ការរិះគន់ពីអន្តរជាតិចំពោះគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្មសកលកាន់តែធ្ងន់ធ្ងរឡើង
នៅថ្ងៃទី ២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Trump បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការសម្រេចចិត្តរបស់លោក ដែលបានប្រកាសកាលពីថ្ងៃមុន ដើម្បីបង្កើនអត្រា "ពន្ធនាំចូលសកល" លើទំនិញដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិកពី ១០%ទៅ ១៥% "មានប្រសិទ្ធភាពភ្លាមៗ"។ លោក Trump បានថ្លែងថា ដោយផ្អែកលើការពិនិត្យឡើងវិញនូវសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក "អត្រាពន្ធលើប្រទេសជាច្រើនជុំវិញពិភពលោក" នឹងកើនឡើងភ្លាមៗពី ១០%ទៅ ១៥%។ រដ្ឋាភិបាលអាមេរិកនឹងកំណត់ និងចេញ "ពន្ធស្របច្បាប់" ថ្មីនៅក្នុងខែខាងមុខ។
ការរិះគន់ក្នុងស្រុកចំពោះពន្ធលើកនេះនៅតែបន្តកើនឡើង ដោយមនុស្សជាច្រើនអះអាងថា វានឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវភាពប្រែប្រួលនៃទីផ្សារ ដែលនៅទីបំផុតត្រូវទទួលរងដោយអ្នកប្រើប្រាស់ និងសហគ្រាសអាមេរិក។ ស្ថានីយទូរទស្សន៍ CNBC បានចង្អុលបង្ហាញថា ការសម្រេចចិត្តពន្ធនេះធ្វើឱ្យទីផ្សារកាន់តែមានការព្រួយបារម្ភ ដែលធ្វើឱ្យអាជីវកម្មស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ ចាប់តាំងពីឆ្នាំ ២០២៥ មក អត្រាពន្ធពិតប្រាកដរបស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរជាង ៦០ ដងហើយ។ ការប្រែប្រួលគោលនយោបាយជាបន្តបន្ទាប់នេះធ្វើឱ្យវាពិបាកសម្រាប់គ្រួសារធម្មតាក្នុងការរៀបចំផែនការថវិការបស់ពួកគេ និងសហគ្រាសក្នុងការកំណត់តម្លៃ ទិញស្តុក ឬពង្រីកប្រតិបត្តិការ។ ភាពមិនប្រាកដប្រជានេះបានក្លាយជាឧបសគ្គដ៏ធំមួយចំពោះការអភិវឌ្ឍសេដ្ឋកិច្ច។
គណៈកម្មការអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២២ដោយបញ្ជាក់ថាការអនុវត្តបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកគឺបង្កគ្រោះថ្នាក់ដល់ការសម្រេចបាននូវពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិក "ដោយយុត្តិធម៌ មានតុល្យភាព និងទៅវិញទៅមក" ដោយទាមទារឱ្យសហរដ្ឋអាមេរិកផ្តល់ការពន្យល់ "ច្បាស់លាស់ពេញលេញ" អំពីវិធានការពន្ធគយចុងក្រោយបំផុត និងព្រមានថាគោលនយោបាយពន្ធគយដែលមិនអាចទាយទុកជាមុនបាននឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តទីផ្សារសកលយ៉ាងធ្ងន់ធ្ងរ។
លោក Carlo Dade នាយកគោលនយោបាយអន្តរជាតិ និងគំនិតផ្តួចផ្តើមអាមេរិកខាងជើងថ្មី នៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា បានថ្លែងថា ការដាក់ពន្ធគយដោយបំពានរបស់សហរដ្ឋអាមេរិក ដោយយកលេសថា គ្រាអាសន្ន កំពុងបង្កការខូចខាតធំជាងពន្ធគយពិតប្រាកដទៅទៀត។ ការគំរាមកំហែងនៃពន្ធគយដែលផ្លាស់ប្តូរឥតឈប់ឈរនេះ នឹងធ្វើឱ្យសហគ្រាសបាត់បង់សមត្ថភាពក្នុងការកែសម្រួលប្រតិបត្តិការរបស់ពួកគេ។
លោក Vinicius Vieira សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៅមូលនិធិ Armando Álvarez-Penteado ក្នុងប្រទេសប្រេស៊ីល ជឿជាក់ថា សកម្មភាពរបស់រដ្ឋបាលលោក Trump មិនស៊ីសង្វាក់គ្នាជាមួយនឹងច្បាប់គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងច្បាប់អង្គការពាណិជ្ជកម្មពិភពលោកទេ។
លោក Chan Chun Sing រដ្ឋមន្ត្រីសម្របសម្រួលសេវាសាធារណៈ និងរដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី បានថ្លែងថា ភាពមិនប្រាកដប្រជាដែលបង្កឡើងដោយពន្ធគយ និងជម្លោះពាណិជ្ជកម្ម នឹងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី។ ប្រសិនបើការវិនិយោគអាជីវកម្មបន្តធ្លាក់ចុះ វាអាចមានផលប៉ះពាល់រយៈពេលវែងយ៉ាងសំខាន់ទៅលើទីផ្សារការងារ។
លោក Kriengkrai Thiennukulប្រធានសហព័ន្ធឧស្សាហកម្មថៃ(FTI)បានមានប្រសាសន៍ថា ឧស្សាហកម្មថៃជាច្រើននឹងរងផលប៉ះពាល់ដោយផ្ទាល់ដោយ "ពន្ធគយនាំចូលសកល" ដែលធ្វើឱ្យចុះខ្សោយនូវសមត្ថភាពប្រកួតប្រជែងនៃឧស្សាហកម្មពាក់ព័ន្ធរបស់ប្រទេសថៃ ស្របពេលដែលតម្រូវការទីផ្សារសកលកំពុងថយចុះ។
លោក Tan Ting Yewប្រធានសមាគមផលិតអគ្គិសនី និងអេឡិចត្រូនិចនៃប្រទេសម៉ាឡេស៊ី បានបង្ហាញថា គោលនយោបាយពន្ធគយពីមុនបាននាំមកនូវភាពមិនប្រាកដប្រជារួចទៅហើយចំពោះផែនការ និងការកំណត់តម្លៃឧស្សាហកម្ម ហើយវិធានការជុំថ្មីបានធ្វើឱ្យបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរឡើង។ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ហើយក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមកាត់បន្ថយផលប៉ះពាល់នៃពន្ធគយដោយធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ពួកគេ និងរចនាឡើងវិញនូវល្បាយផលិតផលរបស់ពួកគេ៕
អ្នកយកព័ត៌មាន៖ Li Zhiwei, Liu Zhonghua, Song Yiran, Bai Yuanqi
អ្នកបកប្រែ៖ Shen Yan(កល្យាណ)