中文 English {{ activeLangText || 'Languages' }} {{ item.text }}
"កាត់បន្ថយពី ១៥ ទៅ ២០ ថ្ងៃ មកសល់ត្រឹមប្រហែលមួយសប្តាហ៍" ផ្លែធុរេនរបស់ប្រទេសកម្ពុជាដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវឆ្ពោះទៅកាន់ប្រទេសចិន
ខ្មែរ > ខ្លឹមសារ

"កាត់បន្ថយពី ១៥ ទៅ ២០ ថ្ងៃ មកសល់ត្រឹមប្រហែលមួយសប្តាហ៍" ផ្លែធុរេនរបស់ប្រទេសកម្ពុជាដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវឆ្ពោះទៅកាន់ប្រទេសចិន

Global Times|
分享到Facebook

ថ្មីៗនេះ ប្រទេសកម្ពុជា និងប្រទេសឡាវ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវច្រករបៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនថ្មីមួយ ដែលអនុញ្ញាតឱ្យកសិផលរបស់ប្រទេសកម្ពុជាអាចដឹកជញ្ជូនទៅកាន់ប្រទេសចិន តាមផ្លូវគោករបស់ប្រទេសឡាវ និងតាមផ្លូវរថភ្លើងឡាវ-ចិន។ ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២២ ខែមិថុនា នៅកំពង់ផែស្ងួតថាណាលេង  ក្នុងរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្មនៃប្រទេសទាំងពីរ និងតំណាងវិស័យពាក់ព័ន្ធ។ នៅក្នុងឱកាសនោះដែរ កុងតឺន័រដំបូងចំនួន ៤ គ្រឿង ដែលផ្ទុកផ្លែធុរេនស្រស់របស់ប្រទេសកម្ពុជា បានចាប់ផ្តើមចេញដំណើរជាផ្លូវការឆ្ពោះទៅកាន់ប្រទេសចិន។

កសិផលរបស់ប្រទេសកម្ពុជាដែលត្រូវដឹកជញ្ជូនទៅកាន់ប្រទេសចិនតាមច្រកផ្លូវថ្មីនេះ រួមមានជាចម្បង៖ ផ្លែធុរេន ផ្លែចេក ផ្លែស្វាយ អង្ករ ផ្លែមៀន និងម្សៅដំឡូងមី។ ច្រកផ្លូវថ្មីនេះមានកំពង់ផែស្ងួតថាណាលេងជាចំណុចឆ្លងកាត់ និងជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏សំខាន់។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ច្រកផ្លូវថ្មីនេះនឹងជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនកសិផលរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ពី ១៥ ទៅ ២០ ថ្ងៃ មកសល់ត្រឹមតែប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ ដែលវាបានកាត់បន្ថយយ៉ាងច្រើននូវការខូចខាតកសិផលស្រស់ក្នុងកំឡុងពេលដឹកជញ្ជូន និងបង្កើនភាពប្រកួតប្រជែងនៃកសិផលរបស់ប្រទេសកម្ពុជានៅលើទីផ្សារប្រទេសចិន។

ការបើកដំណើរការច្រករបៀងដឹកជញ្ជូននេះ គឺផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដែលប្រទេសទាំងពីរ (កម្ពុជា-ឡាវ) សម្រេចបានកន្លងមក។ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា និង​ ឯកឧត្តម លីនខាំ ដួងសាវ៉ាន់  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងបរិស្ថាននៃប្រទេសឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅរាជធានីភ្នំពេញ ដោយបានយល់ព្រមជំរុញការដឹកជញ្ជូនកសិផលរបស់ប្រទេសកម្ពុជាឆ្លងកាត់ប្រទេសឡាវទៅកាន់ប្រទេសទីបី ជាពិសេសគឺប្រទេសចិន។ កិច្ចព្រមព្រៀងនេះបានបង្កើតឡើងនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ការឆ្លងកាត់ ការផ្ទេរផ្ទុកកសិផល និងការសម្របសម្រួលនីតិវិធីគយនៅតាមព្រំដែន។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការបើកច្រកផ្លូវថ្មីនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងការពិភាក្សាគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធរបស់ប្រទេសឡាវ។ ភាគីទាំងពីរបានបង្កើតច្រករបៀងដឹកជញ្ជូនថ្មីមួយសម្រាប់កសិផលរបស់ប្រទេសកម្ពុជាលក់ទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការសម្របសម្រួលលើនីតិវិធីដឹកជញ្ជូន ការឆ្លងកាត់ព្រំដែន និងការត្រួតពិនិត្យភូតគាមអនាម័យ។ នេះគឺជាវឌ្ឍនភាពវិជ្ជមានមួយនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ហើយក៏បាននាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់ការបើកទូលាយទីផ្សារអន្តរជាតិសម្រាប់កសិផលក្នុងស្រុកផងដែរ៕