中文 English {{ activeLangText || 'Languages' }} {{ item.text }}
ការអភិវឌ្ឍចម្រុះទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសនានា មណ្ឌលស៊ីសាំងប៉ានណាបង្ហាញភាពបើកចំហក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក
ខ្លឹមសារ

ការអភិវឌ្ឍចម្រុះទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសនានា មណ្ឌលស៊ីសាំងប៉ានណាបង្ហាញភាពបើកចំហក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក

គេហទំព័រព័ត៌មានចិន|
分享到Facebook

"មហោស្រពសិល្បៈ មិនត្រឹមតែជាការផ្លាស់ប្តូររវាងសិល្បករនិងសិល្បការិនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយដ៏សំខាន់នៃទូតវប្បធម៌ និងការជំរុញការភ្ជាប់ដួងចិត្តប្រជាជន ហើយការផ្លាស់ប្តូរវប្បធម៌ក៏អាចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ"។ នាពេលថ្មីៗនេះ លោក ឃុន សិរី តំណាងភាគីកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសន៍នៅទីតាំងមហោស្រពវប្បធម៌និងសិល្បៈនៃបណ្តាប្រទេសតាមដងទន្លេឡានឆាង-មេគង្គ លើកទី ១៤។

នាចុងខែតុលា តាមដងទន្លេឡានឆាង ព្រៃភ្នំនៅតែរក្សាបាននូវភាពកក់ក្តៅនិងសំណើមពេញមួយឆ្នាំ។ នៅពេលដែលកម្មវិធីសម្តែងដ៏អស្ចារ្យ នៃបណ្តាប្រទេសឡានឆាង-មេគង្គ បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅមណ្ឌលស្វយ័តជនជាតិតៃ​ ស៊ីសាំងប៉ានណា ខេត្តយូណានព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យដែលបានប្រារព្ធឡើងអស់រយៈពេល ១៤ ឆ្នាំមកនេះ បានក្លាយជាបង្អួចមួយសម្រាប់ពិភពខាងក្រៅសង្កេតមើលមណ្ឌលស៊ីសាំងប៉ានណា។ នៅខាងក្រៅបង្អួចនេះ ភ្នំតែបុរាណដែលគ្របដណ្តប់ដោយអ័ព្ទ គំរូការស្តារជនបទឡើងវិញនៅក្នុងភូមិជនជាតិតៃ និងរថភ្លើងចិន-ឡាវដែលកំពុងបើកបរយ៉ាងលឿនទៅមុខជាដើម បានរួមគ្នាធ្វើឱ្យ "ការធ្វើសមាហរណកម្មចម្រុះ" នៃមណ្ឌលស៊ីសាំងប៉ានណា ផ្លាស់ប្តូរពីការសម្តែងនៅលើឆាក ទៅជាជីវិតប្រចាំថ្ងៃដែលភ្ញៀវទេសចរមកពីបណ្តាប្រទេសនានាអាចធ្វើដំណើរទៅដល់ អាចប៉ះពាល់បាន និងអាចចូលរួមបាន។

មណ្ឌលស៊ីសាំងប៉ានណា គឺជាទីកន្លែងដើមកំណើតនៃដើមតែ និងជាប្រភពដើមនៃផ្លូវតែបុរាណដែលត្រូវបានទទួលស្គាល់ជាសកល ហើយប្រជាជនគ្រប់ជនជាតិក្នុងស្រុកមានប្រវត្តិសាស្ត្រយ៉ាងយូរលង់មកហើយក្នុងការដាំដុះតែ ការប្រើប្រាស់តែ និងការធ្វើពាណិជ្ជកម្មតែ។ នៅក្នុងភ្នំណានណួ បានរក្សាទុកដើមតែបុរាណដាំដុះដោយមនុស្សដែលមានអាយុកាលជាង ៨០០ ឆ្នាំ ហើយវិធីសាស្ត្រថែរក្សាព្រៃតែដោយការរស់នៅជាមួយគ្នារវាងព្រៃឈើនិងតែ ត្រូវបានបន្តអនុវត្តរហូតមកដល់បច្ចុប្បន្ន។

"ខ្ញុំមានសេចក្តីរំភើបចិត្តយ៉ាងខ្លាំង ដែលបានមកដល់មណ្ឌលស៊ីសាំងប៉ានណា ប្រទេសចិន ពីព្រោះទីនេះជាកន្លែងដើមកំណើតនៃតែ"។ នាពេលថ្មីៗនេះ ភ្ញៀវទេសចរអាហ្សង់ទីនឈ្មោះ Marcela និងអ្នកចូលចិត្តវប្បធម៌តែមកពីប្រទេសម៉ិកស៊ិក ប្រទេសអេស្ប៉ាញ និងកន្លែងផ្សេងទៀត បានរួមគ្នាឡើងភ្នំណានណួ ដើម្បីទស្សនាដើមតែ និងរៀនបេះស្លឹកតែនៅក្នុងសួនតែបុរាណ។

