"សំបុត្រស្នេហ៍ជូនលោកយាយ" កំពុងដាក់បញ្ចាំងយ៉ាងក្តៅគគុកនៅអឺរ៉ុបនិងអាមេរិក ដោយទទួលបានការកោតសរសើរថា "មានភាពរំជួលចិត្ត និងភាពរ៉ូមែនទិក"
Global Times|

ថ្មីៗនេះ ខ្សែភាពយន្តប្រទេសចិន "សំបុត្រស្នេហ៍ជូនលោកយាយ" បានចាប់ផ្តើមដាក់បញ្ចាំងជាបន្តបន្ទាប់នៅតាមរោងភាពយន្តនានានៅអឺរ៉ុប និងអាមេរិក ដូចជា ប្រទេសបារាំង អេស្ប៉ាញ និងអាមេរិកខាងជើងជាដើម។ ក្រុមការងារផលិតករ និងតួសម្តែងសំខាន់ៗនៃខ្សែភាពយន្តនេះ ក៏បានបង្ហាញវត្តមាននៅក្រុងវ៉េនីស ប្រទេសអ៊ីតាលី និងរាជធានីប៉ារីស ប្រទេសបារាំង ដើម្បីជួបជុំ និងធ្វើអន្តរកម្មជាមួយទស្សនិកជនក្នុងស្រុក និងអាណិកជនចិន ដោយបានពាំនាំនូវវប្បធម៌ និងមនោសញ្ចេតនាចិនដែលបង្កប់នៅក្នុងខ្សែភាពយន្តនេះ ចែករំលែកទៅកាន់ពិភពលោកទាំងមូល។
ទន្ទឹមនឹងនេះ "សំបុត្រស្នេហ៍ជូនលោកយាយ" ក៏បានដាក់បញ្ចាំងនៅទីផ្សារអឺរ៉ុប និងអាមេរិកក្នុងខែកញ្ញាផងដែរ។ ក្រុមហ៊ុនចែកចាយភាពយន្តអឺរ៉ុប Trinity CineAsia បានឱ្យដឹងថា ខ្សែភាពយន្ត "សំបុត្រស្នេហ៍ជូនលោកយាយ" នឹងត្រូវដាក់បញ្ចាំងនៅប្រទេសបារាំង ក្នុងទម្រង់ "សំឡេងដើមភាសាតែចិន អក្សររត់ពីក្រោមជាពីរភាសា ចិន-បារាំង"។ កាលពីមុន ខ្សែភាពយន្ត "សំបុត្រស្នេហ៍ជូនលោកយាយ" ក៏បានដាក់បញ្ចាំងជាច្រើនជុំនៅរាជធានីម៉ាដ្រីដ ប្រទេសអេស្ប៉ាញផងដែរ។ ហើយចាប់ពីថ្ងៃទី ៤ ខែកញ្ញាមក ខ្សែភាពយន្ត "សំបុត្រស្នេហ៍ជូនលោកយាយ" បានចូលទៅកាន់រោងភាពយន្តអាមេរិកខាងជើងជាផ្លូវការ ដោយបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្តជាង ១៦០ នៅតាមបណ្តាទីក្រុងរាប់សិបនៃសហរដ្ឋអាមេរិក និងកាណាដា។
យោងតាមស្ថិតិនៃគេហទំព័រភាពយន្តជំនាញបារាំង Allocine បានឱ្យដឹងថា ចាប់តាំងពីខ្សែភាពយន្ត "សំបុត្រស្នេហ៍ជូនលោកយាយ" ត្រូវបានដាក់បញ្ចាំងនៅប្រទេសបារាំងមក ទទួលបានការសរសើរយ៉ាងច្រើន ដោយទស្សនិកជនបានផ្តល់ពិន្ទុជាមធ្យម ៣,៨ ផ្កាយ (ពិន្ទុពេញ ៥ ផ្កាយ) ដែលជាការវាយតម្លៃយ៉ាងល្អប្រសើរ។ សារព័ត៌មាន "Huffington Post" កំណែភាសាបារាំង បានរៀបរាប់ថា ខ្សែភាពយន្តនេះបានទាក់ទាញចិត្តទស្សនិកជនតាមរយៈមនោសញ្ចេតនា និងកិច្ចសន្ទនាដែលមានបរិយាកាសនៃសម័យកាល។ ទស្សនាវដ្តីប្រចាំសប្តាហ៍បារាំង "Femme Actuelle" បានកោតសរសើរថា ខ្សែភាពយន្តនេះ "មានភាពរំជួលចិត្ត និងភាពរ៉ូមែនទិក" ហើយទស្សនាវដ្តី "Télérama" ក៏បានចាត់ទុកថា វាជា "កំណត់ត្រាក្រុមគ្រួសារដែលពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ"។ កាសែត "Le Monde" បានអត្ថាធិប្បាយថា "ចាប់តាំងពីឈុតកំប្លែងនៅដើមរឿង រហូតដល់សាច់រឿងសម្រក់ទឹកភ្នែកនៅខាងក្រោយ ខ្សែភាពយន្តនេះបានបង្កើតឡើងវិញនូវចំណងមនោសញ្ចេតនារវាងអាណិកជនចិន និងគ្រួសារនៅក្នុងប្រទេសចិនកាលពីច្រើនឆ្នាំមុន ការស្វែងរកការពិតនៅពីក្រោយ 'ការកុហកដោយបំណងល្អ' ព្រមទាំងការសរសើរតម្កើងតម្លៃសីលធម៌ប្រពៃណី ដូចជាភាពស្អិតរមួតក្នុងគ្រួសារ ភាពរឹងប៉ឹង និងការលះបង់ខ្លួនឯងជាដើម"៕