中文 English {{ activeLangText || 'Languages' }} {{ item.text }}
"អ្នកដែលកើតនៅក្រោយឆ្នាំ ២០០០" បន្តវេនកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី៖ បច្ចេកទេសបុរាណប៉ះទង្គិចជាមួយការបង្ហាញពីភាពយុវវ័យ⁠

"អ្នកដែលកើតនៅក្រោយឆ្នាំ ២០០០" បន្តវេនកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី៖ បច្ចេកទេសបុរាណប៉ះទង្គិចជាមួយការបង្ហាញពីភាពយុវវ័យ⁠

គេហទំព័រព័ត៌មានចិន|
分享到Facebook

នៅថ្ងៃទី ៦ ដល់ទី ១០ ខែវិច្ឆិកា ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីចិនលើកទី ៩ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងឆុងឈីង។ ក្រុមអ្នកបន្តវេនដែលកើតនៅក្រោយឆ្នាំ ២០០០ មួយចំនួន បានប្រកាន់ខ្ជាប់នូវស្មារតីស្នាដៃតាមក្បួនខ្នាតបុរាណផង និងបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយថ្មី ការរចនារូបភាព ព្រមទាំងឧបករណ៍ AI យ៉ាងសកម្មផង ដើម្បីបញ្ចូលទម្រង់បង្ហាញថ្មីៗដល់បច្ចេកទេសបុរាណទាំងនោះ។

⁠ក្មេងស្រីវ័យក្មេងម្នាក់ដែលមានមុខមាត់ស្រដៀងនឹងតួអង្គគំនូរជីវចល "ណាចា" បានប៉ោងថ្ពាល់របស់នាង ហើយផ្លុំប្រេងគោចេញពីមាត់តម្រង់ទៅរកដំបងភ្លើងដែលកំពុងឆេះ បង្កើតបានជា "នាគភ្លើង" ដ៏ស្រស់ត្រកាលមួយហោះឡើងទៅលើអាកាស ហើយទស្សនិកជនដែលអង្គុយនៅខាងក្រោមបានស្រែកហ៊ោ និងកោតសរសើរមិនដាច់ពីមាត់។⁠

​​​​​​នេះគឺជាជីវិតប្រចាំថ្ងៃនៃការសម្តែងរបស់ រ៉ាន់ ជឺតៀ ជាតួសម្តែងបេតិកភណ្ឌអរូបីដែលកើតនៅក្រោយឆ្នាំ ២០០០ នៅទីក្រុងឆុងឈីង។ នៅពេលថ្មីៗនេះ នាងបានល្បីល្បាញលើបណ្តាញសង្គមដោយសារតែវីដេអូផ្ទាល់នៃការបាញ់ភ្លើងល្ខោនអុបេរ៉ាខេឈួន។ អ្នកលេងអ៊ីនធឺណិតរាប់លាននាក់បានឃើញតាមរយៈអេក្រង់ថា បច្ចេកទេសបុរាណកំពុងត្រូវបាន "ដោះសោ" ឱ្យចេញជារូបរាងថ្មីដ៏រស់រវើក និងអ៊ូអរនៅក្នុងដៃរបស់យុវជនជំនាន់ក្រោយ។⁠

⁠នៅក្នុងសាលតាំងពិព័រណ៍ដ៏អ៊ូអរ លោក ឡូ ជឺលីន អាយុ ២៥​ ឆ្នាំ ជាអ្នកបន្តវេនជំនាន់ទី ៤ នៃគម្រោងតំណាងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ទីក្រុងឆុងឈីង "ការប៉ាក់ម្ជុលរញ៉េរញ៉ៃសាឈី (Shaci Random Stitch Embroidery)" កំពុងអង្គុយយ៉ាងផ្ចង់អារម្មណ៍នៅមុខតុ ដើម្បីប៉ាក់ស្នាដៃខ្លាឃ្មុំផេនដាដ៏ធំមួយ។ ការប៉ាក់ម្ជុលរញ៉េរញ៉ៃតម្រូវឱ្យមានសណ្តាប់ធ្នាប់ក្នុងភាពរញ៉េរញ៉ៃ និងការបន្ថែមពណ៌ស្រទាប់ម្ដងបន្តិចៗ ដោយប្រើម្ជុលនិងអំបោះប៉ាក់ជាន់លើគ្នាស្រទាប់លើស្រទាប់ ទើបអាចបង្កើតបានជាវាយនភាពស្តេរ៉េអូទន់ល្មើយ។⁠

