ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ប្រទេសចិនសម្រេចបានជោគជ័យថ្មីៗលើវិស័យជាច្រើន
ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ប្រទេសចិនសម្រេចបាននូវសមិទ្ធិផលថ្មីៗក្នុងវិស័យជាច្រើន រួមទាំងការសាងសង់កប៉ាល់ ថាមពល និងតារាសាស្ត្រជាដើម ហើយគម្រោង និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួនបានរីកចម្រើនគួរឱ្យកត់សម្គាល់។
ប្រទេសចិនសម្រេចបានប្រតិបត្តិការកប៉ាល់កុងតឺន័រគ្មានមនុស្សបើកទាំងស្រុងជាលើកដំបូង
នៅថ្ងៃទី ២១ ខែកុម្ភៈ កប៉ាល់ "Zhifei" ដែលជាកប៉ាល់កុងតឺន័រឆ្លាតវៃដំបូងគេនៅក្នុងប្រទេសចិនដែលបានចូលប្រតិបត្តិការពាណិជ្ជកម្ម បានចតយ៉ាងច្បាស់លាស់នៅស្ថានីយស្វ័យប្រវត្តិនៃកំពង់ផែឈីងតាវក្នុងខេត្តសានតុងដោយប្រើរបៀបរុករកស្វ័យប្រវត្តិគ្មានមនុស្សបើករបស់ខ្លួន។ នេះជាលើកដំបូងដែលប្រទេសចិនសម្រេចបានប្រតិបត្តិការរុករកកប៉ាល់កុងតឺន័រគ្មានមនុស្សបើក ការចត និងប្រតិបត្តិការដោយគ្មានមនុស្សបើកទាំងស្រុង។
កប៉ាល់ "Zhifei" ត្រូវបានបំពាក់ដោយប្រព័ន្ធស្នូលរុករកឆ្លាតវៃដែលបង្កើតឡើងក្នុងស្រុក ហើយជាកប៉ាល់ដឹកទំនិញឆ្លាតវៃដំបូងគេរបស់ប្រទេសចិនដែលត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម។ វាមានទម្រង់បីប្រភេទ៖ ការបើកបរដោយដៃ ការបញ្ជាពីចម្ងាយ និងការរុករកស្វ័យប្រវត្តិគ្មានមនុស្សបើក។
"ធនាគារថាមពលដ៏អស្ចារ្យ(Supercharger)"ដែលជាថាមពលបៃតងក្នុងតំបន់ខ្ពង់រាប ទទួលបានរបកគំហើញដ៏សំខាន់
នៅថ្ងៃទី ២២ ខែកុម្ភៈ ស្ថានីយថាមពលផ្ទុកថាមពលបូមទឹក រាំងហ៊ឺខូវនៅលើទន្លេ យ៉ាឡុងក្នុងខេត្តស៊ីឈួន ដែលជាស្ថានីយថាមពលផ្ទុកថាមពលបូមទឹកចម្រុះធំជាងគេបំផុតនៅលើពិភពលោកដែលកំពុងសាងសង់ សម្រេចបាននូវភាពជោគជ័យដ៏សំខាន់ពីរគឺ ការជីកកកាយរោងចក្រថាមពលត្រូវបានបញ្ចប់ ហើយការចាក់បេតុងបានចាប់ផ្តើមសម្រាប់អាងស្តុកទឹកខាងក្រោម។
បន្ទាប់ពីដំណើរការជាផ្លូវការ ស្ថានីយថាមពលនឹងមានអត្រាលំហូរ ១៥០ម៉ែត្រគូបក្នុងមួយវិនាទី ហើយអាចបំពេញអាងហែលទឹកស្តង់ដារក្នុងរយៈពេលត្រឹមតែ ១៥វិនាទីប៉ុណ្ណោះ។ វានឹងបង្កើតអគ្គិសនីចំនួន ១,៤ពាន់លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំ និងបំពេញតម្រូវការអគ្គិសនីរបស់គ្រួសារចំនួន ៦០ ម៉ឺនសម្រាប់រយៈពេលមួយឆ្នាំ។
បំបែកដែនកំណត់! អ្នកវិទ្យាសាស្ត្រចិនរុករកលំហអាកាសជ្រៅជាមួយគំរូ AI តារាសាស្ត្រ
អ្នកវិទ្យាសាស្ត្រចិន ដោយផ្អែកលើគោលការណ៍អុបទិកកុំព្យូទ័រ និងក្បួនដោះស្រាយបញ្ញាសិប្បនិម្មិត បានបង្កើតគំរូ AI តារាសាស្ត្រមួយហៅថា "Xingyan" ដែលមានសមត្ថភាពដោះសោសញ្ញាសេឡេស្ទាលស្រអាប់ រកឃើញកាឡាក់ស៊ីចម្ងាយជាង ១៣ ពាន់លានឆ្នាំពន្លឺ ព្រមទាំងទទួលបានរូបភាពលំហអាកាសដ៏ជ្រៅបំផុតដែលពិភពលោកទទួលស្គាល់នាពេលបច្ចុប្បន្ន។ សមិទ្ធិផលនេះត្រូវបានបោះពុម្ពផ្សាយតាមអ៊ីនធើណែតនៅក្នុងទស្សនាវដ្តី "វិទ្យាសាស្ត្រ" នៅថ្ងៃទី ២០ ខែកុម្ភៈ។
អ្នកវិទ្យាសាស្ត្រចិនសម្រេចបាននូវរបកគំហើញថ្មីៗក្នុងការទំនាក់ទំនងអុបទិក និង ៦G
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រចិនបានបង្កើតរបកគំហើញថ្មីៗក្នុងការទំនាក់ទំនងអុបទិក និង ៦G ដោយក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលសម្រេចបាននូវការរួមបញ្ចូលគ្នាឆ្លងកាត់បណ្តាញរវាងប្រព័ន្ធទំនាក់ទំនងខ្សែកាបអុបទិក និងខ្សែកាបឥតខ្សែ។ "ប្រព័ន្ធទំនាក់ទំនងរួមបញ្ចូលគ្នានូវខ្សែកាបអុបទិក-ឥតខ្សែ" ដែលបង្កើតឡើងដោយពួកគេបានបំបែកកំណត់ត្រាបញ្ជូនទិន្នន័យ។ សមិទ្ធិផលនេះត្រូវបានបោះពុម្ពផ្សាយតាមអ៊ីនធើណែតនៅក្នុងទស្សនាវដ្តី "ធម្មជាតិ" នៅថ្ងៃទី ១៩ ខែកុម្ភៈ៕
អ្នកបកប្រែ៖ Shen Yan(កល្យាណ)