中文 English {{ activeLangText || 'Languages' }} {{ item.text }}
ការផ្លាស់ប្តូរនេះ យើងបានដុះខាត់អស់រយៈពេល ១១ ឆ្នាំពេញ
ខ្មែរ > ខ្លឹមសារ

ការផ្លាស់ប្តូរនេះ យើងបានដុះខាត់អស់រយៈពេល ១១ ឆ្នាំពេញ

Mekong News Network|
分享到Facebook

ខ្ញុំបានធ្វើការក្នុងវិស័យអប់រំភាសាចិននៅប្រទេសកម្ពុជាអស់រយៈពេល ១១ ឆ្នាំមកហើយ។ សំណួរដែលខ្ញុំសួរទៅកាន់កុមារច្រើនជាងគេគឺ៖ "ហេតុអ្វីបានជាកូនចង់រៀនភាសាចិន?" កុមារជាង ៨០% បានឆ្លើយថា៖ "ពុកម៉ែឱ្យខ្ញុំរៀន"។ នេះគឺជាបញ្ហាប្រឈមទីមួយដែលយើងត្រូវប្រឈមមុខ៖ កុមារមិនចង់រៀន និងខ្វះកម្លាំងជំរុញចិត្តពីខាងក្នុង។

ខ្ញុំបានកំដរ និងដឹកនាំកុមារមួយក្រុមហើយមួយក្រុមទៀត ឱ្យឈានជើងចូលជិត និងយល់ដឹងពីភាសាចិន។ គេអាចមើលឃើញថា នៅពេលចាប់ផ្តើមដំបូង កុមារជាច្រើនមិនសូវរីករាយក្នុងការរៀនភាសាចិន នោះទេ។ ការរៀនភាសាចិនបានដណ្តើមយកពេលវេលាទំនេរពីការសិក្សារបស់ពួកគេ មេរៀនជួនកាលគួរឱ្យធុញទ្រាន់ ហើយអក្សរចិន និងវេយ្យាករណ៍ក៏មិនមែនជារឿងងាយស្រួលក្នុងការចងចាំនោះដែរ។ នៅក្នុងដំណើរការសិក្សាដ៏វែងឆ្ងាយ ការរីកចម្រើនមានភាពយឺតយ៉ាវ ហើយមើលមិនឃើញលទ្ធផលច្បាស់លាស់ក្នុងរយៈពេលខ្លី ដែលធ្វើឱ្យកុមារងាយនឹងបាត់បង់កម្លាំងចិត្ត។ នៅពេលនេះ លោកគ្រូអ្នកគ្រូត្រូវមានភាពល្អិតល្អន់ និងអត់ធ្មត់ ដើម្បីកត់សម្គាល់រាល់ការលូតលាស់ដ៏តូចតាចរបស់កុមារ៖ ការបញ្ចេញសំឡេងបានត្រឹមត្រូវមួយ ផ្ទាំងអក្សរចិនដែលសរសេរបានស្អាត និងមានរបៀបរៀបរយមួយ ឬការបញ្ចេញមតិបានយ៉ាងរលូនមួយ រួមទាំងផ្តល់ការទទួលស្គាល់ និងការលើកទឹកចិត្តឱ្យបានទាន់ពេលវេលា។ ការខិតខំសន្សំពីមួយថ្ងៃទៅមួយថ្ងៃ គង់មានថ្ងៃណាមួយ យើងនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញការផ្លាស់ប្តូរដ៏អស្ចារ្យរបស់កុមារ។

បញ្ហាប្រឈមទីពីរគឺមកពីអាណាព្យាបាល។ ពួកគាត់ចង់ឱ្យកូនរៀនភាសាចិនឱ្យបានពូកែផង ហើយក៏បារម្ភថាកូននឹងកើតមានអារម្មណ៍ធុញទ្រាន់នឹងការសិក្សា ក្រោមសម្ពាធនៃកិច្ចការផ្ទះផ្នែកសំណេរដ៏ច្រើនសន្ធឹកសន្ធាប់ផង។ ចំណុចតុល្យភាពនេះគឺពិបាកស្វែងរកខ្លាំងណាស់។ ខ្ញុំក៏តែងតែយកចិត្តទុកដាក់ស្តាប់នូវក្តីរំពឹងរបស់អាណាព្យាបាលចំពោះការរៀនភាសាចិនរបស់កូនៗផងដែរ។ សម្រាប់គ្រួសារភាគច្រើន តម្រូវការសមត្ថភាពស្តាប់ និងនិយាយរបស់កុមារក្នុងការរៀនភាសាចិន គឺមានកម្រិតខ្ពស់ជាងការអាន និងការសរសេរ។ ការបណ្តុះបណ្តាលសមត្ថភាពភាសាចិនរបស់កុមារ គឺប្រៀបដូចជាការដាំផ្កា ដែលទាមទារការសន្សំពេលវេលា និងការរង់ចាំដោយការអត់ធ្មត់។ មានតែការស្រោចស្រពបន្តិចម្តងៗប៉ុណ្ណោះទេ ទើបផ្កាភាសាចិនមួយទងនេះ អាចរីកស្គុះស្គាយបានយ៉ាងរលូន។

