ការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមកនៃអរិយធម៌ ចិត្តនិងចិត្តផ្សារភ្ជាប់គ្នា

នាថ្ងៃទី ២២ ខែកញ្ញា ការតាំងពិព័រណ៍អំពីការអនុវត្តជាក់ស្តែងនៃអរិយធម៌ "ការជំរុញវិបុលភាពខេត្តយូណាន និងភាពចម្រុះពណ៌នៃតំបន់ព្រំដែន៖ រឿងរ៉ាវដ៏រីករាយក្នុងភូមិ" បានបើកសម្ពោធនៅច្រករបៀងវប្បធម៌កម្ពុជា-ចិន នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន ព្រមទាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប។ នេះគឺជាលើកដំបូងបង្អស់ដែលការអនុវត្តជាក់ស្តែងនៃអរិយធម៌ក្នុងយុគសម័យថ្មី "ការជំរុញវិបុលភាពខេត្តយូណាន និងភាពចម្រុះពណ៌នៃតំបន់ព្រំដែន" នៃខេត្តយូណាន បានឈានជើងចេញទៅក្រៅប្រទេស ហើយក៏ជាជំហានច្នៃប្រឌិតថ្មីមួយដែល "រឿងរ៉ាវដ៏រីករាយក្នុងភូមិ" បានដើរចេញពីភូមិឋានតាមព្រំដែនឆ្ពោះទៅកាន់ឆាកអន្តរជាតិ។
សុភាសិតខ្មែរពោលថា "ទំនុកចិត្តប្រៀបបាននឹងដើមឈើ"។ ក្នុងនាមជាសមិទ្ធផលនិមិត្តរូបនៃការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើជាសាក្សីនៃការលូតលាស់នៃដើមឈើមិត្តភាពកម្ពុជា-ចិន។ចាប់តាំងពីច្រករបៀងវប្បធម៌កម្ពុជា-ចិន ត្រូវបានដាក់ឱ្យដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីខែសីហា ឆ្នាំ ២០២៤ មក ម៉ូដែលពិព័រណ៍ច្នៃប្រឌិតថ្មី "អាកាសយានដ្ឋាន + ប្រព័ន្ធផ្សព្វផ្សាយ + សារមន្ទីរ" ត្រូវបានអនុវត្ត ហើយបានពង្រីកពីសៀមរាបរហូតដល់រាជធានីភ្នំពេញ ដោយអញ្ជើញមិត្តភក្តិមកពីបណ្តាប្រទេសនានាមកជួបជុំជាមួយការចងចាំនៃអរិយធម៌កម្ពុជា និងចិន។

