កម្មវិធីបទពិសោធន៍សម្រាប់អ្នកបង្កើតមាតិកា "ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ MUST GO" ធ្វើដំណើរមួយលើក ទស្សនាច្រើនគៅលដៅ ចិន-កម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការនៅទីក្រុងហ្វូចូវ

នៅថ្ងៃទី ៣ ខែវិច្ឆិកា កិច្ចប្រជុំផ្សព្វផ្សាយពិសេស "ផែនការដើរកម្សាន្តនៅបេតិកភណ្ឌពិភពលោក" របស់ខេត្តយូណាន ដែលជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នៃវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ "ខ្សែក្រវាត់ និងផ្លូវ" ឆ្នាំ ២០២៦ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហ្វូចូវ ខេត្តហុកគៀន។ ក្នុងកិច្ចប្រជុំនោះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន បានប្រកាសរួមគ្នាដាក់ឱ្យដំណើរការកម្មវិធីបទពិសោធន៍សម្រាប់អ្នកបង្កើតមាតិកា "ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ MUST GO" ធ្វើដំណើរមួយលើក ទស្សនាច្រើនគោលដៅ ចិន-កម្ពុជា។
កម្មវិធីនេះនឹងប្រមូលផ្តុំអ្នកបង្កើតវីដេអូខ្លីៗពីជុំវិញពិភពលោក ដោយធ្វើការទស្សនកិច្ចទៅវិញទៅមកនៅតំបន់បេតិកភណ្ឌពិភពលោកក្នុងខេត្តសៀមរាប ខេត្តយូណាន និងខេត្តហុកគៀន ដើម្បីផ្សព្វផ្សាយរឿងរ៉ាវនៃការអភិរក្សបេតិកភណ្ឌ និងមិត្តភាពតំបន់ទន្លេឡានឆាង-មេគង្គ ឱ្យមនុស្សកាន់តែច្រើនជុំវិញពិភពលោកបានដឹងឮ។ នៅដំណាក់កាលទី ១ ឆ្នាំ ២០២៧ គម្រោងនេះគ្រោងនឹងជ្រើសរើសអ្នកបង្កើតមាតិកាអន្តរជាតិឆ្នើមចំនួន ៣ រូប ពីសកម្មភាពប្រមូលផ្តុំស្នាដៃដំណាក់កាលដំបូង ដើម្បីចាប់ផ្តើមដំណើរការបង្កើតមាតិការយៈពេល ៧ ថ្ងៃ ដោយស្វែងយល់ពីគោលដៅសំខាន់ៗទាំង ៣ រួមមាន រមណីយដ្ឋានអង្គរខេត្តសៀមរាប ព្រៃថ្មខេត្តយូណាន និងទីក្រុងឈួនចូវ ខេត្តហុកគៀន ធ្វើឱ្យបេតិកភណ្ឌរស់រវើកតាមរយៈកាមេរ៉ា ធ្វើឱ្យចំណងមិត្តភាពបន្តរវាងយុវជននិងយុវជន ព្រមទាំងធ្វើឱ្យអរិយធម៌កាន់តែមានភាពចម្រុះពណ៌បន្ថែមទៀតតាមរយៈការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក។

នៅឆ្នាំ ២០២៤ ផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន សហការជាមួយស្ថាប័នវប្បធម៌និងទេសចរណ៍ កិច្ចការបរទេស និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានផ្តួចផ្តើម និងអនុវត្ត "ផែនការដើរកម្សាន្តនៅបេតិកភណ្ឌពិភពលោក" មុនគេបង្អស់នៅទូទាំងប្រទេស ដោយពឹងផ្អែកលើបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ពិភពលោករបស់ខេត្តយូណាន ព្រមទាំងសហការជាមួយខេត្តបងប្អូន និងបណ្តាប្រទេសជិតខាង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិក្នុងវិស័យបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ស្វែងរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រថ្មីៗក្នុងការអភិរក្សបេតិកភណ្ឌពិភពលោក ព្រមទាំងជំរុញការផ្លាស់ប្តូរ និងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកផ្នែកវប្បធម៌។ នៅខែកក្កដា ឆ្នាំ ២០២៥ "ផែនការដើរកម្សាន្តនៅបេតិកភណ្ឌពិភពលោក" ត្រូវបានបញ្ចូលក្នុង "បញ្ជីផែនការសកម្មភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីការសន្ទនារវាងអរិយធម៌សកល" ដែលក្លាយជាគម្រោងអនុវត្តជាក់ស្តែងដ៏សំខាន់នៃគំនិតផ្តួចផ្តើមអរិយធម៌សកល។

"ផែនការដើរកម្សាន្តនៅបេតិកភណ្ឌពិភពលោក" ចាប់តាំងពីបានដាក់ឱ្យដំណើរការមក បានរៀបចំកម្មវិធីផ្សព្វផ្សាយជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសដូចជា កម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអូឌីត ស្រីលង្កា ឡាវ និងវៀតណាមជាដើម ដោយវត្តមានរបស់ខ្លួនបានឈានដល់តំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញមហាសមុទ្រឥណ្ឌា។ ទន្ទឹមនឹងនេះ បណ្តាញគណនីប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមក្រៅប្រទេសរបស់ "ផែនការដើរកម្សាន្តនៅបេតិកភណ្ឌពិភពលោក" ចាប់តាំងពីបានចាប់ផ្តើមដំណើរការក្នុងខែកញ្ញា ឆ្នាំ២០២៥ មក សម្រេចបាននូវចំនួននៃការមើលសរុបលើស ៣០ លានដង ចំនួនអន្តរកម្មលើស ២០ ម៉ឺនដង និងចំនួនអ្នកតាមដាន ១០៧ ០០០ នាក់ ដែលធ្វើឱ្យទម្រង់នៃការផ្សព្វផ្សាយទៅកាន់ពិភពខាងក្រៅតាមគ្រប់មធ្យោបាយ និងគ្រប់ជ្រុងជ្រោយ កំពុងត្រូវបានពន្លឿនការកសាងឡើងយ៉ាងសកម្ម៕