ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ហៃខូវ-កម្ពុជា ឆ្នាំ២០២៦ បានបើកសម្ពោធជាផ្លូវការ

នារសៀលថ្ងៃទី ២២ ខែឧសភា ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ហៃខូវ—កម្ពុជា ឆ្នាំ២០២៦ បានបើកសម្ពោធជាផ្លូវការ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីនេះ។ ប្រទេសចិន និងកម្ពុជា បានយកវប្បធម៌ជាចំណងដៃ និងយកទេសចរណ៍ជាស្ពានចម្លង ដើម្បីរួមគ្នាគូរឡើងនូវផ្ទាំងទស្សនីយភាពថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពចិន-កម្ពុជា។
ឆ្នាំនេះ គឺជាខួបលើកទី ៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំដ៏សំខាន់ក្នុងការអនុវត្តការរៀបចំផែនការសហគមន៍វាសនារួម ចិន-កម្ពុជា គ្រប់រដូវកាលក្នុងយុគសម័យថ្មី ព្រមទាំងការពង្រឹងសមិទ្ធផលនៃ "ឆ្នាំទេសចរណ៍ចិន-កម្ពុជា" ផងដែរ។
នៅក្នុងពិធីបើកនោះ ភាគីទាំងពីរ (ចិន-កម្ពុជា) បានរួមគ្នាបញ្ចាំងវីដេអូផ្សព្វផ្សាយទេសចរណ៍ ដែលបង្ហាញពីភាពទាក់ទាញដ៏ប្លែកអស្ចារ្យនៃរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទអង្គរវត្ត តំបន់ឆ្នេរខ្សាច់នៃក្រុងព្រះសីហនុរបស់កម្ពុជា ព្រមទាំងទេសភាពតំបន់ក្ដៅនៃទីក្រុងហៃខូវ និងធនធានសម្រាកលំហែកាយ ដែលជួយជំរុញថាមពលថ្មីដល់ការតភ្ជាប់ទេសចរណ៍ឆ្លងដែនរវាងតំបន់ទាំងពីរ។ នៅក្នុងព្រឹត្តិការណ៍នោះដែរ ក៏មានការដាក់តាំងបង្ហាញនូវសិប្បកម្មប្រពៃណី ដូចជា គ្រឿងប្រាក់ វត្ថុចម្លាក់ឈើ និងផលិតផលសូត្រ រួមទាំងផលិតផលល្បីៗប្រចាំតំបន់ ដូចជា ម្រេចខ្មៅ កាហ្វេ ស្វាយក្រៀម គ្រាប់ស្វាយចន្ទីសម្បកពណ៌ស្វាយ អង្ករក្រអូប និងស្ករត្នោតសរីរាង្គជាដើម។ ក្រៅពីនេះ ក៏មានការរៀបចំបញ្ជរប្រឹក្សាយោបល់ទេសចរណ៍ជាពិសេស ដើម្បីផ្ដល់ឯកសារផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងសេវាកម្មកក់កញ្ចប់ទស្សនីយកម្មផងដែរ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះដោយបញ្ជាក់ថា កម្ពុជា និងចិន មានភ្នំនិងទឹកភ្ជាប់ក្បែរគ្នា ហើយប្រជាជនមានលំហូរឈាមជ័រស្រដៀងគ្នា ខណៈដែលកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ គឺជាគ្រឹះស្ថានដ៏សំខាន់នៃការប្រាស្រ័យទាក់ទងមិត្តភាពទ្វេភាគី។ កម្ពុជាមានធនធានទេសចរណ៍ដ៏សម្បូរបែប ដូចជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកប្រាសាទអង្គរវត្ត និងតំបន់សម្រាកលំហែកាយមាត់សមុទ្រក្រុងព្រះសីហនុ ហើយហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍កាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ កម្ពុជានឹងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដែលនេះនឹងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរទេសចរណ៍រវាងភាគីទាំងពីរ។ ភាគីកម្ពុជាមានបំណងចង់ពឹងផ្អែកលើអត្ថប្រយោជន៍នៃការបើកចំហរបស់កំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដើម្បីពង្រឹងការបញ្ជូនប្រភពភ្ញៀវទេសចរទៅវិញទៅមក ការរួមគ្នាបង្កើតខ្សែទស្សនកិច្ច និងការតភ្ជាប់វិស័យឧស្សាហកម្មជាមួយទីក្រុងហៃខូវ ក្នុងគោលបំណងរួមគ្នាអភិវឌ្ឍផលិតផលទេសចរណ៍ឆ្លងដែន ចែករំលែកផលចំណេញពីទីផ្សារទេសចរណ៍ និងបន្តសរសេរទំព័រថ្មីនៃមិត្តភាពកម្ពុជា-ចិន។
លោកស្រី តុង គុយឆាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សក្រុង និងជាអនុអភិបាលក្រុងហៃខូវ បានគូសបញ្ជាក់ថា ហៃខូវ និងកម្ពុជា មានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយទីក្រុងហៃខូវ និងក្រុងព្រះសីហនុ បានចងសម្ព័ន្ធភាពជាទីក្រុងមិត្តភាពជាមួយគ្នា ហើយអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងហៃខូវ បានបំពេញការងារយ៉ាងសកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានបង្កើតជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូររវាងតំបន់ទាំងពីរ។ នាពេលបច្ចុប្បន្ន ផលចំណេញពីការដំណើរការបិទខ្ទប់គយនៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន កំពុងបន្តបញ្ចេញឥទ្ធិពល ហើយទីក្រុងហៃខូវកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកសាងខ្លួនទៅជាទីក្រុងមជ្ឈមណ្ឌលនៃការប្រើប្រាស់ទេសចរណ៍អន្តរជាតិ ដោយប្រមូលផ្តុំធនធានចម្រុះ ដូចជាការកម្សាន្តមាត់សមុទ្រ វប្បធម៌ប្រវត្តិសាស្ត្រ ការទិញទំនិញរួចពន្ធ និងការលំហែថែទាំសុខភាព។ លោកស្រីរំពឹងថា តាមរយៈទិវាផ្លាស់ប្តូរលើកនេះ នឹងក្លាយជាឱកាសមួយក្នុងការបើកទូលាយនូវលំហសហប្រតិបត្តិការថ្មីរវាងទីក្រុងហៃខូវ និងកម្ពុជា លើវិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មតំបន់ក្ដៅ ដើម្បីសម្រេចបាននូវការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះទាំងសងខាង៕
អ្នកបកប្រែ៖ Li Zha លីហ្សា