中文 English {{ activeLangText || 'Languages' }} {{ item.text }}
ខេត្តយូណានបន្តជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឱ្យកាន់តែស៊ីជម្រៅ
轮播图(柬埔寨语) > ខ្លឹមសារ

ខេត្តយូណានបន្តជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឱ្យកាន់តែស៊ីជម្រៅ

Yunnan Daily|
分享到Facebook

ឆ្នាំនេះគឺជាខួបលើកទី១០នៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូង។ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះខេត្តយូណាននិងបណ្តាប្រទេសតាមដងទន្លេមេគង្គបានបន្តពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយប្រើប្រាស់ការបើកចំហយ៉ាងទូលំទូលាយដើម្បីជំរុញ​ការអភិវឌ្ឍដ៏ខ្លាំងក្លានិងចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍វាសនារួមនៃបណ្តាប្រទេសឡានឆាង-មេគង្គ។

ខេត្តយូណានបានជំរុញការតភ្ជាប់គ្នាឱ្យកាន់តែស៊ីជម្រៅដែលក្នុងនោះផ្លូវគោកគុនមីង-បាងកកត្រូវបានតភ្ជាប់ទាំងស្រុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកក្នុងតំបន់​មានការ​រីកចម្រើនយ៉ាងឆាប់រហ័សអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅកម្ពុជាត្រូវបានសាងសង់រួចរាល់និងបានដាក់ឱ្យដំណើរការហើយគម្រោងដំណាក់កាលទី១នៃផ្លូវរថភ្លើងខ្នាតស្តង់ដារចិន-វៀតណាម (ឡាវកាយ-ហាណូយ-ហៃហ្វុង) ក៏បានចាប់ផ្តើមដំណើរការសាងសង់ផងដែរ។

ដោយឡែកផ្លូវរថភ្លើងចិន-ឡាវក្នុងរយៈពេលជាង៤ឆ្នាំនៃការបើកឱ្យដំណើរការផ្លូវរថភ្លើងនេះបានដឹកជញ្ជូនទំនិញសរុបលើសពី៨០លានតោននិងដឹកជញ្ជូនអ្នកដំណើរបានកើនឡើងលើសពី៦៦លាននាក់ដោយវិសាលភាពនៃការដឹកជញ្ជូនទំនិញបានគ្របដណ្តប់ដល់១៩ប្រទេសនិងតំបន់។

ទន្ទឹមនឹងនេះខេត្តយូណានបានខិតខំជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងសកម្មតាមរយៈការរៀបចំ "ពិព័រណ៍ចិន-អាស៊ីខាងត្បូង" និង "វេទិកាកិច្ចសហប្រតិបត្តិការចិន-អាស៊ីខាងត្បូង" ជាដើមដើម្បីបញ្ចេញសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលនិងថាមពលបៃតង។គួររំលឹកផងដែរថាបណ្តាប្រទេសតាមដងទន្លេមេគង្គបានរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំបំផុតទីមួយរបស់ខេត្តយូណានក្នុងរយៈពេលយូរមកហើយ។ក្នុងឆ្នាំ២០២៥ទំហំពាណិជ្ជកម្ម​រវាង​ភាគីទាំងពីរសម្រេចបានប្រមាណ១៦,៦៦ពាន់លានដុល្លារអាមេរិកដែលស្មើនឹង៤៣,៥% នៃទំហំពាណិជ្ជកម្មចេញ-ចូលសរុបរបស់ខេត្តយូណានទាំងមូល។

