លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមមហាសន្និបាតរំលឹកខួបទី ៩០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើររបស់កងទ័ពក្រហមចិននិងថ្លែងសុន្ទរកថាគន្លឹះ
ព្រឹកថ្ងៃទី ២២ ខែតុលា មហាសន្និបាតរំលឹកខួបទី ៩០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើររបស់កងទ័ពក្រហមចិនបានបើកធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ។ សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមានដូចជា លោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Ding Xuexiang និងលោក Li Xi ព្រមទាំងលោក Han Zheng អនុប្រធានរដ្ឋចិនក៏បានអញ្ជើញចូលរួមមហាសន្និបាតលើកនេះដែរ។
ពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតនេះ លោក Xi Jinping បានលើកឡើងថា ចាប់ពីខែតុលា ឆ្នាំ ១៩៣៤ ដល់ខែតុលា ឆ្នាំ ១៩៣៦ បក្សកុម្មុយនីស្តចិនបានដឹកនាំកងទ័ពក្រហមធ្វើមហាដំណើរដ៏អស្ចារ្យដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង និងត្រូវបានចារក្នុងទំព័រប្រវត្តិសាស្ត្រ យើងបានកម្ទេចការតាមឡោមព័ទ្ធរបស់ទ័ពសត្រូវរាប់លាននាក់និងបានប្រកាសជាផ្លូវការថា៖ ឧបាយកលរបស់ពួកប្រឆាំងនៃបក្សកុកម៉េងតាំងដែលចង់កំចាត់ចោលបក្សកុម្មុយនីស្តចិន និងកងទ័ពក្រហមត្រូវទទួលបរាជ័យទាំងស្រុង នេះជាការត្រួសត្រាយនិម្មាបនកម្មថ្មីនៃបដិវត្តន៍ដ៏ជោគជ័យរបស់ចិន។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ជ័យជម្នះនៃមហាដំណើរមិនមែនជាលទ្ធផលបានដោយចៃដន្យទេ ពោលគឺ វាសម្រេចបានដោយផ្អែកលើការដឹកនាំដ៏ត្រឹមត្រូវនៃបក្សកុម្មុយនីស្តចិន ឆន្ទៈបដិវត្តន៍ដ៏មុតមាំ ភាពឯករាជ្យម្ចាស់ការនិងការស្វែងរកការពិតនិងការទទួលបានការគាំទ្រពីប្រជាជនគ្រប់រូប។
លោក Xi Jinping បានបន្តថា ការផ្សព្វផ្សាយស្មារតីមហាដំណើរដ៏អស្ចារ្យនិងដើរតាមផ្លូវមហាដំណើរថ្មីឱ្យបានល្អ យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ជំនឿ ឧត្តមគតិនិងកម្មវត្ថុរបស់បក្សយ៉ាងមុតមាំ ចាំបាច់ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំមិនងាករេនិងបំពេញតម្រូវការរបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឱ្យបានល្អ យើងចាំបាច់ត្រូវហ៊ានធ្វើការតស៊ូប្រយុទ្ធដ៏អស្ចារ្យក្នុងបរិបទមានលក្ខណៈពិសេសនៃប្រវត្តិសាស្ត្រថ្មីជាច្រើន យើងចាំបាច់ត្រូវពន្លឿនការកសាងកងទ័ពប្រជាជនឱ្យទៅជាកងទ័ពលំដាប់ពិភពលោក យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សនិងបង្កើនការកសាងបក្សដើម្បីធានាជាក់លាក់ថា បក្សកុម្មុយនីស្តចិនជាស្នូលនៃការដឹកនាំដ៏រឹងមាំ នៃបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនជាប់រហូត សំដៅធ្វើការតស៊ូដោយឥតឈប់ឈរ ដើម្បីជំរុញការកសាងប្រទេសដ៏ខ្លាំងក្លា និងបុព្វហេតុនៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