ការអនុវត្តជាក់ស្តែងនៃការអភិរក្សជីវៈចម្រុះនិងវប្បធម៌អេកូឡូស៊ីជនជាតិភាគតិចនៅខេត្តយូណាន បានបង្ហាញខ្លួនក្នុងសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី ១៧ (COP17)

នាថ្ងៃទី២៦ ខែតុលា ព្រឹត្តិការណ៍ជាបន្តបន្ទាប់របស់ខេត្តយូណាននៅ “ជ្រុងប្រទេសចិន” នៃសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី ១៧ ត្រូវបានរៀបចំឡើងនៅទីក្រុងយេរេវ៉ាន រាជធានីនៃប្រទេសអាមេនី។ ខេត្តយូណានបានយក “ពីគុនមិញទៅដល់យេរេវ៉ាន៖ ជីវៈចម្រុះនិងពហុវប្បធម៌” ធ្វើជាប្រធានបទ ដើម្បីរៀបរាប់យ៉ាងរស់រវើកជូនដល់ពិភពលោកនូវសាច់រឿងប្រទេសចិនអំពីការរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនារវាងមនុស្សនិងធម្មជាតិ។
ព្រឹត្តិការណ៍លើកនេះបានផ្តោតលើការអនុវត្តជាក់ស្តែងក្នុងស្រុកនៃអត្ថិភាពជាមួយគ្នានិងការអភិរក្សជីវៈចម្រុះនិងវប្បធម៌ជនជាតិភាគតិច ដោយបានប្រមូលផ្តុំតួអង្គពហុភាគីដូចជា រដ្ឋាភិបាល អង្គការអន្តរជាតិ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ សហគ្រាសក្នុងទីផ្សារ សហគមន៍ក្នុងស្រុក និងសហគ្រាសបច្ចេកវិទ្យា ដើម្បីចែករំលែកផ្លូវច្នៃប្រឌិតក្នុងការជំរុញការអនុវត្តក្របខណ្ឌនៅកម្រិតមូលដ្ឋាន ដោយបានផ្តល់នូវបទពិសោធន៍អនុវត្តក្នុងស្រុកដែលអាចយកទៅធ្វើជាសេចក្តីយោងនិងដកស្រង់ជាមេរៀនសម្រាប់ការគ្រប់គ្រងជីវៈចម្រុះលើសកលលោក។
តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសជាច្រើនដូចជា ប្រទេសទុយនេស៊ី និងប្រទេសថៃ តំណាងមកពីស្ថាប័នអន្តរជាតិចំនួន ៦ ដូចជា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អ្នកជំនាញមកពីវិទ្យាស្ថានវិទ្យាសាស្ត្របរិស្ថានអេកូឡូស៊ីចិន មជ្ឈមណ្ឌលអនុវត្តផ្កាយរណបបរិស្ថានអេកូឡូស៊ីនៃក្រសួងអេកូឡូស៊ីនិងបរិស្ថាន សួនរុក្ខជាតិត្រូពិចមណ្ឌលស៊ីសាំងប៉ានណានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន វិទ្យាស្ថានរុក្ខសាស្ត្រគុនមិញនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ព្រមទាំងតំណាងសហគ្រាសពាក់ព័ន្ធនឹងជីវៈចម្រុះ បានឡើងថ្លែងសុន្ទរកថារៀងៗខ្លួន។ អ្នកទទួលខុសត្រូវភូមិស៊ឺថូឆឹងនៃក្រុងលីជាំង អ្នកបន្តវេនបេតិកភណ្ឌវប្បធម៌អរូបីជនជាតិវ៉ានៃក្រុងភូអឺ អ្នកបន្តវេនបេតិកភណ្ឌវប្បធម៌អរូបីផ្នែកម្ហូបអាហារជនជាតិជីណូនៃមណ្ឌលស៊ីសាំងប៉ានណា អ្នកបន្តវេនបេតិកភណ្ឌវប្បធម៌អរូបីផ្នែកបច្ចេកទេសជ្រលក់ពណ៌ចងក្បាច់ជនជាតិប៉ៃ នៃក្រុងដាលី និងតំណាងជនជាតិភាគតិច បានផ្តោតលើប្រធានបទ “ការការពារ ការបន្តវេន និងការប្រើប្រាស់ប្រកបដោយចីរភាពនៃចំណេះដឹងប្រពៃណីជនជាតិភាគតិច” ដោយបានចែករំលែកសាច់រឿងអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការការពារជីវៈចម្រុះនិងវប្បធម៌អេកូឡូស៊ីជនជាតិភាគតិច។
នៅក្នុងទីតាំងព្រឹត្តិការណ៍ ក៏មានការរៀបចំពិព័រណ៍សមិទ្ធផលការពារជីវៈចម្រុះខេត្តយូណាន ហើយសកម្មភាពដែលមានលក្ខណៈពិសេសនៃខេត្តយូណាន ដូចជា ការសាកល្បងជ្រលក់ពណ៌ចងក្បាច់ជនជាតិប៉ៃ ការភ្លក់រតនៈតែដើមឈើបុរាណនិងកាហ្វេអេកូឡូស៊ី ការសរសេរអក្សរដុងបា ជាដើម បានទាក់ទាញភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ បុគ្គលិកបានបង្ហាញបច្ចេកទេសជ្រលក់ពណ៌ចងក្បាច់ ណែនាំអ្នកចូលរួមទស្សនាឱ្យធ្វើកន្សែងដៃរូបមេអំបៅស្រុកជិនភិង ព្រមទាំងពន្យល់អំពីប្រភពនៃល័ក្តជ្រលក់ធម្មជាតិចេញពីរុក្ខជាតិ និងការប្រៀបប្រដូចប្រើប្រាស់នៅក្នុងសិប្បកម្មជ្រលក់ពណ៌ប្រពៃណី។ នៅក្នុងវគ្គភ្លក់តែនិងកាហ្វេ បុគ្គលិកបានណែនាំចំណេះដឹងពាក់ព័ន្ធដូចជា ការការពារអេកូឡូស៊ីព្រៃតែបុរាណ និងការដាំដុះកាហ្វេក្រោមម្លប់ព្រៃឈើ។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ អង្គការអន្តរជាតិ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ សហគ្រាស និងវេទិកាគាំទ្រការបង្កើតអាជីវកម្ម ក៏បានចែករំលែកជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការតំបន់ “សេដ្ឋកិច្ចជីវៈតំបន់ភ្នំ” ការអភិវឌ្ឍផលិតផលអេកូឡូស៊ី ខ្សែច្រវាក់តម្លៃប្រកបដោយចីរភាព និងករណីសិក្សាអំពីការចូលរួមរបស់សហគមន៍ ហើយដោយផ្អែកលើការអនុវត្តជាក់ស្តែងនៅខេត្តយូណាន បានជំរុញឱ្យបង្កើតជាប្រធានបទកិច្ចសហប្រតិបត្តិការដែលអាចផ្លាស់ប្តូរ ភ្ជាប់ទំនាក់ទំនង និងបន្តវេនបាន ព្រមទាំងបានចេញផ្សាយ “សេចក្តីប្រកាសយេរេវ៉ានស្តីពីសេដ្ឋកិច្ចជីវៈតំបន់ភ្នំប្រកបដោយបរិយាបន្ន”៕