរក្នុងប្រទេសជាច្រើន ខណៈដែលប្រទេសកម្ពុជាក៏កំពុងពន្លឿនការដើរឱ្យទាន់និន្នាការនេះផងដែរ។
ប្រទេសវៀតណាម
តាមការរាយការណ៍របស់ VnExpressតម្លៃសាំងដែលកើនឡើងខ្ពស់បានធ្វើឱ្យការលក់ម៉ូតូអគ្គិសនីនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ កើនឡើងយ៉ាងខ្លាំង។ ទោះជាម៉ាកយីហោចិន Yadeaឬម៉ាកក្នុងស្រុករបស់វៀតណាមដូចជា VinFastនិង Dat Bike ក៏ដោយ សុទ្ធតែមានអតិថិជនចូលសាកសួរ និងមានការបញ្ជាទិញកើនឡើងយ៉ាងខ្លាំង។ ជម្លោះនៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះបានបណ្តាលឱ្យការផ្គត់ផ្គង់ថាមពលសកលមានភាពតានតឹងនិងធ្វើឱ្យតម្លៃប្រេងនៅក្នុងប្រទេសវៀតណាមបន្តហក់ឡើងខ្ពស់ដែលជំរុញឱ្យម៉ូតូអគ្គិសនីក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាមបានចាប់ផ្តើមអនុវត្តវិធានការកាត់បន្ថយការបំភាយឧស្ម័ននៅតាមតំបន់មួយចំនួន។ យោងតាមគោលនយោបាយដែលបានប្រកាសកាលពីរដូវក្តៅមុន ទីក្រុងហាណូយនឹងចាប់ផ្តើមរឹតត្បិតការធ្វើដំណើររបស់ម៉ូតូប្រើសាំងតាមពេលវេលាកំណត់ក្នុងតំបន់ស្នូល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំនេះតទៅ ហើយនឹងពង្រីកវិសាលភាពគ្រប់គ្រងជាបន្តបន្ទាប់ ដែលធ្វើឱ្យម៉ូតូអគ្គិសនីក្លាយជាតម្រូវការចាំបាច់សម្រាប់ការធ្វើដំណើរក្នុងក្រុង។ចំណែករដ្ឋាភិបាលវៀតណាមក៏បានចេញបទបញ្ជាបង្កើនអត្រាប្រើប្រាស់ថាមពលអគ្គិសនីក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យឡើងដល់ ៥០% និងពង្រីកការប្រើប្រាស់ជីវឥន្ធនៈផងដែរ។

ប្រទេសឡាវ
រដ្ឋាភិបាលឡាវកាលពីពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍កាត់បន្ថយថ្លៃចុះបញ្ជី និងថ្លៃសេវាសម្រាប់យានយន្តអគ្គិសនីចំនួន ៣០% និងបង្កើនថ្លៃសេវាពាក់ព័ន្ធសម្រាប់យានយន្តប្រើសាំង។ រដ្ឋាភិបាលក៏បានតម្រូវឱ្យក្រុមហ៊ុនដឹកជញ្ជូនត្រូវមានសមាមាត្រយានយន្តអគ្គិសនីយ៉ាងហោចណាស់ ១០% នៅចុងឆ្នាំ២០២៦ ព្រមទាំងសម្របសម្រួលនីតិវិធីនាំចូលយានយន្តអគ្គិសនី និងពិចារណាដំឡើងពន្ធលើការប្រើប្រាស់រថយន្តប្រើសាំងបន្ថែមទៀត។
នៅពីក្រោយការផ្លាស់ប្តូរពីម៉ូតូប្រើសាំងទៅជាម៉ូតូអគ្គិសនី ក្រៅពីការស្ម័គ្រចិត្តរបស់ប្រជាជនអាស៊ីអាគ្នេយ៍ វាក៏មិនអាចខ្វះបាននូវការជំរុញពីផ្នែកគោលនយោបាយផងដែរ។ ស្ថាប័នវិភាគ Argus របស់ប្រទេសអង់គ្លេសបានចុះផ្សាយនៅថ្ងៃទី ២៤ ខែមីនា ថា ការរអាក់រអួលនៃការផ្គត់ផ្គង់ថាមពលដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា បានជំរុញឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ពន្លឿនការផ្លាស់ប្តូរទៅរកថាមពលអគ្គិសនី ដើម្បីកាត់បន្ថយហានិភ័យថាមពលនាពេលអនាគត។ ក្នុងរយៈពេលខ្លី ប្រទេសទាំងនេះនឹងជំរុញការធ្វើពិពិធកម្មប្រភពនាំចូលថាមពល ប៉ុន្តែក្នុងរយៈពេលវែង ការពន្លឿនការប្រើប្រាស់រថយន្ត ម៉ូតូអគ្គិសនី និងថាមពលកកើតឡើងវិញ គឺជាយុទ្ធសាស្ត្រស្នូលរបស់ពួកគេ។ទោះជាបរិមាណនៃការលក់យានយន្តអគ្គិសនីក្នុងតំបន់នេះបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០២៥រួចទៅហើយក៏សន្ទុះនៃគោលនយោបាយជំរុញនៅតែបន្តបង្កើនភាពខ្លាំងក្លាថែមទៀត។

យោងតាមទិន្នន័យពី KPMG បានបង្ហាញថា ក្នុងចំណោមម៉ូតូអគ្គិសនីដែលកំពុងប្រើប្រាស់ជាទូទៅយ៉ាងលឿននៅអាស៊ីអាគ្នេយ៍ ម៉ូដែលភាគច្រើនលើសលប់គឺជាផលិតផលដែលផលិតនៅប្រទេសចិន ដែលរួមមានទាំងការនាំចូលទាំងមូល និងការផលិតក្រោមម៉ាកយីហោក្នុងស្រុក (OEM)។ ក្នុងចំណោមសហគ្រាសក្នុងស្រុកនៅអាស៊ីអាគ្នេយ៍ មានក្រុមហ៊ុនតិចតួចណាស់ដែលមានសមត្ថភាពស្រាវជ្រាវ និងផលិតគ្រឿងបង្គុំស្នូលដូចជា ម៉ូទ័រ និងអាគុយ។ ហេតុនេះ ខ្សែសង្វាក់ផលិតកម្មនៅតែពឹងផ្អែកលើការនាំចូលគ្រឿងបង្គុំ និងគ្រឿងបន្លាស់សំខាន់ៗពីប្រទេសចិន ដែលជាឱកាសឱ្យសហគ្រាសចិនកំពុងពន្លឿនការវិនិយោគក្នុងទីផ្សារអាស៊ីអាគ្នេយ៍យ៉ាងសកម្ម៕
អ្នកបកប្រែ៖ លីហ្សា Li Zha