"បច្ចុប្បន្ននេះ រៀងរាល់ឆ្នាំមានអ្នកចូលចិត្តវប្បធម៌តែមកពីអាស៊ីអាគ្នេយ៍ អឺរ៉ុប អាមេរិក និងកន្លែងផ្សេងទៀត បានធ្វើដំណើរជាពិសេសមកកាន់ភ្នំណានណួដើម្បីទស្សនា ហើយភ្ញៀវទេសចរជាច្រើនមកពីប្រទេសអង់គ្លេស និងប្រទេសបារាំង បានស្នាក់នៅទីនេះរយៈពេលយូរ"។ លោក ម៉ា ជុនយូ បានថ្លែងថា ភ្ញៀវទេសចរបរទេសចាប់ផ្តើមពីការស្វែងយល់អំពីស្លឹកតែមួយសន្លឹក ហើយបន្តិចម្តងៗបានប៉ះពាល់ជាមួយវប្បធម៌ចិនកាន់តែសម្បូរបែប ដោយបង្កើតបានជាការយល់ដឹងពីវប្បធម៌ដែលកាន់តែមានភាពជាក់ស្តែងនិងគ្រប់ជ្រុងជ្រោយ។

ភ្នំតែបុរាណដែលលាក់ខ្លួននៅក្នុងព្រៃភ្នំមួយនេះ មិនត្រឹមតែជាកន្លែងដើមកំណើតនៃទំនិញតែពូអឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជារូបភាពរស់រវើកក្នុងការបញ្ជូនវប្បធម៌ចិនទៅកាន់ពិភពលោក។ នៅក្នុងឆ្នាំ ២០២៥ ឃុំកឺឡាងហឺ ដែលមានភ្នំណានណួជាស្នូល បានទទួលភ្ញៀវទេសចរលើសពី ៤០០ ០០០ នាក់ ហើយចំណូលសរុបពីវិស័យទេសចរណ៍បានកើនឡើងលើសពី ២៤០ លានយាន់។

ក្រៅពីសិល្បៈនិងក្លិនក្រអូបនៃតែ ភូមិជនជាតិតៃនៅមណ្ឌលស៊ីសាំងប៉ានណា កំពុងតែក្លាយជាថ្នាក់រៀនផ្លាស់ប្តូរសម្រាប់ការពិភាក្សាអំពីការផ្លាស់ប្តូររូបរាងជនបទនៃបណ្តាប្រទេសជិតខាង។ កិច្ចប្រជុំសិក្សាស្រាវជ្រាវអំពីការផ្លាស់ប្តូររូបរាងជនបទប្រទេសចិន និងអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងនៅទីតាំងផ្ទាល់នាពេលថ្មីៗនេះ ដោយមានអ្នកប្រាជ្ញ និងអ្នកជំនាញមកពីច្រើនប្រទេសបានចុះទៅកាន់ភូមិឋាន ដើម្បីសង្កេតមើលជាក់ស្តែងនូវការអនុវត្តការស្តារជនបទឡើងវិញនៅតំបន់ជនជាតិភាគតិចជាប់ព្រំដែន និងរួមគ្នាស្វែងរកផ្លូវអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលសមស្របនឹងតំបន់ផ្ទាល់។

ភូមិ "សានម៉ាន់" នៃឃុំម៉ឹងហាន ក្រុងជិងហុង គឺជាចំណុចផ្តោតសំខាន់នៃការចុះអង្កេតលើកនេះ។ ភូមិធម្មជាតិជនជាតិតៃចំនួន ៣ គឺ ភូមិម៉ាន់ខុងតាយ ភូមិម៉ាន់ខុងម៉ាយ និងភូមិម៉ាន់ឡាន់ចាន ត្រូវបានតភ្ជាប់និងកសាងរួមគ្នា ដោយរក្សាបាននូវរចនាសម្ព័ន្ធភូមិជនជាតិតៃយ៉ាងពេញលេញ និងផ្អែកលើគំរូ "សហគមន៍ភូមិ + សហករណ៍ + គ្រួសារកសិករ" ដើម្បីអភិវឌ្ឍន៍បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ធុរកិច្ចថ្មីៗដូចជា រោងជាងបេតិកភណ្ឌវប្បធម៌អរូបី ផ្ទះស្នាក់នៅបែបប្រណីត ការសិក្សាស្រាវជ្រាវព្រៃភ្នំ និងការថែទាំសុខភាពតាមបែបវេជ្ជសាស្ត្រតៃ បានប្រមូលផ្តុំគ្នា បង្កើតបានជាខ្សែច្រវាក់ឧស្សាហកម្មទេសចរណ៍និងការសិក្សាស្រាវជ្រាវយ៉ាងពេញលេញ។

