បទវិភាគ៖ ហេតុអ្វីបានជាភាពទាក់ទាញរបស់ប្រទេសចិននៅអាស៊ីអាគ្នេយ៍កំពុងកើនឡើង
របាយការណ៍《ស្ថានភាពអាស៊ីអាគ្នេយ៍៖ ២០២៦》ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ យូសូហ្វ អ៊ីសាក់ របស់ប្រទេសសិង្ហបុរី បានបង្ហាញថា អ្នកឆ្លើយតបមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍កាន់តែច្រើនឡើង មានសេចក្តីរំពឹងទុកចំពោះការវិវត្តនៃទំនាក់ទំនងរវាងប្រទេសរបស់ខ្លួន និងប្រទេសចិន ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ សម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រទេសចិននៅតែបន្តត្រូវបានចាត់ទុកថាជាប្រទេសមានឥទ្ធិពលបំផុតទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយក៏ជាដៃគូសន្ទនាមួយដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្របំផុតរបស់អាស៊ានផងដែរ។ នៅក្នុងបរិបទដែលភាពមិនច្បាស់លាស់នៃបរិយាកាសខាងក្រៅកំពុងកើនឡើង កម្លាំងឥទ្ធិពលនិងភាពទាក់ទាញរបស់ប្រទេសចិននៅអាស៊ីអាគ្នេយ៍បានបន្តពង្រឹង ហើយប្រទេសចិនកំពុងក្លាយជាដៃគូដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់។
ការកើនឡើងនៃភាពទាក់ទាញរបស់ប្រទេសចិននៅអាស៊ីអាគ្នេយ៍ ជាដំបូងកើតចេញពីការយល់ដឹងបែបជាក់ស្តែងនិយម និងការវិនិច្ឆ័យប្រកបដោយហេតុផលរបស់បណ្តាប្រទេសក្នុងតំបន់ ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។ របាយការណ៍បានបង្ហាញថា ហេតុផលចម្បងដែលអ្នកឆ្លើយតបជឿទុកចិត្តលើប្រទេសចិន គឺដោយសារពួកគេយល់ថា ប្រទេសចិនមានធនធានសេដ្ឋកិច្ចគ្រប់គ្រាន់ និងឆន្ទៈនយោបាយយ៉ាងមុតមាំ ដែលអាចដើរតួនាទីជាមេដឹកនាំសកលប្រកបដោយវិជ្ជមាន។
គោលនយោបាយការបរទេសដែលមានស្ថិរភាពយូរអង្វែងរបស់ប្រទេសចិន គុណសម្បត្តិធម្មជាតិនៃភូមិសាស្ត្រដែលនៅជាប់តំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងការចូលរួមជាបន្តបន្ទាប់ក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ ក៏ជាកត្តាសំខាន់ដែលធ្វើឱ្យភាពទាក់ទាញរបស់ប្រទេសចិនកើនឡើងផងដែរ។ ប្រទេសចិននិងអាស៊ានរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ បានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ហើយបានចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការពហុភាគីដែលដឹកនាំដោយអាស៊ានជាយូរមកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន បានបន្តពង្រឹងនិងពង្រីកឱ្យកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរបានរក្សាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការតាមយន្តការប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ ក្រោមក្របខណ្ឌនានាដូចជា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ជាដើម ដែលបានបង្កើតមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។

អ្វីដែលសំខាន់ជាងនេះទៀតនោះគឺ ប្រទេសចិនបានបង្ហាញនូវសមត្ថភាពអនុវត្តដ៏ខ្លាំងក្លាក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់អាស៊ីអាគ្នេយ៍ ហើយទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជននៃអាស៊ីអាគ្នេយ៍ ក្នុងការថែរក្សាពាណិជ្ជកម្មសេរី និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ បច្ចុប្បន្ននេះ ភាពតានតឹងផ្នែកភូមិសាស្ត្រសេដ្ឋកិច្ចកំពុងបន្តផ្ទុះឡើង ហើយភាពមិនច្បាស់លាស់នៃបរិយាកាសពាណិជ្ជកម្មសកលបានកើនឡើងយ៉ាងខ្លាំង។ ការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិតកំណែ ៣,០ នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ត្រូវបានអាស៊ានចាត់ទុកថាជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការកសាងបរិយាកាសអាជីវកម្មដែលអាចទុកចិត្តបាន មានស្ថិរភាព និងអាចប៉ាន់ស្ថានទុកជាមុនបាន។
ក្រៅពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសចិននិងអាស៊ានក៏បានបន្តពង្រីក និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានាដូចជា អភិបាលកិច្ចឌីជីថល សុខាភិបាលសាធារណៈ ការកាត់បន្ថយនិងសង្រ្គោះគ្រោះមហន្តរាយ ការកសាងសមត្ថភាពអាកាសធាតុ ការអប់រំ ទេសចរណ៍ ទីក្រុងឆ្លាតវៃ និងកសិកម្មជាដើម។ ចលនាធ្វើដំណើរទៅមករបស់ប្រជាជននៃភាគីទាំងពីរបានស្តារឡើងវិញជាលំដាប់ ហើយកម្មវិធីនានាដូចជា អាហារូបករណ៍ ការផ្លាស់ប្តូរយុវជន ក៏បានបន្តអនុវត្តជាបន្តបន្ទាប់ផងដែរ។
សរុបមក ការកើនឡើងនៃភាពទាក់ទាញរបស់ប្រទេសចិននៅអាស៊ីអាគ្នេយ៍ គឺកើតចេញពីទិសដៅគោលនយោបាយដែលមានស្ថិរភាពនិងបន្តបន្ទាប់គ្នា គុណសម្បត្តិធម្មជាតិនៃភូមិសាស្ត្រជិតខាង និងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃកិច្ចសហប្រតិបត្តិការតាមយន្តការ ហើយសំខាន់ជាងនេះទៀតគឺបានមកពីសមិទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ដរាបណាភាគីទាំងពីរបន្តគោរពផ្តួចផ្តើមគំនិតដើមនៃមិត្តភាពជិតខាងល្អ ការផ្តល់ប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ និងការបើកចំហរួមគ្នា ព្រមទាំងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងពង្រីកលំហសម្រាប់កិច្ចសហប្រតិបត្តិការ នោះប្រាកដជាអាចបញ្ចូលនូវភាពប្រាកដប្រជាកាន់តែច្រើនសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៅក្នុងតំបន់៕
(អ្នកនិពន្ធគឺជាប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ាន និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ យូសូហ្វ អ៊ីសាក់របស់ប្រទេសសិង្ហបុរី)