ខេត្តយូណានបានសហការជាមួយបណ្តាប្រទេសនានាដើម្បីថែរក្សាសុវត្ថិភាពនិងស្ថិរភាពនៃខ្សែទឹកទន្លេតាមរយៈការប្រើប្រាស់អាងស្តុកទឹកនៅផ្នែកខាងលើដើម្បី "បញ្ចេញទឹកនៅរដូវប្រាំងនិងទប់ទឹកនៅរដូវវស្សា" សំដៅរួមគ្នាឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិដូចជាគ្រោះទឹកជំនន់គ្រោះរាំងស្ងួតនិងខ្យល់ព្យុះនៅក្នុងអាងទន្លេ។ទន្ទឹមនឹងនេះការជំរុញកិច្ចសហប្រតិបត្តិការការពារនិងពន្លត់អគ្គិភ័យក្នុងព្រៃតាមព្រំដែនក៏ដូចជាការត្រួតពិនិត្យនិងបង្ការការបំពុលបរិស្ថានឆ្លងដែនត្រូវបានអនុវត្តយ៉ាងសកម្មដើម្បីរួមគ្នាលើកកម្ពស់គុណភាពបរិស្ថានក្នុងតំបន់។

ភាគីទាំងអស់បានរួមគ្នាជំរុញការអភិវឌ្ឍបៃតងនិងកាបូនទាបតាមរយៈការសហការអភិវឌ្ឍនិងប្រើប្រាស់ថាមពលស្អាត។រហូតមកដល់ពេលនេះខ្សែកាបអគ្គិសនី​ឆ្លងដែនចំនួន១៤ខ្សែត្រូវបានសាងសង់រួចរាល់ដោយមានការផ្លាស់ប្តូរថាមពលអគ្គិសនីទៅវិញទៅមកដល់ទៅ៥ពាន់លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំដែលនេះជាការ​រួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះខេត្តយូណាននិងបណ្តាប្រទេសតាមដងទន្លេមេគង្គបានចងសម្ព័ន្ធភាពជា "ទីក្រុងបងប្អូន" ចំនួន៤៧។ខេត្តយូណានតែងតែរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ជារៀងរាល់ឆ្នាំក្រោមប្រធានបទ "One River One Family"។លើសពីនេះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ​ត្រូវបានពង្រឹងកាន់តែស៊ីជម្រៅដោយនៅក្នុងឆ្នាំ២០២៥មាននិស្សិតឆ្នើមជាង៨០០០នាក់មកពីប្រទេសទាំង៥បានមកបន្តការសិក្សានៅខេត្តយូណាន។

ខេត្តយូណានបានបន្តអភិវឌ្ឍទេសចរណ៍ឆ្លងដែននិងបង្ហាញពីភាពទាក់ទាញនៃ "មានការរស់នៅមួយប្រភេទហៅថាយូណាន" ដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន​កុះករ។ក្នុងឆ្នាំ២០២៥ខេត្តយូណានបានទទួលភ្ញៀវទេសចរពីប្រទេសទាំង៥ប្រមាណជាង១លាននាក់។ទន្ទឹមនឹងនេះគម្រោងលើក​កម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​ចំនួនជាង៤០០គម្រោងត្រូវបានអនុវត្តដែលគ្របដណ្តប់លើវិស័យផ្សព្វផ្សាយបច្ចេកទេសកសិកម្មសុខាភិបាលអប់រំវិជ្ជាជីវៈនិងការផ្គត់ផ្គង់ទឹកនៅជនបទ។ជាឧទាហរណ៍៖ការផ្តល់ជំនួយដំឡើងឧបករណ៍ចម្រោះទឹកស្អាតស្វ័យប្រវត្តិចំនួន១គ្រឿង (សមត្ថភាពចម្រោះទឹក២តោនក្នុងមួយថ្ងៃ) នៅវិទ្យាល័យយួនសៃខេត្តហួផាន់ប្រទេសឡាវនិងនៅសាលាធម្មពោធិ៍ខេត្តកំពតប្រទេសកម្ពុជាដែលបានផ្តល់អត្ថប្រយោជន៍ដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាង១៦០០នាក់។សកម្មភាពទាំងនេះ​បានឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅក្នុងនាមជា "គ្រួសារតែមួយ"៕

អ្នកយកព័ត៌មាន៖ Han Chengyuan

អ្នកបកប្រែ៖លីហ្សា Li Zha