"ខ្ញុំបានឃើញថា ដំណើរការអភិវឌ្ឍជនបទរបស់ប្រទេសចិនទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយកំពុងតែរីកចម្រើនជាបន្តបន្ទាប់។ នេះគឺជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញថាសមិទ្ធផលនៃការអភិវឌ្ឍកំពុងតែផ្ទេរទៅកាន់ថ្នាក់មូលដ្ឋាន និងប្រជាជននៅជនបទ"។ លោក Achmad Firas Khudi អ្នកប្រាជ្ញមកពីសាកលវិទ្យាល័យជាតិហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានថ្លែងបន្ទាប់ពីការចុះអង្កេត។

ចាប់តាំងពីការធ្វើសមាហរណកម្មឧស្សាហកម្មតែនៅភ្នំណានណួ រហូតដល់ការផ្លាស់ប្តូររូបរាងការរស់នៅនិងទេសចរណ៍នៅភូមិសានម៉ាន់ ការអនុវត្តជាក់ស្តែងនៅជនបទនៃមណ្ឌលស៊ីសាំងប៉ានណា បានផ្តល់នូវគំរូដែលអាចសង្កេតមើលបាន និងអាចធ្វើការសន្ទនាបាន⁠សម្រាប់បណ្តាប្រទេសជិតខាង។

មណ្ឌលស៊ីសាំងប៉ានណានាពេលបច្ចុប្បន្ន មានផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវរថភ្លើងប្រសព្វគ្នា ធ្វើឱ្យការធ្វើដំណើរឆ្លងដែន ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន កាន់តែមានភាពងាយស្រួល។ គិតមកដល់ពេលនេះ ខ្សែផ្លូវរថភ្លើងចិន-ឡាវ ផ្នែកមណ្ឌលស៊ីសាំងប៉ានណា បានទទួលនិងបញ្ជូនអ្នកដំណើរចំនួនសរុបលើសពី ៤៣ លាននាក់ ហើយទំនិញនាំចេញនិងនាំចូលបានកើនឡើងលើសពី ២១ លានតោន។ បរិមាណដឹកជញ្ជូនទំនិញ និងទំហំពាណិជ្ជកម្មតាមផ្លូវទឹកអន្តរជាតិទន្លេឡានឆាង-មេគង្គ បានកើនឡើងជាបន្តបន្ទាប់។ ជើងហោះហើរទេសចរណ៍អន្តរជាតិចាប់ពីកំពង់ផែជិងហុង ទៅកាន់ក្រុងឈៀងសែន ប្រទេសថៃ បានធ្វើឱ្យការជិះកប៉ាល់កម្សាន្តតាមទន្លេឡានឆាង-មេគង្គ ផ្លាស់ប្តូរពីការស្រមើស្រមៃទៅជាដំណើរប្រកបដោយភាពជាក់ស្តែង។

ឆ្នាំនេះ គឺជាខួប ៥ ឆ្នាំនៃការបើកឱ្យដំណើរការខ្សែផ្លូវរថភ្លើងចិន-ឡាវ។ ខ្សែផ្លូវរថភ្លើងមួយខ្សែនេះ បានបើកចំហផ្លូវគោកដ៏ធំពីភាគនិរតីនៃប្រទេសចិនឆ្ពោះទៅកាន់ឧបទ្វីបឥណ្ឌូចិន ពង្រីកឧត្តមភាពទីតាំងភូមិសាស្ត្រនៃមណ្ឌលស៊ីសាំងប៉ានណា ធ្វើឱ្យការធ្វើដំណើរផ្លាស់ប្តូរទៅមកនៃសិល្បករ អ្នកប្រាជ្ញ ភ្ញៀវទេសចរ និងពាណិជ្ជករមកពីបណ្តាប្រទេសនានាកាន់តែមានភាពរលូន និងធ្វើឱ្យការផ្លាស់ប្តូរទំនាក់ទំនងលែងជាចម្ងាយដ៏ឆ្ងាយទៀតហើយ។

នៅពេលដែលការសម្តែងសិល្បៈ ការទស្សនាភ្នំតែ ការពិភាក្សាអំពីជនបទ និងការធ្វើដំណើរឆ្លងដែនបានប្រសព្វគ្នានៅក្នុងព្រៃភ្នំតែមួយ មណ្ឌលស៊ីសាំងប៉ានណា មិនត្រឹមតែបង្ហាញនូវទេសភាពតែមួយមុខនោះទេ ប៉ុន្តែគឺជាទីកន្លែងនៃការធ្វើសមាហរណកម្មចម្រុះដែលបន្តបើកចំហចំពោះពិភពលោក ដោយយកវប្បធម៌ធ្វើជាស្ពាន និងយកការអភិវឌ្ឍធ្វើជាចំណងភ្ជាប់ទំនាក់ទំនង៕