中文 English {{ activeLangText || 'Languages' }} {{ item.text }}
ចំណងនិស្ស័យរវាងប្រទេសចិន និងលោកជំទាវ ខែក កៃមាលី ស៊ីសូដា ដែលទទួលបានគ្រឿងឥស្សរិយយស «មេដាយអ្នកការទូតឆ្នើម» លើកដំបូងរបស់ចិន
ខ្មែរ > ខ្លឹមសារ

ចំណងនិស្ស័យរវាងប្រទេសចិន និងលោកជំទាវ ខែក កៃមាលី ស៊ីសូដា ដែលទទួលបានគ្រឿងឥស្សរិយយស «មេដាយអ្នកការទូតឆ្នើម» លើកដំបូងរបស់ចិន

កាសែតយូណានដេលី|
分享到Facebook

កាលពីថ្ងៃទី ១៨ ខែឧសភា ក្រសួងការបរទេសចិនបានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយស «មេដាយអ្នកការទូតឆ្នើម» លើកដំបូងបង្អស់ នៅរដ្ឋធានីប៉េកាំង ដែលមេដាយនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងកោតសរសើរ និងលើកទឹកចិត្តដល់ប្រមុខបេសកកម្មការទូតប្រចាំនៅប្រទេសចិន ដែលបានរួមចំណែកយ៉ាងលេចធ្លោក្នុងការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិន និងបរទេស។ លោកជំទាវ ខែក កៃមាលី ស៊ីសូដា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន និងជាមិត្តចាស់នៃទស្សនាវដ្តី «ខ្មែរ» ជាភាសាខ្មែរ ស្ថិតក្រោមឱវាទនៃក្រុមហ៊ុនប្រព័ន្ធកាសែតយូណានដេលី គ្រុប ទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ។

ចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៣ លោកជំទាវ ស៊ីសូដា បានកាន់តំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ដែលធ្វើឱ្យលោកជំទាវក្លាយជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ដែលមានអាណត្តិការងារវែងជាងគេបំផុតរហូតមកដល់បច្ចុប្បន្ន។ លោកជំទាវគឺជាអ្នកការពារដ៏ស្មោះត្រង់ និងជាអ្នកជំរុញដ៏មុតមាំនៃមិត្តភាពកម្ពុជា-ចិន ដោយបានលះបង់កម្លាំងកាយចិត្តយ៉ាងជ្រាលជ្រៅលើសមរភូមិជួរមុខនៃការទូតប្រចាំនៅប្រទេសចិនអស់រយៈពេល ១៧ ឆ្នាំ។ លោកជំទាវតែងតែប្តេជ្ញាចិត្តជានិច្ចក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងចិន ព្រមទាំងបានសាក្សីភាពនូវទំនាក់ទំនងកម្ពុជា-ចិន ដែលបន្តឈានជើងឡើងដល់កម្ពស់ថ្មីមួយទៀត ហើយរឹតតែបានចងភ្ជាប់នូវចំណងនិស្ស័យយ៉ាងជិតស្និទ្ធជាមួយខេត្តយូណានផងដែរ។ ចំណងនិស្ស័យដ៏មានអត្ថន័យនេះ ត្រូវបានចារឹកយ៉ាងជ្រាលជ្រៅនៅក្នុងប្រវត្តិសាស្រ្តនៃការរីកចម្រើនរបស់ទស្សនាវដ្តី «ខ្មែរ»។

នៅក្នុងខែ សីហា ឆ្នាំ២០១១ ទស្សនាវដ្តី «ខ្មែរ» ត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងនាមជាទស្សនាវដ្តីភាសាខ្មែរដែលបោះពុម្ពផ្សាយដោយភាគីចិននៅប្រទេសកម្ពុជា ហើយក៏ជាបង្អួចដ៏សំខាន់មួយសម្រាប់ខេត្តយូណាន ក្នុងការផ្លាស់ប្តូរទំនាក់ទំនងជាមួយតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នៅក្នុងឱកាសនៃការបង្កើតទស្សនាវដ្តីនេះ លោកជំទាវ ស៊ីសូដា បានផ្ញើសារលិខិតអបអរសាទរ ដែលបង្កប់ទៅដោយអត្ថន័យពោរពេញដោយក្តីសោមនស្សរីករាយ និងការរំពឹងទុកយ៉ាងមុតមាំថា ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ចំពោះការបង្កើតឡើងនៃទស្សនាវដ្តីខ្មែរ។ លោកជំទាវបានជូនពរនិងរំពឹងថា ទស្សនាវដ្តីនេះនឹងដើរតួនាទីជាស្ពានចម្លង ដើម្បីជួយជ្រោមជ្រែងដល់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងអប់រំរវាងប្រទេសទាំងពីរ។

