ថ្នាក់ដឹកនាំសំខាន់ៗបីរូបមកពីប្រទេសអាស៊ានបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេលមួយខែ ហេតុអ្វីបានជាពួកគេទាំងអស់គ្នាងាកមកចាប់អារម្មណ៍ប្រទេសចិន?
បច្ចុប្បន្ននេះ ជាមួយនឹងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី វឌ្ឍនភាពដ៏រឹងមាំជាបន្តបន្ទាប់ ក្រោមបរិបទអន្តរជាតិ និងតំបន់ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ការបំពេញដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺជាបង្អួចដ៏សំខាន់មួយសម្រាប់ពិភពលោកខាងក្រៅសង្កេតមើលការវិវឌ្ឍថ្មីៗនៃទំនាក់ទំនងចិន-កម្ពុជា។
ចាប់តាំងពីដើមឆ្នាំនេះមក ថ្នាក់ដឹកនាំមកពីប្រទេសអាស៊ានជាច្រើនបានទៅទស្សនកិច្ចនៅប្រទេសចិន ជាពិសេស ឯកឧត្តម ថងលូន ស៊ីស៊ូលីត ឯកឧត្តម មីន អ៊ុងឡាំង និងសម្តេចតេជោ ហ៊ុន សែន សុទ្ធតែបានធ្វើទស្សនកិច្ចនៅខែមិថុនានេះ។ និន្នាការនេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នាយ៉ាងទូលំទូលាយក្នុងចំណោមប្រទេសជាច្រើននៅក្នុងតំបន់ ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិន និងសម្រេចបាននូវលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ការផ្លាស់ប្តូរអន្តរគណបក្សបន្តកាន់តែស៊ីជម្រៅ
នៅក្នុងខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូង ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោបានទស្សនាសាលតាំងពិព័រណ៍ប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន។ សម្តេចតេជោបានកត់សម្គាល់ថា "នៅទីនេះ យើងអាចរៀនពីរបៀបដែលសមាជិកបក្សកុម្មុយនិស្តចិនទាញយកបទពិសោធន៍ពីអតីតកាល ដើម្បីប្រឈមមុខនឹងអនាគតកាន់តែប្រសើរឡើង"។
ក្នុងអំឡុងពេលជួបជាមួយសម្តេចតេជោ ហ៊ុន សែន អគ្គលេខាធិការចិន ស៊ី ជីនភីង បានថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរអន្តរគណបក្សជាមួយប្រទេសកម្ពុជា ពង្រឹងការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងបក្ស និងរដ្ឋ ព្រមទាំងរួមគ្នាបង្កើនសមត្ថភាពគ្រប់គ្រងរបស់គណបក្ស។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីភាពត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការជាមួយចិន ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាថ្មីស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរគណបក្សប្រកបដោយប្រសិទ្ធភាព ហើយរួមចំណែកដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
លោក សៀ លីភីង អ្នកស្រាវជ្រាវវិទ្យាស្ថានជាតិយុទ្ធសាស្ត្រអន្តរជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានកត់សម្គាល់ថា ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចរបស់ប្រទេសចិន និងប្រទេសកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនុកចិត្តនយោបាយទ្វេភាគី និងផ្តល់នូវការធានាដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរប្រកបដោយស្ថិរភាព និងយូរអង្វែង ។
ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងអោយកាន់តែស៊ីជម្រៅ
យោងតាមសារព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិនគ្រុប(China Communications Construction Group Co.,Ltd))។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧០ គម្រោងនៅក្នុងប្រទេសកម្ពុជា ដែលជារូបភាពតូចតាចដ៏រស់រវើកនៃការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាបន្តបន្ទាប់រវាងប្រទេសចិន និងកម្ពុជា។
សព្វថ្ងៃនេះ ប្រទេសចិន និងកម្ពុជាកំពុងពន្លឿនការអភិវឌ្ឍ "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រី និងអង្ករ" ដែលនាំឱ្យមានខ្សែសង្វាក់សហប្រតិបត្តិការកាន់តែពេញលេញ និងការធ្វើសមាហរណកម្មឧស្សាហកម្មកាន់តែជិតស្និទ្ធ។ ទិន្នន័យផ្លូវការបង្ហាញថា បរិមាណពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ២២,២៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដែលជាការកើនឡើង ២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងអំឡុងពេលជួបជាមួយសម្តេចតេជោ ហ៊ុន សែន អគ្គលេខាធិការចិន ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ ត្រូវជំរុញការអភិវឌ្ឍ "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រី និងអង្ករ" អោយទទួលបានវវឌ្ឍនភាពជាក់ស្តែង និងបំពេញសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាអោយបានពេញលេញ ដើម្បីលើកកម្ពស់សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងអោយផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ជីវភាពរស់នៅរបស់ប្រជាជន និងពង្រឹងមូលដ្ឋានគាំទ្រសាធារណៈសម្រាប់មិត្តភាពចិន-កម្ពុជាជាបន្តបន្ទាប់ឥតឈប់ឈរ។
