ចំនួនអ្នកដំណើរតាមផ្លូវរថភ្លើងចិន-ឡាវ សម្រេចបានសន្ទុះថ្មី ដោយកើនឡើងលើស ៧០ លាននាក់
CCTV|
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CCTV នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតចាប់តាំងពីការដាក់ឱ្យដំណើរជាផ្លូវការមកទល់ពេលនេះ ខ្សែរថភ្លើងចិន-ឡាវ បានសម្រេចសមិទ្ធផលដ៏លេចធ្លោមួយ ដោយបានដឹកជញ្ជូនអ្នកដំណើរប្រមាណជាង ៧០ លាននាក់។

ផ្អែកតាមទិន្នន័យចុងក្រោយ ការរីកចម្រើននៃខ្សែរថភ្លើងនេះត្រូវបានបែងចែកតាមផ្នែកសំខាន់ៗដូចខាងក្រោម៖
ផ្នែកក្នុងប្រទេសចិន៖ ចំនួនជើងរថភ្លើងដឹកអ្នកដំណើរជាមធ្យមប្រចាំថ្ងៃ បានកើនឡើងយ៉ាងខ្លាំងពី ៨ ជើង ក្នុងដំណាក់កាលដំបូង ដល់ចំនួនច្រើនបំផុត ៨៦ ជើង ក្នុងមួយថ្ងៃ។ គិតជាសរុប អ្នកដំណើរក្នុងផ្នែកនេះមានចំនួនប្រមាណជាង ៥៧,១ លាននាក់។
ផ្នែកក្នុងប្រទេសឡាវ៖ ចំនួនជើងរថភ្លើងជាមធ្យមប្រចាំថ្ងៃ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ពី ៤ ជើង ក្នុងដំណាក់កាលដំបូង ដល់ ១៨ ជើងក្នុងមួយថ្ងៃ។ ចំពោះរថភ្លើងល្បឿនធម្មតា ត្រូវបានពង្រីកសមត្ថភាពដឹកជញ្ជូនរហូតដល់ជាង ១០ ជើង ដែលនាំឱ្យចំនួនអ្នកដំណើរក្នុងផ្នែកនេះកើនឡើងដល់ជាង ១២,៩ លាននាក់។
សន្ទុះនៃអ្នកដំណើរប្រចាំខែក្នុងប្រព័ន្ធទាំងមូល ក៏បានបង្ហាញពីការកើនឡើងឥតឈប់ឈរផងដែរ ពោលគឺកើនពី ៦០០,០០០ នាក់ ក្នុងដំណាក់កាលដំបូង ដល់កម្រិតខ្ពស់បំផុត ២,២៥ លាននាក់ ក្នុងមួយខែ។ សមិទ្ធផលនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន។

អ្វីដែលកាន់តែពិសេសនោះគឺ ជើងរថភ្លើងឆ្លងដែនអន្តរជាតិបានដំណើរការសរុបជាង ៣,១០០ ជើង។ សមត្ថភាពដឹកជញ្ជូនអ្នកដំណើរឆ្លងដែនក្នុងមួយជើងៗ បានកើនឡើងពី ២៥០ កៅអី ដល់ ៤២០ កៅអី។ ចំនួនអ្នកដំណើរចេញ-ចូល តាមច្រកទ្វារអន្តរជាតិក្នុងមួយថ្ងៃ កើនឡើងពី ៣០០ នាក់ ដល់អតិបរមាជាង ១,៦០០ នាក់។ គិតមកទល់ពេលនេះ មានអ្នកដំណើរប្រមាណ ៧៨០,០០០ នាក់ មកពីជាង ១២០ ប្រទេស និងតំបន់ជុំវិញពិភពលោក បានជិះរថភ្លើងឆ្លងដែននេះដើម្បីធ្វើដំណើរទេសចរណ៍ និងធុរកិច្ច៕
អ្នកយកព័ត៌មាន៖ Wu Changwei
អ្នកបកប្រែ៖ លីហ្សា Li Zha