កន្លងមក លោកជំទាវ ស៊ីសូដា តែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍរបស់ទស្សនាវដ្តី «ខ្មែរ» ជានិច្ច។ នៅក្នុងឱកាសខួបលើកទី ១០ នៃការបង្កើតទស្សនាវដ្តី «ខ្មែរ» លោកជំទាវបានផ្ញើសារលិខិតអបអរសាទរម្តងទៀត ដោយបានវាយតម្លៃខ្ពស់ចំពោះតម្លៃនៃការផ្សព្វផ្សាយរបស់ទស្សនាវដ្តីនេះថា ការដែលភាគីចិនបង្កើតទស្សនាវដ្តី «ខ្មែរ» ជាភាសាខ្មែរ គឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រដែលពោរពេញដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានចាក់បញ្ចូលនូវកម្លាំងចលករថ្មី ក្នុងការបង្រួបបង្រួមទំនាក់ទំនងមិត្តភាពប្រពៃណីកម្ពុជា-ចិន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន លោកជំទាវបានសរសេរអត្ថបទពិសេសមួយមានចំណងជើងថា «ភាពស៊ីជម្រៅនៃមិត្តភាពរវាងប្រទេសទាំងពីរ ជំរុញដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងដែលឈ្នះ-ឈ្នះ និងផ្តល់ប្រយោជន៍ទៅវិញទៅមក» ដើម្បីជជែកពិភាក្សាយ៉ាងទូលំទូលាយអំពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានបន្ថែមនូវនិមិត្តរូបនៃមិត្តភាពយ៉ាងក្រាស់ក្រែលសម្រាប់ទស្សនាវដ្តី។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោកជំទាវបានឆ្លងកាត់នូវទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងនៃមិត្តភាពរវាងប្រទេសទាំងពីរជាច្រើន ហើយក៏បានធ្វើជាសាក្សីពេញមួយដំណើរការ ចាប់តាំងពីការបង្កើតដំបូង រហូតដល់ការរីកចម្រើនរបស់ទស្សនាវដ្តីនេះ ក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជននៃកម្ពុជា-ចិន។

ការទទួលបានគ្រឿងឥស្សរិយយសនាពេលនេះ គឺជាការទទួលស្គាល់យ៉ាងខ្ពង់ខ្ពស់ចំពោះការលះបង់ដ៏យូរអង្វែងរបស់លោកជំទាវ ស៊ីសូដា នៅលើសមរភូមិជួរមុខនៃការទូត និងការការពារយ៉ាងមុតមាំនូវមិត្តភាពដែកថែបកម្ពុជា-ចិន។ អតីតសហការីការទូត មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងអ្នកជំនាញ និងអ្នកប្រាជ្ញដែលធ្លាប់បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរមតិជាមួយលោកជំទាវ បានផ្ញើសារលិខិតអបអរសាទរជាបន្តបន្ទាប់។ លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ក្នុងកំឡុងពេលបំពេញបេសកកម្មការទូតរយៈពេល ១៧ ឆ្នាំនៅប្រទេសចិន លោកជំទាវបានប្រើប្រាស់នូវសមត្ថភាពការទូតដ៏ឆ្នើម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យយ៉ាងសកម្ម ដែលបានបន្តចាក់បញ្ចូលនូវថាមពលសម្រាប់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន និងបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោក អនុប្រធាននាយកដ្ឋានអាស៊ី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលធ្លាប់បានបំពេញការងាររួមគ្នាជាមួយលោកជំទាវ ស៊ីសូដា យ៉ាងជិតស្និទ្ធអស់រយៈពេលយ៉ាងយូរនៅរដ្ឋធានីប៉េកាំង មានសេចក្តីរំភើប និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះជីវិតការងារការទូតរបស់លោកជំទាវ។ លោកបានមានប្រសាសន៍ថា កិត្តិយសដ៏ខ្ពង់ខ្ពស់នេះ គឺជាការសរសើរ និងការទទួលស្គាល់ដោយស្មោះអស់ពីដួងចិត្តពីរាជរដ្ឋាភិបាល និងប្រជាជនចិន ចំពោះគុណវុឌ្ឍិការទូតដ៏ឆ្នើមរបស់លោកជំទាវ ហើយវានឹងក្លាយជាកម្លាំងចិត្តជម្រុញដល់អ្នកការទូតវ័យក្មេងជំនាន់ក្រោយ ក្នុងការបន្តខិតខំប្រឹងប្រែងដើម្បីពង្រឹងគ្រឹះស្ថានមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។

