ភាគីចិនអំពាវនាវឱ្យគ្រប់ភាគីចូលរួមយ៉ាងសកម្មក្នុងការបង្កើតសម្ព័ន្ធភាពអន្តរជាតិប្រឆាំងការឆបោកអនឡាញ រួមគ្នា
People's Daily|
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា សន្និសីទកំពូលប្រឆាំងការឆបោកសកលឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវីយែន ប្រទេសអូទ្រីស។
តំណាងក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន បានថ្លែងសុន្ទរកថាក្រោមប្រធានបទ "ការផ្លាស់ប្តូរស្ថានការណ៍ — ពីការប្តេជ្ញាចិត្តឈានទៅដល់សកម្មភាព" ដោយបានបង្ហាញពីសមិទ្ធផលលេចធ្លោរបស់ប្រទេសចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ ដើម្បីបង្ក្រាបបទល្មើសឆបោកអនឡាញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនោះ ភាគីចិនបានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការរួមដៃជាមួយគ្រប់ភាគី ដើម្បីបង្ក្រាបបទល្មើសឆបោកឆ្លងដែនឱ្យបានតឹងរ៉ឹងបំផុត និងបានផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅជាមួយតំណាងដែលចូលរួម អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃបទល្មើសឆបោក ករណីជោគជ័យនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ ការប្រមូលភស្តុតាង និងការស្រង់យកភស្តុតាងអេឡេត្រូនិក ក៏ដូចជាការបង្កើតវេទិកាកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិផងដែរ។

ក្នុងអំឡុងពេលសន្និសីទ ក្រសួងសន្តិសុខសាធារណៈចិន ក៏បានរៀបចំព្រឹត្តិការណ៍អមក្រោមប្រធានបទ "រួមគ្នាបង្កើតសម្ព័ន្ធភាពអន្តរជាតិប្រឆាំងការឆបោកអនឡាញ" និងការតាំងពិព័រណ៍ក្រោមប្រធានបទ "បទពិសោធន៍ជោគជ័យរបស់ចិនក្នុងការបង្ក្រាប និងគ្រប់គ្រងការឆបោកអនឡាញ" ដើម្បីបង្ហាញពីប្រសិទ្ធភាពការងារ និងចែករំលែកបទពិសោធន៍ ក៏ដូចជាវិធីសាស្ត្រអនុវត្តរបស់ចិន។ ភាគីចិនបានអំពាវនាវឱ្យគ្រប់ភាគីចូលរួមយ៉ាងសកម្មក្នុងការបង្កើតសម្ព័ន្ធភាពអន្តរជាតិ ដើម្បីកសាងយន្តការថ្មីមួយក្នុងការបង្ក្រាបបទល្មើសឆ្លងដែន ដែលមានលក្ខណៈឈ្នះ-ឈ្នះ ការងារជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សន្និសីទកំពូលប្រឆាំងការឆបោកសកលនេះ រៀបចំឡើងរួមគ្នាដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទល្មើស (UNODC) និងអង្គការប៉ូលីសអន្តរជាតិ (INTERPOL) ដែលជាសន្និសីទមានឥទ្ធិពលបំផុតមួយក្នុងវិស័យបង្ក្រាបបទល្មើសឆបោកជាសកល ដោយមានតំណាងជាង ១៣០០ នាក់ មកពី ១២៤ ប្រទេស តំបន់ និងអង្គការអន្តរជាតិនានាចូលរួម៕
អ្នកបកប្រែ៖ លីហ្សា Li Zha