中文 English {{ activeLangText || 'Languages' }} {{ item.text }}
ល្ខោនខ្នាតខ្លី និង AI ជួយបំភ្លឺនូវរូបភាពថ្មីនៃការផ្លាស់ប្តូរវិស័យសោតទស្សន៍រវាងប្រទេសចិន និងអាស៊ាន
ព័ត៌មាន > ខ្លឹមសារ

ល្ខោនខ្នាតខ្លី និង AI ជួយបំភ្លឺនូវរូបភាពថ្មីនៃការផ្លាស់ប្តូរវិស័យសោតទស្សន៍រវាងប្រទេសចិន និងអាស៊ាន

គេហទំព័រព័ត៌មានចិន|
分享到Facebook

ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែតុលា សប្តាហ៍សោតទស្សន៍ ចិន-អាស៊ាន លើកទី ៨ បានប្រព្រឹត្តទៅនៅទីក្រុងប៉ៃហៃ តំបន់ស្វយ័តជនជាតិច្វាង ក្វាងស៊ី។ ព្រឹត្តិការណ៍សប្តាហ៍សោតទស្សន៍ ចិន-អាស៊ាន លើកនេះ ត្រូវបានរៀបចំឡើងរួមគ្នាដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិចិន ខុទ្ទកាល័យនាយករដ្ឋមន្ត្រីប្រ៊ុយណេ និងរដ្ឋាភិបាលប្រជាជនតំបន់ស្វយ័តជនជាតិច្វាង ក្វាងស៊ី ប្រទេសចិន។

ក្នុងនាមជាសកម្មភាពសំខាន់មួយនៃសប្តាហ៍សោតទស្សន៍ ចិន-អាស៊ាន ការប្រកួតប្រជែងល្ខោនខ្នាតខ្លី ចិន-អាស៊ាន លើកទី ១ ចាប់តាំងពីចាប់ផ្តើមនៅខែមេសាឆ្នាំនេះមក ទទួលបានស្នាដៃចុះឈ្មោះស្របច្បាប់សរុបចំនួន ១៣៧០ ភាគ។ ក្នុងនោះ ប្រទេសសមាជិកអាស៊ានចំនួន ៥ រួមមាន៖ ប្រទេសឥណ្ឌូនេស៊ី កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងថៃ បានផ្ញើស្នាដៃចូលរួមចំនួន ៤៧ ភាគ។ នៅក្នុងពិធីបើកសម្ពោធនាថ្ងៃទី ១៩ លទ្ធផលនៃការប្រកួតប្រជែងត្រូវបានប្រកាសជាផ្លូវការ។

នៅក្នុងសន្និសីទប្រកាសលទ្ធផលនៃការប្រកួតប្រជែងល្ខោនខ្នាតខ្លី ចិន-អាស៊ាន លើកទី ១ ដែលបានរៀបចំឡើងនាថ្ងៃទី ២០ "របាយការណ៍អភិវឌ្ឍន៍ការផ្សព្វផ្សាយអន្តរជាតិនៃល្ខោនខ្នាតខ្លី ចិន-អាស៊ាន" ត្រូវបានចេញផ្សាយ។ របាយការណ៍នេះបានបញ្ជាក់ថា ទីផ្សារល្ខោនខ្នាតខ្លីរបស់ប្រទេសចិនរក្សាបាននូវការកើនឡើងយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការល្ខោនខ្នាតខ្លីរវាងប្រទេសចិន និងអាស៊ាន ក៏កំពុងបន្តយ៉ាងស៊ីជម្រៅឥតឈប់ឈរ។ ល្ខោនខ្នាតខ្លីរបស់ប្រទេសចិននៅតំបន់អាស៊ាន ភាគច្រើនជាប្រភេទល្ខោនបកប្រែ និងបញ្ចូលសំឡេង ហើយប្រធានបទគ្រប់ប្រភេទសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ អាស៊ានគឺជាតំបន់សំខាន់ សម្រាប់ការផលិតរួមគ្នានិងការធ្វើឱ្យត្រូវតាមតម្រូវការក្នុងស្រុកនៃល្ខោនខ្នាតខ្លីរបស់ប្រទេសចិន ដោយផ្តោតសំខាន់លើប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការតភ្ជាប់ឧស្សាហកម្មក្នុងពេលដំណាលគ្នាផងដែរ ដោយគម្រោងជាង ២០ ត្រូវបានចុះហត្ថលេខារួមគ្នា ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការជុំវិញការផលិតល្ខោនខ្នាតខ្លីរួមគ្នា ជាដើម។