⁠"ការបន្តវេនមិនមែនគ្រាន់តែជាការចម្លង និងត្រាប់តាមសាមញ្ញនោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺត្រូវដើរតាមឱ្យទាន់សម័យកាល និងច្នៃប្រឌិតឥតឈប់ឈរ។" បម្រើការងារក្នុងវិស័យនេះអស់រយៈពេល ៣ ឆ្នាំមកហើយ លោក ឡូ ជឺលីន បច្ចុប្បន្នគឺជាជំនួយការសាស្ត្រាចារ្យសិល្បៈនិងសិប្បកម្ម។ លោកបានលើកឡើងថា ខណៈពេលដែលកំពុងធ្វើសកម្មភាពបង្រៀនផ្ទាល់ដូចជា ការនាំយកបេតិកភណ្ឌវប្បធម៌អរូបីចូលទៅក្នុងសាលារៀន និងសហគមន៍ លោកក៏កំពុងបញ្ចូលធាតុទំនើបៗ ដូចជាបច្ចេកវិទ្យាឌីជីថលទៅក្នុងការងាររបស់ខ្លួនផងដែរ ឧទាហរណ៍ដូចជាការប្រើប្រាស់ឧបករណ៍ AI ដើម្បីបង្កើតវីដេអូខ្លីៗ ស្តីពីប្រវត្តិអភិវឌ្ឍន៍នៃ "ការប៉ាក់ម្ជុលរញ៉េរញ៉ៃសាឈី" និងការបកស្រាយពីអាថ៌កំបាំងដែលនៅពីក្រោយវាជាដើម។⁠

ដើរចូលទៅក្នុងតំបន់តាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលបេតិកភណ្ឌវប្បធម៌អរូបី កញ្ញា តុង សៀនស៊ូ ដែលកើតនៅក្រោយឆ្នាំ ២០០២ ជាអ្នកបន្តវេនតំណាងថ្នាក់ក្រុងនៃ "ជំនាញធ្វើមីហាវជឺចុងនិញ (Zhongning Haozi Noodle Making Technique)" កំពុងពត់ខ្លួនច្របាច់ម្សៅ និងលុញមី ដោយកាយវិការរហ័សរហួន ស្ទាត់ជំនាញ និងរលូនយ៉ាងល្អឥតខ្ចោះ។ នាងបានណែនាំថា មីហាវជឺ គឺជាចំណីអាហារប្រជាប្រិយដែលមានលក្ខណៈពិសេសដាច់គេរបស់ស្រុកចុងនិញ ខេត្តនីងសៀ។ ក្នុងឆ្នាំ ២០២១ ជំនាញធ្វើមីហាវជឺចុងនិញ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងថ្នាក់ជាតិ។⁠

កញ្ញា តុង សៀនស៊ូ បានប្រើប្រាស់ចំណេះដឹងជំនាញដែលបានរៀនលើផ្នែករចនាមុខជំនាញទំនាក់ទំនងរូបភាព ដើម្បីរចនាសៀវភៅណែនាំអំពីប្រព័ន្ធសម្គាល់រូបភាពពេញលេញមួយសម្រាប់មីហាវជឺចុងនិញ ដោយបង្កើតបានជារូបភាពតួអង្គ IP "នារីចម្បាំងមីដ៏អស្ចារ្យ" ដើម្បីឧទ្ទិសដល់អ្នកបន្តវេនដែលបានបើកទូលាយអាជីវកម្មដោយដៃដ៏ប៉ិនប្រសប់របស់ពួកគេ ព្រមទាំងនឹងបន្តពង្រីកបន្ថែមទៀត ដើម្បីប្រាប់រឿងរ៉ាវនៃការបន្តវេនបច្ចេកទេសនោះជាបន្តបន្ទាប់។⁠

⁠នៅពីក្រោយការស្វែងរកផ្លូវដោយខ្លួនឯងរបស់បុគ្គលម្នាក់ៗ ក៏មានការគាំទ្រ និងការជួយជ្រោមជ្រែងពីសង្គមផងដែរ។ គេបានដឹងថា "កម្មវិធីគាំទ្រដល់អ្នកបន្តវេនបេតិកភណ្ឌវប្បធម៌អរូបីយុវជនទូទាំងប្រទេស" គឺបានឈានដល់ដំណាក់កាលទី ៤ ហើយ ដោយផ្តល់ការគាំទ្រដល់អ្នកបន្តវេនវ័យក្មេងក្នុងការខិតខំលត់ដំជំនាញបច្ចេកទេសរបស់ខ្លួន និងក្លាយខ្លួនជាបុគ្គលឈានមុខគេក្នុងការការពារ និងបន្តវេនបេតិកភណ្ឌវប្បធម៌អរូបីក្នុងយុគសម័យថ្មី៕