中文 English {{ activeLangText || 'Languages' }} {{ item.text }}
ខ្សែភាពយន្តឯកសារ “ដំណើរផ្សងព្រេងរបស់ហ្វូងដំរី” (The Elephant Odyssey) ត្រូវបានដាក់បញ្ចាំងជាផ្លូវការ
ព័ត៌មាន > ខ្លឹមសារ

ខ្សែភាពយន្តឯកសារ “ដំណើរផ្សងព្រេងរបស់ហ្វូងដំរី” (The Elephant Odyssey) ត្រូវបានដាក់បញ្ចាំងជាផ្លូវការ

កាសែតយូណានដេលី|
分享到Facebook

នាថ្ងៃទី២៣ ខែតុលា ខ្សែភាពយន្តឯកសារដើមប្រភេទ IMAX ដំបូងគេបង្អស់របស់ប្រទេសចិន ដែលមានប្រធានបទស្តីអំពីដំរីអាស៊ី មានចំណងជើងថា “ដំណើរផ្សងព្រេងរបស់ហ្វូងដំរី” ត្រូវបានដាក់បញ្ចាំងជាផ្លូវការនៅតាមរោងភាពយន្តទូទាំងប្រទេស ហើយនឹងត្រូវដាក់បញ្ចាំងជាបន្តបន្ទាប់នៅតាមរោងភាពយន្ត IMAX និងរោងភាពយន្តនានា ព្រមទាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីៗទាំងក្នុងនិងក្រៅប្រទេស ដើម្បីផ្សាយជូនទស្សនិកជនទស្សនា។

ខ្សែភាពយន្តឯកសារ “ដំណើរផ្សងព្រេងរបស់ហ្វូងដំរី”​បានប្រើប្រាស់រចនាសម្ព័ន្ធនិទានរឿងតាមខ្សែស្រឡាយពីរ ដោយពង្រាយនូវដំណើរជីវិតពីរផ្សេងគ្នារបស់ដំរីអាស៊ីដែលបានកើតឡើងនៅក្នុងខេត្តយូណាន។ ខ្សែស្រឡាយទីមួយ គឺការរំលឹកឡើងវិញអំពីព្រឹត្តិការណ៍បម្លាស់ទីរបស់ហ្វូងដំរីអាស៊ីក្នុងឆ្នាំ ២០២០ ដែលធ្លាប់បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ដោយបានបង្ហាញយ៉ាងពេញលេញនូវដំណើរផ្លូវដ៏វែងឆ្ងាយរបស់ហ្វូងដំរីដែលបានចំណាយពេល ១៧ ខែ និងធ្វើដំណើរចម្ងាយជាង ១​៣០០ គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងជើង ហើយបន្ទាប់មកបានត្រឡប់មកទិសខាងត្បូងវិញ។ ខ្សែស្រឡាយទីពីរ គឺផ្តោតលើប្រតិបត្តិការសង្គ្រោះដំរីឈ្មោះ “អាប៉ាវ” (A Bao) ដោយរៀបរាប់អំពីសាច់រឿងទាំងស្រុង ចាប់តាំងពីពេល វាចូលទៅក្នុងទីប្រជុំជន រហូតត្រូវបានសង្គ្រោះ និងទទួលការហ្វឹកហ្វឺនសម្របខ្លួនទៅជាសត្វព្រៃវិញអស់រយៈពេលជាច្រើនឆ្នាំ ហើយចុងក្រោយបានត្រឡប់ទៅរស់នៅក្នុងព្រៃព្រឹក្សាធម្មជាតិវិញ ដោយក្លាយជាដំរីដែលត្រូវបានសង្គ្រោះដំបូងគេបង្អស់នៅប្រទេសចិន និងត្រូវបានដោះលែងឱ្យរស់នៅក្នុងធម្មជាតិវិញ។

ក្រុមការងារផលិតខ្សែភាពយន្តឯកសារនេះ បានចុះទៅប្រចាំការនៅមណ្ឌលស៊ីសាំងប៉ានណា ក្រុងភូអឺ និងលីនឆាង ជាដើម ដើម្បីថតយកទិដ្ឋភាពជាក់ស្តែងនៅក្នុងព្រៃយ៉ាងលំបាកលំបិនអស់រយៈពេល ៣ ឆ្នាំ។ ដោយផ្អែកលើអត្ថប្រយោជន៍នៃការថតពិសេសបែប IMAX អេក្រង់ប្រាក់ដ៏ធំបានបង្ហាញយ៉ាងរស់រវើកនូវទេសភាពធម្មជាតិដ៏ស្រស់ស្អាតនិងធំល្វឹងល្វើយនៃព្រៃភ្លៀងតំបន់ត្រូពិច ព្រមទាំងថតបាននូវទិដ្ឋភាពដ៏កម្រជាច្រើននៅក្នុងព្រៃ ដូចជាដំរីដើរឆ្លងកាត់អូរនិងព្រៃក្រាស់ ជាដើម ដែលនាំមកនូវផ្ទាំងទស្សនីយភាពធម្មជាតិដ៏អស្ចារ្យ និងមានឥទ្ធិពលទាក់ទាញអារម្មណ៍យ៉ាងខ្លាំង។

នៅក្នុងពិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការលើកដំបូងទូទាំងប្រទេស នៃខ្សែភាពយន្តឯកសារ “ដំណើរផ្សងព្រេងរបស់ហ្វូងដំរី” នាថ្ងៃទី២១ ខែតុលា ខ្សែភាពយន្តនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកសារព័ត៌មាន អ្នកវិភាគភាពយន្ត និងទស្សនិកជនក្រុមដំបូងដែលបានចូលរួមទស្សនា។ ទស្សនិកជនជាច្រើនត្រូវបានទាក់ចិត្តយ៉ាងខ្លាំងដោយសារសាច់រឿងជីវិតដ៏រស់រវើកនិងពិតប្រាកដ ហើយបានសរសើរខ្សែភាពយន្តនេះថា​មានគុណភាពរូបភាពនិងសំឡេងដ៏ច្បាស់នៅលើកញ្វក់អេក្រង់ IMAX ព្រមទាំងមានគ្រឹះវប្បធម៌មនុស្សសាស្ត្របែបឯកសារយ៉ាងជ្រាលជ្រៅ។ គ្រប់គ្នាបានសម្តែងថា ខ្សែភាពយន្តឯកសារ “ដំណើរផ្សងព្រេងរបស់ហ្វូងដំរី” បានបង្ហាញទៅកាន់ពិភពលោកនូវការទទួលខុសត្រូវរបស់ប្រទេសចិន​​ក្នុងនាមជាប្រទេសមហាអំណាចក្នុងការការពារជីវៈចម្រុះ ហើយតាមរយៈសកម្មភាពអនុវត្តជាក់ស្តែងនៃការការពារនៅក្នុងស្រុកដ៏រស់រវើកនិងពិតប្រាកដនេះ វាបានផ្តល់នូវគំរូជាក់ស្តែងរបស់ប្រទេសចិនសម្រាប់កិច្ចការពារសត្វព្រៃនៅលើភពផែនដីទាំងមូល ៕