លោកស្រី ឌូ ឡាន អនុប្រធានវិទ្យាស្ថានសិក្សាអាស៊ី-ប៉ាស៊ីហ្វិក នៃវិទ្យាស្ថានសិក្សាអន្តរជាតិចិន បានកត់សម្គាល់ថា ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការពី "ការតភ្ជាប់រឹងមាំ" ក្នុងហេដ្ឋារចនាសម្ព័ន្ធ ទៅជាការធ្វើសមាហរណកម្មស៊ីជម្រៅនៃខ្សែសង្វាក់ឧស្សាហកម្ម បានធ្វើឱ្យក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែទូលំទូលាយ។ នៅពេលដែលយន្តការសហប្រតិបត្តិការបន្តប្រសើរឡើង ផលចំណេញនៃភាពជាដៃគូនេះនឹងត្រូវបានបញ្ចេញបន្ថែមទៀត ដែលនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
ការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើកិច្ចសហប្រតិបត្តិការសន្តិសុខ
សន្តិសុខគឺជាតម្រូវការជាមុនសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍផ្តល់នូវការធានាសម្រាប់សន្តិសុខ។ អ្នកសង្កេតការណ៍កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសចិន និងកម្ពុជាកំពុងឆ្ពោះទៅរកយន្តការច្បាស់លាស់ និងផ្តោតកាន់តែខ្លាំងឡើងលើអាទិភាពសំខាន់ៗ។
នៅក្នុងខែមេសា ឆ្នាំនេះ ប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំលើកដំបូងនៃយន្តការសន្ទនាយុទ្ធសាស្ត្រ "២+២" រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិ កម្ពុជា-ចិន។ ក្នុងអំឡុងពេលជួបជាមួយសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើតភាពជាដៃគូសន្តិសុខជាមួយប្រទេសកម្ពុជា។
លោក សៀ លីភីង ជឿជាក់ថា ចាប់ពីការធ្វើឱ្យប្រសើរឡើងនូវយន្តការ រហូតដល់ការបង្កើតភាពជាដៃគូសន្តិសុខ នេះបានពង្រីកបន្ថែមទៀតនូវវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងភាគីទាំងពីរ ហើយនឹងជួយផ្តល់នូវបរិយាកាសដែលមានស្ថិរភាព និងសុវត្ថិភាពជាងមុនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
ក្រោមការជំរុញនៃកិច្ចសហប្រតិបត្តិការប្រកបដោយយន្តការនេះ ប្រទេសទាំងពីរទទួលបានលទ្ធផលវិជ្ជមាននៅក្នុងវិស័យសន្តិសុខ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំទូរគមនាគមន៍ឆ្លងដែន និងតាមអ៊ីនធឺណិត។ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង បានសម្តែងឆន្ទៈក្នុងការធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីរក្សាកិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងលុបបំបាត់ "ដុំសាច់សាហាវ" នៃការក្លែងបន្លំទូរគមនាគមន៍ទាំងស្រុង។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា ការបង្ក្រាបការក្លែងបន្លំតាមទូរគមនាគមន៍ គឺជាអាទិភាពចម្បងសម្រាប់ប្រទេសកម្ពុជា ហើយប្រទេសកម្ពុជាមានឆន្ទៈធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំផ្នែកទូរគមនាគមន៍។
អ្នកវិភាគបានលើកឡើងថា សេចក្តីថ្លែងការណ៍ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន និងប្រទេសកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ កិច្ចខិតខំប្រឹងប្រែងបែបនេះនឹងចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពារផលប្រយោជន៍សាធារណៈអោយកាន់តែប្រសើរឡើង។
កិច្ចសហការជាយុទ្ធសាស្ត្រជាមួយវិសាលភាពតំបន់
ក្នុងនាមជាសមាជិកអាស៊ាន និងជាអ្នកចូលរួមសំខាន់នៅក្នុងយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) កិច្ចសហការជាយុទ្ធសាស្ត្ររបស់កម្ពុជាជាមួយចិនមានសារៈសំខាន់ដែលលាតសន្ធឹងហួសពីទំនាក់ទំនងទ្វេភាគី។
ក្នុងអំឡុងពេលជួបជាមួយសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ចិន និងកម្ពុជាគួរតែ "កំណត់គំរូសម្រាប់កិច្ចសហការជាយុទ្ធសាស្ត្រ"។ ឯកឧត្តម បានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដើម្បីរក្សាបាននូវទំនាក់ទំនងល្អជាមូលដ្ឋានគ្រឹះរវាងប្រទេសជិតខាង និងទិសដៅទូទៅនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនៅក្នុងតំបន់។
លោកស្រី ឌូ ឡាន បានកត់សម្គាល់ថា ការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងតំបន់នៅអាស៊ីអាគ្នេយ៍ប្រឈមមុខនឹងបញ្ហាប្រឈមដោយសារតែកត្តាដូចជាឥទ្ធិពលខាងក្រៅ។ កិច្ចសហប្រតិបត្តិការដែលប្រសើរឡើងរវាងចិន និងប្រជាជាតិអាស៊ាន ជួយរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយជំរុញការប្រមូលផ្តុំកម្លាំងរួមសម្រាប់ការអភិវឌ្ឍ។
ក្នុងរយៈពេលតែមួយខែ ថ្នាក់ដឹកនាំសំខាន់ៗមកពីប្រទេសអាស៊ានទាំងបី គឺឡាវ មីយ៉ាន់ម៉ា និងកម្ពុជា បានបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់។ ការផ្តោតអារម្មណ៍របស់ពួកគេទៅលើប្រទេសចិនបង្ហាញថា កិច្ចសហប្រតិបត្តិការយូរអង្វែង ស្ថិរភាព និងមិត្តភាពអាចបម្រើជាគំរូសម្រាប់អ្នកដទៃ។ ប្រទេសចិនកំពុងសហការជាមួយប្រទេសជាច្រើន ដើម្បីកសាងការឯកភាពគ្នាក្នុងតំបន់ដោយផ្អែកលើកម្រិតខ្ពស់នៃការជឿទុកចិត្តគ្នាទៅវិញទៅមក នេះនឹងជួយលើកកម្ពស់ការធ្វើឱ្យប្រសើរឡើងជាលំដាប់នៃកិច្ចសហប្រតិបត្តិការជារួមរវាងចិន និងអាស៊ាន៕
អ្នកយកព័ត៌មាន៖ Li Jingze
អ្នកបកប្រែ៖ Shen Yan(កល្យាណ)