បញ្ហាទីបីគឺ ការអប់រំភាសាចិនមានលក្ខណៈពិសេសរបស់វា សាលារៀន និងអាណាព្យាបាលជាច្រើនយកចិត្តទុកដាក់ខ្លាំងលើលទ្ធផលក្នុងរយៈពេលខ្លី។ តាមពិតទៅ ការរៀនភាសាគឺជាដំណើរការនៃការសន្សំចំណេះដឹងបន្តិចម្តងៗ។ យើងត្រូវគិតថា តើធ្វើដូចម្តេចដើម្បីពន្យល់ចំណុចចំណេះដឹងឱ្យងាយយល់ និងបញ្ជូនវាចូលទៅក្នុងបេះដូងដ៏រស់រវើករបស់កុមារ។ តើធ្វើដូចម្តេចដើម្បីរៀបចំរចនាសម្ព័ន្ធថ្នាក់រៀន ដើម្បីទាក់ទាញអារម្មណ៍របស់កុមារឱ្យជាប់ និងធ្វើឱ្យពួកគេរីករាយជាមួយថ្នាក់រៀនភាសាចិនយ៉ាងពិតប្រាកដ។ តើធ្វើដូចម្តេចដើម្បីលើកទឹកចិត្តកុមារ ឱ្យពួកគេស្ម័គ្រចិត្តហាមាត់និយាយ និងបញ្ចេញមតិជាភាសាចិនដោយទំនុកចិត្ត។ គោលដៅទាំងនេះ មិនត្រឹមតែទាមទារចិត្តស្រឡាញ់ដ៏ពុះកញ្ជ្រោលប៉ុណ្ណោះទេ ប៉ុន្តែរឹតតែមិនអាចខ្វះបាននូវការដុសខាត់ចំណេះដឹងជំនាញភាសាចិនយ៉ាងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

កាលពីពេលថ្មីៗនេះ ខ្ញុំបានដឹកនាំសិស្សកម្ពុជាពីរនាក់ទៅចូលរួមសកម្មភាពនៅក្រុងធានជីន។ ដំណើរការមួយនេះបាននាំមកនូវអារម្មណ៍ស៊ីជម្រៅយ៉ាងខ្លាំងដល់ខ្ញុំ និងកុមារ។ សិស្សទាំងពីរនាក់ដែលរួមដំណើរជាមួយមានអត្តចរិតអៀនប្រៀន ពេលទើបតែទៅដល់ក្រុងធានជីន ពួកគេអៀនខ្មាសខ្លាំងណាស់ មិនហ៊ានចាប់ផ្តើមនិយាយទំនាក់ទំនងមុនឡើយ ហើយតែងតែដើរតាមពីក្រោយជួរយ៉ាងស្ងៀមស្ងាត់។ នៅពេលដែលសកម្មភាពត្រូវបានប្រព្រឹត្តទៅជាបន្តបន្ទាប់ យើងបានទទួលយកបទពិសោធន៍ដោយផ្ទាល់នូវបរិយាកាសដ៏កក់ក្តៅនៃបរិវេណសាកលវិទ្យាល័យ ជាពិសេសបន្ទាប់ពីបានទស្សនាខ្សែភាពយន្ត "សំបុត្រស្នេហ៍ជូនលោកយាយ" រួចមក អ្នករាល់គ្នារឹតតែបានយល់យ៉ាងច្បាស់ថា៖ ចាស់ទុំជាច្រើនជំនាន់ដែលរស់នៅឯនាយសមុទ្រ សុទ្ធតែបានប្រើប្រាស់វិធីផ្ទាល់ខ្លួន ដើម្បីកសាងផ្លូវរៀនសូត្រភាសាចិនសម្រាប់កូនចៅជំនាន់ក្រោយ។ ហើយក៏បានយល់ដឹងថា កាលពីមុន ជនជាតិចិននៅឯបរទេសដែលចង់រៀនភាសាចិន គឺមានភាពលំបាកវេទនាយ៉ាងណានោះទេ។

នៅក្នុងបទពិសោធន៍ដ៏សម្បូរបែបទាំងនេះ កុមារបានបោះបង់ចោលនូវភាពអៀនប្រៀនក្នុងចិត្តបន្តិចម្តងៗ ហើយចាប់ផ្តើមបើកចិត្ត និងក្លាហានប្រើប្រាស់ភាសាចិន ដើម្បីរៀបរាប់ពីក្តីស្រឡាញ់របស់ពួកគេចំពោះក្រុងធានជីន និងវប្បធម៌បេតិកភណ្ឌអរូបីរបស់ប្រទេសចិន និងការកោតសរសើរចំពោះបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសចិន នៅខណៈពេលនោះ ខ្ញុំបានយល់យ៉ាងច្បាស់ថា ការដែលយើងចំណាយពេល ថាមពល និងប្រកាន់ខ្ជាប់នូវការធ្វើការអប់រំភាសាចិនអស់រយៈពេលយ៉ាងយូរមកនេះ គឺដើម្បីជួយកុមារបើកចក្ខុវិស័យឱ្យកាន់តែទូលំទូលាយ និងបណ្តុះគ្រាប់ពូជនៃមិត្តភាពកម្ពុជា-ចិន នៅក្នុងជម្រៅបេះដូងរបស់ពួកគេ។

ពី "ពុកម៉ែឱ្យខ្ញុំរៀន" ទៅជា "ខ្ញុំចង់រៀន" ការផ្លាស់ប្តូរនេះ យើងបានដុសខាត់អស់រយៈពេល ១១ ឆ្នាំពេញ។

ការអប់រំប្រៀបដូចជាដំណក់ទឹកទម្លុះផ្ទាំងថ្ម ដែលមិនដែលពឹងផ្អែកលើកម្លាំងផ្ទុះមួយគ្រានោះទេ ប៉ុន្តែគឺផ្អែកលើការប្រកាន់ខ្ជាប់ដោយស្ងៀមស្ងាត់ក្នុងរយៈពេលយ៉ាងយូរ៕

អ្នកនិពន្ធ៖ លោកស្រី Li Xiaoyan អគ្គនាយិកានៃក្រុមហ៊ុន Dandelion Education Service Co., Ltd. នៅកម្ពុជា