ប្រទេសកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីបង្ក្រាបបទល្មើសឆ្លងដែន
ទីភ្នាក់ងារសារព័ត៌មានចិន|

កាលពីសប្តាហ៍មុន ប្រទេសកម្ពុជា រួមជាមួយប្រទេសកូរ៉េខាងត្បូង សហភាពអឺរ៉ុប និងទីភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ បានរួមគ្នាដាក់ឱ្យដំណើរការនូវកម្មវិធីបណ្តុះបណ្តាលអន្តរជាតិមួយ ដើម្បីពង្រឹងការកសាងសមត្ថភាពអនុវត្តច្បាប់របស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអ៊ីនធឺណិត ព្រមទាំងជំរុញការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។
កម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេលបីថ្ងៃនេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍បានឱ្យដឹងថា ខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះ រួមមាន ការជួយជ្រោមជ្រែងផ្នែកច្បាប់ទៅវិញទៅមកក្នុងរឿងក្តីព្រហ្មទណ្ឌ ការប្រមូល និងការចាត់ចែងភស្តុតាងឌីជីថល ការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាឆ្លងដែន ព្រមទាំងការសម្គាល់អត្តសញ្ញាណ និងការការពារជនរងគ្រោះដោយការជួញដូរមនុស្សជាដើម។
ថ្លែងក្នុងពិធីបើកនោះ ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ បានមានប្រសាសន៍ថា បទល្មើសឆ្លងដែនគឺជាបញ្ហាសកល ដែលគ្មានប្រទេសណាមួយអាចដោះស្រាយការគំរាមកំហែងនេះតែម្នាក់ឯងបានឡើយ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏បើកចំហមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានក្លាយជាគោលដៅរបស់ក្រុមឧក្រិដ្ឋជនបរទេសមួយចំនួន ដែលប៉ុនប៉ងប្រើប្រាស់ទឹកដីកម្ពុជាដើម្បីធ្វើសកម្មភាពខុសច្បាប់។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យប្រទេសជាតិ ក្លាយជា «ជម្រកសុវត្ថិភាព» សម្រាប់ក្រុមឧក្រិដ្ឋជនអន្តរជាតិនោះឡើយ។
តាមរបាយការណ៍ដដែលបានបង្ហាញថា តំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញកាន់តែធ្ងន់ធ្ងរឡើង ដែលក្នុងនោះក្រុមឆបោកជាច្រើនមានការពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្ម និងការឆបោកហិរញ្ញវត្ថុខ្នាតធំប្រឆាំងនឹងជនរងគ្រោះនៅទូទាំងសកលលោក។ ផ្អែកតាមទិន្នន័យផ្លូវការដែលដកស្រង់ដោយសារព័ត៌មានខាងលើបានឱ្យដឹងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ ប្រទេសកម្ពុជាបានបើកប្រតិបត្តិការអនុវត្តច្បាប់បង្ក្រាបលើទីតាំងឆបោកតាមប្រព័ន្ធអនឡាញសរុបចំនួនជាង ២៥០ កន្លែង៕
អ្នកបកប្រែ៖ Li Zha លីហ្សា