中文 English {{ activeLangText || 'Languages' }} {{ item.text }}
អត្ថាធិប្បាយ៖ ដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងប្រទេសចិន និងកម្ពុជា
ព័ត៌មាន > ខ្លឹមសារ

អត្ថាធិប្បាយ៖ ដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងប្រទេសចិន និងកម្ពុជា

By គេហទំព័រព័ត៌មានចិន​ និងCCTV| គេហទំព័រព័ត៌មានចិន​ និងCCTV|
分享到Facebook

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការមិត្តភាពនៅប្រទេសចិន ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា។ ប្រព័ន្ធផ្សព្វផ្សាយប្រទេសជាច្រើនបានផ្សព្វផ្សាយថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹង មិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ជំរុញការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានមតិប្រតិកម្មវិជ្ជមានពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសកម្ពុជា។ អត្ថបទមួយនៅលើគេហទំព័ររបស់កាសែតភ្នំពេញប៉ុស្តិ៍(The Phnom Penh Post) របស់ប្រទេសកម្ពុជា បានផ្សព្វផ្សាយព័ត៌មានថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ជាគំរូនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលបង្កើតឡើងដោយផ្អែកលើសមភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍ទៅវិញទៅមក។ ការចូលរួមរបស់ប្រទេសចិននៅក្នុងវិស័យដូចជា វារីអគ្គិសនី កសិកម្ម និងសេដ្ឋកិច្ចឌីជីថល បានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

កាសែត THE STAR របស់ម៉ាឡេស៊ី បានផ្សព្វផ្សាយព័ត៌មានថា សេដ្ឋកិច្ចវិទូមើលឃើញដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសចិនដោយសុទិដ្ឋិនិយម ដោយជឿថាវានឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗដល់ទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកម្ពុជា និងជាប្រភពវិនិយោគបរទេសដ៏សំខាន់ ដោយមានវិនិយោគិនចិនជាច្រើនកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ 

គេហទំព័រអឺរ៉ុប Modern Diplomacy បានកត់សម្គាល់ថា ប្រទេសចិន និងកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈយន្តការសន្ទនាយុទ្ធសាស្ត្រ "២+២" ដោយសង្កត់ធ្ងន់បន្ថែមទៀតលើកិច្ចសហការក្នុងវិស័យសំខាន់ៗដូចជា ការសម្របសម្រួលការពារជាតិ កិច្ចសហប្រតិបត្តិការសន្តិសុខ និងការបង្ក្រាបរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែន ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

អ្នកបកប្រែ៖​​ Shen Yan(កល្យាណ)