សកម្មភាពវប្បធម៌ចូលឆ្នាំប្រពៃណីចិនតាមផ្លូវរថភ្លើង ចិន-ឡាវ ក្រោមប្រធានបទ "ធ្វើដំណើរ និងច្រៀងចម្រៀងដោយមានភាពសប្បាយរីករាយ" បានប្រារព្ធដោយជោគជ័យ
នៅថ្ងៃទី ៤ ខែកុម្ភៈ រថភ្លើងល្បឿនលឿនសញ្ញា"ហ្វូសៀង" និងរថភ្លើងល្បឿនលឿនសញ្ញា "ឡានឆាង"បានចេញដំណើរពីស្ថានីយរថភ្លើងគុនមីងខាងត្បូង និងស្ថានីយរថភ្លើងវៀងចន្ទន៍ខាងជើង ដោយធ្វើដំណើរតាមទិសដៅប្រឈមគ្នា ។ នៅលើផ្លូវរថភ្លើង ចិន-ឡាវ ដែលកំពុងធ្វើដំណើរយ៉ាងលឿន សកម្មភាពវប្បធម៌ចូលឆ្នាំប្រពៃណីចិនតាមផ្លូវរថភ្លើង ចិន-ឡាវ ក្រោមប្រធានបទ "ធ្វើដំណើរ និងច្រៀងចម្រៀងដោយមានភាពសប្បាយរីករាយ" ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិក។ សកម្មភាពនេះបានផ្លាស់ប្តូររថភ្លើងទៅជា "បន្ទប់ទទួលភ្ញៀវវប្បធម៌" ដោយចល័ត ហើយចាប់ផ្តើម "ដំណើរទ្វេភាគី"ឆ្លងកាត់ភ្នំ និងទន្លេ។

សកម្មភាពនេះត្រូវបានរៀបចំឡើងដោយផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណានហើយទទួលបន្ទុកអនុវត្តជាក់ស្តែងដោយស្ថានីយវិទ្យុ និងទូរទស្សន៍យូណាន កាសែតយូណានដេលីគ្រុប មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន និងក្រុមហ៊ុន China Railway Kunming Bureau Group Co., Ltd. តាមរយៈការផ្សាយផ្ទាល់ សកម្មភាពនេះបានបង្ហាញការផ្លាស់ប្តូរវប្បធម៌ដ៏អស្ចារ្យទៅកាន់ទស្សនិកជនទូទាំងពិភពលោក ហើយបង្ហាញយ៉ាងច្បាស់អំពីមិត្តភាពដ៏ជ្រាលជ្រៅ និងស្មារតីថ្មីរវាងប្រទេសចិន និងឡាវ។
ក្នុងអំឡុងពេលនៃសកម្មភាពនេះ អ្នកចូលរួម និងសាក្សីជាច្រើននៃការសាងសង់ និងប្រតិបត្តិការផ្លូវរថភ្លើង ចិន-ឡាវ បានចែករំលែករឿងរ៉ាវរបស់ពួកគេ។ កញ្ញា ផឹង ម៉ឺងយូ ជានារីជនជាតិឡាវម្នាក់ ដែលធ្វើការ "ត្រួតពិនិត្យ" រថភ្លើងនៅលើផ្លូវរថភ្លើង ចិន-ឡាវ បាននិយាយថា ការងារថែទាំ និងការត្រួតពិនិត្យគឺទាក់ទងនឹងសុវត្ថិភាពជីវិតរបស់អ្នកដំណើរ ហើយមិនត្រូវមានការធ្វេសប្រហែសឡើយ។ មិនថាអាកាសធាតុក្តៅយ៉ាងណាក៏ដោយ ឬយើងហត់នឿយយ៉ាងណាក៏ដោយ យើងក៏ត្រូវតែធានាថារថភ្លើងដំណើរការប្រកបដោយសុវត្ថិភាពផងដែរ។ នៅឆ្នាំ ២០២៥ ក្នុងអំឡុងពេលបន្តការសិក្សានៅប្រទេសចិន កញ្ញា ផឹង ម៉ឺងយូ បានឃើញព័ត៌មានអំពីការចាប់ផ្តើមសាងសង់នៃគម្រោងផ្លូវរថភ្លើ ចិន-ឡាវ ហើយបានប្តេជ្ញាចិត្តចូលរួមក្នុងគម្រោងនេះ។ ឥឡូវនេះ នាងបានក្លាយជាជាងត្រួតពិនិត្យម៉ាស៊ីនដ៏ឆ្នើមម្នាក់នៅលើផ្នែកឡាវនៃផ្លូវរថភ្លើង ចិន-ឡាវ។
លោក ចាំង បូឡុង ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ឆ្លងដែន ហើយគាត់បានក្លាយជាអ្នកដំណើរទី ៦០ លាននាក់នៅលើផ្លូវរថភ្លើង ចិន-ឡាវ នៅចុងឆ្នាំមុន។ លោកបាននិយាយថា ការចំណាយពេលឆ្លងបុណ្យចូលឆ្នាំចិន និងរីករាយជាមួយការសម្តែងនៅលើរថភ្លើង ដែលធ្វើដំណើរទៅមកជាងមួយរយដង គឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ ក្នុងនាមជាមគ្គុទ្ទេសក៍ទេសចរណ៍ដែលធ្វើដំណើរជាញឹកញាប់រវាងប្រទេសទាំងពីរ លោកបានឃើញផ្ទាល់ភ្នែកនូវការផ្លាស់ប្តូរដ៏ជិតស្និទ្ធ និងរួសរាយរាក់ទាក់រវាងប្រជាជនចិន និងឡាវ។
នៅខាងក្រៅទូរថភ្លើង ភ្នំ និងទន្លេហូរកាត់ រូបភាពទាំងនេះបានក្លាយជាទេសភាពដ៏ស្រស់ស្អាត។ នៅខាងក្នុងទូរថភ្លើង រឿងរ៉ាវដ៏រស់រវើក និងពិតប្រាកដត្រូវបានចែករំលែក ដែលធ្វើឱ្យការស្ថាបនារួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"ដែលមានគុណភាពខ្ពស់ ក្លាយជាអ្វីដែលយើងអាចស្គាល់ អាចដឹង និងកាន់តែមានភាពស្និទ្ធស្នាល។ ផ្លូវរថភ្លើង ចិន-ឡាវ មិនត្រឹមតែជាសរសៃឈាមដឹកជញ្ជូនរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានមិត្តភាពដែលភ្ជាប់បេះដូងរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែកុម្ភៈ សកម្មភាពវប្បធម៌បុណ្យចូលឆ្នាំចិន "ឆ្ពោះទៅមុខ" ក៏ត្រូវបានធ្វើឡើងនៅក្នុងប្រទេសឡាវ និងប្រ៊ុយណេផងដែរ រួមទាំងកិច្ចប្រជុំផឹកតែយូណាន ការតាំងពិព័រណ៍សៀវភៅតាមប្រធានបទ ការសន្ទនាវប្បធម៌និងទេសចរណ៍ និងការតាំងពិព័រណ៍ម្ហូបអាហារជាដើម។ សកម្មភាពទាំងនេះបានបន្តប្រើប្រាស់ពិធីបុណ្យចូលឆ្នាំចិនជាវេទិកា និងវប្បធម៌ជាមធ្យោបាយមួយដើម្បីបង្កើតភាពសុខដុមរមនានៃការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងរួមគ្នាគូររូបភាពដ៏ស្រស់ស្អាតនៃដំណើរឆ្ពោះទៅមុខជាមួយគ្នា៕
អ្នកបកប្រែ៖Shen Yan(កល្យាណ)