ការតាំងពិព័រណ៍អំពីការអនុវត្តជាក់ស្តែងនៃអរិយធម៌ "ការជំរុញវិបុលភាពខេត្តយូណាន និងភាពចម្រុះពណ៌នៃតំបន់ព្រំដែន៖ រឿងរ៉ាវដ៏រីករាយក្នុងភូមិ" លើកនេះ ផ្តោតលើ "ភាពសប្បាយរីករាយ" និង "ភាពស្រស់ស្អាត" នៃតំបន់ជនបទនៅប្រទេសកម្ពុជា និងចិន។ នៅក្នុងពិព័រណ៍រូបភាព "រឿងរ៉ាវដ៏រីករាយក្នុងភូមិ" ចំនួន ១០ រឿងរវាងកម្ពុជា និងចិន បានកត់ត្រានូវជីវភាពរស់នៅយ៉ាងកក់ក្តៅរបស់ប្រជាជន ការការពារបរិស្ថានធម្មជាតិ និងការបន្តវេនវប្បធម៌ជនជាតិ។ រូបថតចំនួន ១០០ សន្លឹក បានផ្តិតយករូបភាពនៃព្រឹត្តិការណ៍សប្បាយរីករាយនៅតំបន់ជនបទ និងវប្បធម៌ប្រពៃណីប្រជាប្រិយនៅក្នុងខេត្តយូណាន ខេត្តក្វាងតុង ប្រទេសចិន និងបណ្តាខេត្តនានានៃប្រទេសកម្ពុជា។ នៅក្នុងពិព័រណ៍ជីវភាពរស់នៅ វត្ថុតាំងបង្ហាញចំនួន ៦០ ដុំ បានធ្វើឱ្យសិប្បកម្មប្រពៃណីរបស់ខេត្តយូណាន និងប្រទេសកម្ពុជា ឆ្លងកាត់ភ្នំ និងសមុទ្រដើម្បីសន្ទនាគ្នា។ នៅក្នុងពិព័រណ៍ ស្តង់ពិព័រណ៍ចំនួន ២០ បានរៀបចំឡើងក្រោមបរិយាកាសរីករាយនៃជនបទ ដោយបានដាក់បង្ហាញសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបី សម្លៀកបំពាក់ជនជាតិ និងផលិតផលវប្បធម៌និងច្នៃប្រឌិតជនបទ។ នៅក្នុងតំបន់អន្តរកម្ម អ្នកដំណើរអាចស្តាប់សំឡេងតន្ត្រីប្រជាប្រិយ ទស្សនាបេតិកភណ្ឌវប្បធម៌អរូបី ធុំក្លិនគ្រឿងក្រអូប ភ្លក់រសជាតិអាហារឆ្ងាញ់ និងប៉ះពាល់តម្បាញសូត្រ។ សិល្បករកម្ពុជា និងចិន បានសម្តែងរួមគ្នា ដោយធ្វើឱ្យអ្នកដំណើរជាច្រើនបានមកចោមរោមមើល លើកទូរស័ព្ទថតរូប ហើយទាល់តែចប់ការសម្តែង ទើបដាច់ចិត្តចាកចេញទៅ។

ខណៈពេលលោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប កំពុងទស្សនាការសម្តែងរបាំក្ងោកខ្មែរ លោកក៏បានលើកឡើងអំពីការសម្តែងរបាំក្ងោកយូណាន ដែលលោកបានទស្សនានៅពេលទៅកម្សាន្តនៅមណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ានណា ខេត្តយូណាន កាលពីខែមិថុនា ឆ្នាំនេះ។ លោកបានមានប្រសាសន៍ថា "កាយវិការស្រដៀងគ្នា ប៉ុន្តែសោភ័ណភាពខុសគ្នា នេះហើយគឺជាភាពទាក់ទាញនៃការតភ្ជាប់ និងការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងវិស័យវប្បធម៌"។ លោកបានបន្តថា ចាប់តាំងពីច្រករបៀងវប្បធម៌កម្ពុជា-ចិន ត្រូវបានដាក់ឱ្យដំណើរការមក ក្រុមការងារកម្ពុជា និងចិន បានសហការគ្នាយ៉ាងជិតស្និទ្ធ និងកែសម្រួលយ៉ាងផ្ចិតផ្ចង់។ "អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើឱ្យវប្បធម៌កម្ពុជា និងចិន បានជួបគ្នា ដែលជាការបន្លឺសំឡេងឆ្លើយឆ្លងគ្នារវាងបេតិកភណ្ឌប្រវត្តិសាស្ត្រ និងអរិយធម៌សម័យទំនើប"។ លោកសង្ឃឹមថា តាមរយៈច្រករបៀងវប្បធម៌កម្ពុជា-ចិន នឹងធ្វើឱ្យអ្នកដំណើរអន្តរជាតិនានាកាន់តែច្រើនបានស្គាល់ប្រទេសកម្ពុជា និងខេត្តយូណាន ហើយឈានទៅដល់ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងខេត្តយូណាន ព្រមទាំងរំពឹងទុកថានឹងមានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមកនៃអរិយធម៌កាន់តែច្រើនជាមួយខេត្តយូណាន។ "ខេត្តយូណាន និងខេត្តសៀមរាប សុទ្ធតែមានវប្បធម៌ដ៏មានតម្លៃ និងរុងរឿង ដូចនេះការធ្វើឱ្យវប្បធម៌ទាំងពីរឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក គឺជាអត្ថន័យពិតប្រាកដនៃការងាររបស់ពួកយើង"៕
អ្នកយកព័ត៌មាន៖ Liu Ziyu, Li Zha, Zhang Ruogu, Chang Yuan,Peng Xiran(អ្នកហាត់ការ)