លោក លី សួនជឺ​ សាស្ត្រាចារ្យរងនៃមហាវិទ្យាល័យសិក្សាទ្វីបអាស៊ី សាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដែលជាអ្នកត្រួតពិនិត្យការបកប្រែនៃទស្សនាវដ្តី «ខ្មែរ» បានលើកឡើងថា លោកជំទាវ ស៊ីសូដា បានលះបង់កម្លាំងកាយចិត្តអស់រយៈពេលយ៉ាងយូរ ក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ នៅក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌ពហុភាគី និងសន្និសីទការងារវិទ្យាសាស្ត្រនានា សមនាគមន៍ដ៏ស្មោះស្ម័គ្រ និងទស្សនៈយល់ឃើញផ្នែកវប្បធម៌ដ៏ស៊ីជម្រៅរបស់លោកជំទាវចំពោះប្រទេសចិន បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់គ្រប់គ្នានឹកមិនភ្លេចឡើយ។ លោកបានបន្តថា លោកមានការរំពឹងទុកថា ទស្សនាវដ្តី «ខ្មែរ» នឹងបន្តផ្សព្វផ្សាយនូវរឿងរ៉ាវមិត្តភាពកម្ពុជា-ចិន និងកត់ត្រានូវរាល់ស្លាកស្នាមអនុស្សាវរីយ៍ដ៏មានតម្លៃបន្ថែមទៀត នៃបុគ្គលដែលបានជួយជ្រោមជ្រែងដល់ការផ្សារភ្ជាប់អរិយធម៌នៃប្រទេសទាំងពីរដូចជាលោកជំទាវ ស៊ីសូដា ដើម្បីឱ្យមិត្តភាពកម្ពុជា-ចិន អាចបន្តវេនពីជំនាន់មួយទៅជំនាន់មួយ និងរស់រវើកជានិច្ចតាមរយៈតួអក្សរ។

លោកជំទាវ ស៊ីសូដា បានប្រើប្រាស់សកម្មភាពជាក់ស្តែង ដើម្បីបកស្រាយអំពីអត្ថន័យពិតប្រាកដនៃមិត្តភាពដែកថែបកម្ពុជា-ចិន។ ចំណែកឯទស្សនាវដ្តី «ខ្មែរ» ក្នុងនាមជាចំណងដៃវប្បធម៌ដែលផ្សារភ្ជាប់ខេត្តយូណានជាមួយប្រទេសកម្ពុជា ក៏នឹងបន្តផ្ទុកនូវមនោសញ្ចេតនានៃប្រទេសទាំងពីរ ផ្សព្វផ្សាយសំឡេងមិត្តភាពកម្ពុជា-ចិន និងធ្វើជាសាក្សីនៃសកម្មភាពរស់រវើករបស់ខេត្តយូណាន ក្នុងការប្រមូលផ្តុំកម្លាំងមិត្តភាព ដើម្បីកសាងខ្លួនទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយឆ្ពោះទៅកាន់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍៕ 

អ្នកសារព័ត៌មាន៖ Shen Yan,Li Zha,Li Mengli

អ្នកបកប្រែ៖ Li Zha លីហ្សា