ជុំវិញប្រធានបទ "AI ផ្តល់ថាមពល បង្កើត និងចែករំលែករួមគ្នា" ពិធីបើកសម្ពោធនិងរាត្រីសមោសរ នៃសប្តាហ៍សោតទស្សន៍ ចិន-អាស៊ាន លើកនេះ បានបញ្ចូលនូវធាតុផ្សំវប្បធម៌នៃប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដោយភ្ជាប់យ៉ាងជិតស្និទ្ធជាមួយ "ឌីជីថល + សិល្បៈ" និង "វប្បធម៌ + បច្ចេកវិទ្យា" តាមរយៈទម្រង់នៃការសម្តែងដ៏សម្បូរបែប ដូចជាការសម្តែង 3D ដោយភ្នែកទទេ ជាដើម ដោយបញ្ចូលបច្ចេកវិទ្យាឈានមុខ ដូចជា AI និងការបញ្ចាំងរូបភាពឌីជីថល សម្រាប់ការបញ្ចេញមតិប្រកបដោយច្នៃប្រឌិត ហើយតន្ត្រីករនិងអ្នកចម្រៀងមកពីប្រទេសជាច្រើនបានរួមគ្នាសម្តែងសិល្បៈយ៉ាងអស្ចារ្យ។

ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងផ្លាស់ប្តូរវិធីសាស្ត្រនៃការបង្កើត និងការផ្សព្វផ្សាយខ្លឹមសារសោតទស្សន៍។ ប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិចិន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន ហើយរំពឹងថា ភាគីទាំងពីរនឹងពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសោតទស្សន៍ ការបណ្តុះបណ្តាលបច្ចេកទេស និងកិច្ចសហប្រតិបត្តិការផ្សាយវិទ្យុឌីជីថល ព្រមទាំងចែករំលែកបទពិសោធន៍អនុវត្តន៍ AI ផងដែរ។

សប្តាហ៍សោតទស្សន៍ ចិន-អាស៊ាន លើកទី ៨ ផ្តោតលើការជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជនក្នុងវិស័យសោតទស្សន៍ ក្រុមយុវជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដើម្បីជួយឱ្យកិច្ចសហប្រតិបត្តិការសោតទស្សន៍រវាងភាគីទាំងពីរ ទទួលបានផ្លែផ្កាកាន់តែច្រើន។ ក្នុងនោះ ជុំរុំបង្កើតថ្មីនៃអ្នកផ្សាយបន្តផ្ទាល់យុវជន ចិន-អាស៊ាន ឆ្នាំ ២០២៦ បានបើកជុំរុំនាថ្ងៃទី ១៥ ខែកញ្ញា ដោយមានអ្នកផ្សាយបន្តផ្ទាល់វ័យក្មេងចំនួន ៣១ រូប មកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ាន បានសិក្សាស្រាវជ្រាវតាមផ្លូវពីទីក្រុងណាននីង ទីក្រុងប៉េកាំង និងទីក្រុងបង់ដាស៊េរីបេហ្គាវ៉ាន់ នៃប្រទេសប្រ៊ុយណេ ដើម្បីរៀបរាប់អំពីសាច់រឿងនៃការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសចិន និងអាស៊ាន។ ព្រឹត្តិការណ៍តន្ត្រីបទចម្រៀងល្បី ចិន-វៀតណាម "ច្រៀងបទចម្រៀងមិត្តភាពរួមគ្នា" ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយនៃប្រទេសវៀតណាម ដើម្បីពង្រឹងគ្រឹះនៃការផ្លាស់ប្តូរវប្បធម៌ តាមរយៈការច្រៀងបទចម្រៀងល្បីៗរួមគ្នា៕