យន្តហោះគ្មានមនុស្សបើកកសិកម្ម ប្រើប្រាស់ "ឧបករណ៍ផ្ទុកថាមពលចល័ត"

បច្ចុប្បន្ន ជារដូវប្រមូលផលផ្លែចេក នៅក្នុងចម្ការចេកនៃក្រុមភូមិមួយក្នុងស្រុកម៉ាក្វាន់ យន្តហោះគ្មានមនុស្សបើកចំនួន ២ គ្រឿង បានស្ទូចដឹកជញ្ជូនស្និតចេកហោះឡើងលើអាកាស ហើយមួយសន្ទុះក្រោយមក បានចុះចតយ៉ាងរលូននៅក្បែររថយន្តសណ្តោងតាមដងផ្លូវដើម្បីទម្លាក់ទំនិញ។ ការសាកថាមពលយន្តហោះគ្មានមនុស្សបើកមានភាពងាយស្រួល និងរហ័ស ដោយចំណាយពេលតិចជាង ១០ នាទីប៉ុណ្ណោះដើម្បីសាកពេញ ហើយអាចចាប់ផ្តើមប្រតិបត្តិការដឹកជញ្ជូនជុំបន្ទាប់ភ្លាមៗ។
ខុសប្លែកពីមុន ប្រភពថាមពលអគ្គិសនីសម្រាប់យន្តហោះគ្មានមនុស្សបើក មិនមែនជាម៉ាស៊ីនភ្លើងដើរដោយប្រេងម៉ាស៊ូតទៀតនោះទេ ប៉ុន្តែជា "ឧបករណ៍ផ្ទុកថាមពលចល័ត" មួយគ្រឿង។ នេះគឺជាការសាកល្បងលើកដំបូងបង្អស់របស់ក្រុមហ៊ុន Yunnan Power Grid នៃក្រុមហ៊ុន China Southern Power Grid ក្នុងការផ្គត់ផ្គង់ថាមពលដល់យន្តហោះគ្មានមនុស្សបើកសម្រាប់កសិកម្ម តាមរយៈឧបករណ៍រក្សាទុកថាមពលចល័តបំពាក់លើរថយន្ត។
ជាយូរណាស់មកហើយ ខេត្តយូណានមានតំបន់ភ្នំខ្ពស់ៗ ជម្រាលចោទ និងដីស្រែចម្ការនៅរាយប៉ាយ ដែលធ្វើឱ្យមានការលំបាកក្នុងការទាញយកប្រភពអគ្គិសនីនៅតាមទីវាល ហើយនេះបានក្លាយជាឧបសគ្គមួយរារាំងដល់ការធ្វើមេកានូបនីយកម្មនៃការដឹកជញ្ជូនក្នុងវិស័យកសិកម្មតំបន់ភ្នំ។ យន្តហោះគ្មានមនុស្សបើកកសិកម្មនៅពេលសាកថាមពលពេញ អាចហោះហើរបានតែប្រមាណ ២០ នាទីប៉ុណ្ណោះ ហើយត្រូវសាកបន្ថែមថាមពលឡើងវិញ។ កាលពីមុន ការផ្គត់ផ្គង់ថាមពលភាគច្រើនពឹងផ្អែកលើម៉ាស៊ីនភ្លើងដើរដោយប្រេងឥន្ធនៈ ដែលឧបករណ៍ប្រភេទនេះ មិនត្រឹមតែមានសំឡេងរំខានខ្លាំង ពិបាកគ្រប់គ្រង និងមានហានិភ័យសុវត្ថិភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែចំណាយដើមទុនក៏ខ្ពស់ជាងថ្លៃអគ្គិសនីកសិកម្មធម្មតាឆ្ងាយណាស់ដែរ។
ចំពោះបញ្ហានេះ ក្រុមហ៊ុន Yunnan Power Grid បានសិក្សាស្រាវជ្រាវ និងវាយតម្លៃយ៉ាងស៊ីជម្រៅ ដោយបានដាក់ចេញនូវដំណោះស្រាយផ្គត់ផ្គង់ថាមពលបៃតងនៅតាមទីវាល សម្រាប់យន្តហោះគ្មានមនុស្សបើកកសិកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការផ្គត់ផ្គង់ថាមពលនៅក្រៅទីវាល។ ក្រុមបច្ចេកទេសបានធ្វើការកែសម្រួលបច្ចេកវិទ្យាលើឧបករណ៍រក្សាទុកថាមពលចល័តដែលមានស្រាប់ ដោយឧបករណ៍ផ្ទុកថាមពលទំហំ ១០០ គីឡូវ៉ាត់ម៉ោងទាំងមូល អាចដឹកតាមរថយន្តភីកអាប់ ដើម្បីដឹកជញ្ជូនយ៉ាងរហ័សរហួន។ ក្នុងពេលដំណាលគ្នា ក្រុមការងារបានស្រាវជ្រាវ និងអភិវឌ្ឍជាពិសេសនូវរន្ធសាកថាមពលចរន្តជាប់ ដែលត្រូវគ្នានឹងយន្តហោះគ្មានមនុស្សបើកកសិកម្ម ដោយគាំទ្រការសាកថាមពលល្បឿនលឿនដំណាលគ្នានៃអាគុយយន្តហោះចំនួន ២ គ្រឿង ហើយឧបករណ៍នេះផ្ទាល់អាចសាកបន្ថែមថាមពលនៅតាមស្ថានីយសាកថាមពលណាមួយរបស់ក្រុមហ៊ុន China Southern Power Grid បាន។
លោក Zeng Guowei កសិករដែលដាំចេកអស់រយៈពេល ២០ ឆ្នាំ បានថ្លែងថា៖" កាលពីមុន បន្ទាប់ពីបេះចេករួច គឺពឹងផ្អែកលើកម្លាំងពលកម្មមនុស្សទាំងស្រុង ដើម្បីច្រកពេញរថយន្តសណ្តោងមួយគ្រឿង ត្រូវប្រើប្រាស់កម្មកររាប់សិបនាក់ ប៉ុន្តែឥឡូវនេះ យន្តហោះគ្មានមនុស្សបើក ២ គ្រឿង គឺអាចដោះស្រាយបានទាំងអស់ ហើយថែមទាំងជៀសវាងការទង្គិច និងខូចខាតផ្លែចេកទៀតផង។ ការសាកថាមពលយន្តហោះគ្មានមនុស្សបើកបានប្រើប្រាស់ 'ឧបករណ៍ផ្ទុកថាមពលចល័ត' ហើយចំណាយដើមក៏អាចកាត់បន្ថយបានបន្ថែមទៀត"។
នៅក្នុងស្ថានភាពសាកថាមពលពេញ "ឧបករណ៍ផ្ទុកថាមពលចល័ត" អាចគាំទ្រការសាកអាគុយយន្តហោះគ្មានមនុស្សបើកចំនួន ៦០ ដុំជាបន្តបន្ទាប់ ដែលឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការពេញមួយថ្ងៃនៃការការពាររុក្ខជាតិ និងការស្ទូចប្រមូលផល។ ប្រៀបធៀបជាមួយម៉ាស៊ីនភ្លើងដើរដោយប្រេងឥន្ធនៈ ឧបករណ៍តែមួយគ្រឿងត្រូវបានរំពឹងថានឹងអាចកាត់បន្ថយការភាយចេញឧស្ម័នកាបូនិច បានចំនួន ៦,២១ តោន ដែលបានបុកគ្រឹះបៃតងយ៉ាងរឹងមាំសម្រាប់ប្រតិបត្តិការកសិកម្មដែនអាកាសទាប ខ្នាតធំ។
លោក Cao Yingguo អគ្គនាយករងក្រុមហ៊ុន Yunnan Power Grid Energy Investment Co., Ltd. បានថ្លែងថា៖ "យើងនឹងផ្អែកលើស្ថានភាពជាក់ស្តែងនៃការអភិវឌ្ឍកសិកម្មតំបន់ភ្នំ បន្តធ្វើឱ្យប្រសើរឡើងនូវផែនការផ្គត់ផ្គង់ថាមពលនៅតាមទីវាល ពង្រីកសេវាផ្គត់ផ្គង់អគ្គិសនីទៅកាន់ស្រែចម្ការកាន់តែច្រើន ដើម្បីធ្វើឱ្យអគ្គិសនីបៃតង ក្លាយជាកម្លាំងចលករថាមពលបៃតង ក្នុងការជួយជំរុញការស្តារ និងអភិវឌ្ឍន៍ឧស្សាហកម្មជនបទ និងការកើនឡើងប្រាក់ចំណូលរបស់កសិករ"៕