中文 English {{ activeLangText || 'Languages' }} {{ item.text }}
ការដឹកជញ្ជូនផ្លែឈើនាំចូលឆ្លងដែនតាមផ្លូវរថភ្លើងចិន-ឡាវ សម្រេចបានលើសពី ១០ ម៉ឺនតោនក្នុងឆ្នាំនេះ
ព័ត៌មាន > ខ្លឹមសារ

ការដឹកជញ្ជូនផ្លែឈើនាំចូលឆ្លងដែនតាមផ្លូវរថភ្លើងចិន-ឡាវ សម្រេចបានលើសពី ១០ ម៉ឺនតោនក្នុងឆ្នាំនេះ

កាសែតយូណានដេលី|
分享到Facebook

នៅថ្ងៃទី ២៥ ខែឧសភា ខ្សែរថភ្លើងទូរត្រជាក់ "ឡានឆាង-មេគង្គអ៊ិចប្រេស" ដែលផ្ទុកពេញទៅដោយផ្លែឈើតំបន់ក្ដៅ ដូចជាផ្លែធុរេន និងមង្ឃុត បានបើកចេញពីស្ថានីយ៍ម៉ូឌីន (Boten) នៃប្រទេសឡាវ កាត់តាមផ្លូវរូងក្រោមដីមិត្តភាព ហើយបានចូលមកដល់ស្ថានីយ៍ម៉ូហាន នៃប្រទេសចិន។ គិតមកដល់ពេលនេះ បរិមាណផ្លែឈើនាំចូលឆ្លងដែនដែលដឹកជញ្ជូនតាមផ្លូវរថភ្លើងចិន-ឡាវ ក្នុងឆ្នាំនេះ បានកើនឡើងសរុបដល់ ១០,៧៩ ម៉ឺនតោន ដែលមានកំណើនលើសពី ៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបានឆ្លុះបញ្ចាំងពីភាពរស់រវើកយ៉ាងខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាស៊ាន។

ចាប់តាំងពីដើមឆ្នាំនេះមក ស្របពេលដែលផ្លែឈើតំបន់ក្ដៅរបស់អាស៊ីអាគ្នេយ៍បានប្រមូលផល និងវាយលុកទីផ្សារក្នុងពេលតែមួយ បរិមាណផ្លែឈើនាំចូលក្នុងមួយថ្ងៃខ្ពស់បំផុតនៅស្ថានីយ៍ម៉ូហាន សម្រេចបានរហូតដល់ ៣៦៦៥,១ តោន ដែលធ្វើឱ្យបរិមាណដឹកជញ្ជូនផ្លែឈើឆ្លងដែនបង្កើតកំណត់ត្រាថ្មីជាបន្តបន្ទាប់។ ស្ថានីយ៍ម៉ូហាន គឺជាច្រកទ្វារព្រំដែនផ្លូវរថភ្លើងថ្នាក់ជាតិតែមួយគត់រវាងចិន និងឡាវ ហើយក៏ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ផ្លែឈើអាស៊ីអាគ្នេយ៍ចូលមកកាន់ទីផ្សារចិនផងដែរ។ ដើម្បីធានាឱ្យផ្លែឈើស្រស់ៗអាចចូលទៅដល់ទីផ្សារបានយ៉ាងរហ័ស និងរក្សាភាពស្រស់បានល្អ នាយកដ្ឋានផ្លូវរថភ្លើងបានរៀបចំផែនការទុកជាមុន ដោយសហការជាមួយភាគីជាច្រើនដើម្បីសម្របសម្រួលនីតិវិធីដឹកជញ្ជូន និងគយទាំងមូល។ ស្ថានីយ៍ម៉ូហានបានសហការយ៉ាងសកម្មជាមួយស្ថានីយ៍ម៉ូឌីនរបស់ឡាវ ដើម្បីកំណត់ជាមុននូវជើងរថភ្លើង និងបរិមាណទំនិញចូលស្រុក ព្រមទាំងបែងចែកធនធានផ្ទុកទំនិញ ភស្តុភារកម្ម និងការត្រួតពិនិត្យ ដើម្បីធានាបាននូវការតភ្ជាប់គ្នាយ៉ាងរលូន។ ទន្ទឹមនឹងនេះ មុខងារប្រកាសទំនិញទុកជាមុននៅទីកន្លែងចេញដំណើរត្រូវបានធ្វើបច្ចុប្បន្នភាព ដោយបង្កើតជាទម្រង់សហការ "បីមុន" គឺ៖ "បញ្ជីទំនិញផ្លូវរថភ្លើងមុន + ការប្រកាសរបស់សហគ្រាសមុន + ការពិនិត្យឯកសាររបស់គយមុន" ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យភ្លាមៗ និងបញ្ចេញទំនិញភ្លាមៗនៅពេលទំនិញមកដល់ ដែលជួយកាត់បន្ថយពេលវេលាឆ្លងកាត់គយយ៉ាងច្រើន។

ដោយផ្អែកលើលក្ខណៈពិសេសនៃការដឹកជញ្ជូនទំនិញស្រស់ៗដែលទាមទារពេលវេលាខ្ពស់ នាយកដ្ឋានផ្លូវរថភ្លើងបានបង្កើតក្រុមការងារដឹកជញ្ជូនជំនាញ បើកដំណើរការ "ច្រកបៃតង"  សម្រាប់ទំនិញស្រស់ៗ និងអនុវត្តសេវាកម្ម "ផ្តល់អាទិភាពក្នុងការទទួលនិងបញ្ជូន ផ្តល់អាទិភាពក្នុងការតម្រឹមទូរ និងផ្តល់អាទិភាពក្នុងការអូសទាញ" ដើម្បីធានាថាការដឹកជញ្ជូនផ្លែឈើស្រស់ "មិនមានការរង់ចាំ"។ ច្រកទ្វារព្រំដែនបានជំរុញការចេញវិក្កយបត្រស្វ័យប្រវត្តយ៉ាងពេញលេញ ដោយកាត់បន្ថយពេលវេលាចេញវិក្កយបត្រសម្រាប់រថភ្លើងមួយខ្សែមកត្រឹមក្រោម ១០ នាទី ហើយការពិនិត្យនៅច្រកព្រំដែនចំណាយពេលត្រឹមតែ ៨ នាទីប៉ុណ្ណោះ។ នាយកដ្ឋានត្រួតពិនិត្យចម្រុះទាំងអស់បានអនុវត្តការឆ្លងកាត់គយ ២៤ ម៉ោងលើ ២៤ ម៉ោង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដែលធ្វើឱ្យប្រសិទ្ធភាពនៃការឆ្លងកាត់ច្រកព្រំដែនកើនឡើងយ៉ាងខ្លាំង។ នាពេលបច្ចុប្បន្ននេះ ខ្សែរថភ្លើងទូរត្រជាក់ចិន-ឡាវ-ថៃ បានដំណើរការជាប្រក្រតីភាពហើយ ដែលធ្វើឱ្យផ្លែឈើគុណភាពខ្ពស់របស់អាស៊ីអាគ្នេយ៍ អាចដឹកជញ្ជូនត្រង់ទៅដល់ទីផ្សារចិនក្នុងរយៈពេលយ៉ាងលឿនបំផុតត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ៕

អ្នកយកព័ត៌មាន៖ Li Chenghan

អ្នកបកប្រែ៖Li Zha លីហ្សា