បទវិភាគ៖ "ខ្សែសង្វាក់ចិន" បានផ្តល់ "ភាពប្រាកដប្រជា" ដ៏មានតម្លៃដល់ការរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល

ក្រុមហ៊ុន L'Oréal បារាំងតាំងបង្ហាញជាលើកដំបូងនូវមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីអំពីការវេចខ្ចប់ឆ្លាតវៃ ក្រុមហ៊ុន Siemens Healthineers របស់អាល្លឺម៉ង់បាននាំមកនូវឧបករណ៍ CT កម្រិតខ្ពស់ដំបូងគេដែលផលិតនៅប្រទេសចិន ក្រុមហ៊ុន Medtronic អាមេរិកបានបង្ហាញដំណោះស្រាយផ្នែកវេជ្ជសាស្ត្រឆ្លាតវៃដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងដំណើរទាំងមូល។ល។ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី ៤ ដែលបានរៀបចំធ្វើចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមិថុនាកន្លងទៅ បានផ្តល់អារម្មណ៍ដ៏ជ្រាលជ្រៅបំផុតដល់ទស្សនិកជនគឺ បច្ចេកវិទ្យាឌីជីថលនិងឆ្លាតវៃកំពុងផ្តល់កម្លាំងចលករដល់ខ្សែសង្វាក់ឧស្សាហកម្មទាំងមូល ហើយការសម្រេចបាននូវសមិទ្ធផលច្នៃប្រឌិតថ្មីទាំងនេះ គឺមិនអាចឃ្លាតពីការគាំទ្រដ៏រឹងមាំពី "ខ្សែសង្វាក់ផ្គត់ផ្គង់ចិន" បានឡើយ ។
ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដំបូងគេលើពិភពលោកដែលផ្តោតលើកិច្ចសហប្រតិបត្តិការខាងខ្សែសង្វាក់ផ្គត់ផ្គង់ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់លើកនេះបានទាក់ទាញសហគ្រាសជាង ១ ២០០ ដែលមកពី៨៥ប្រទេសនិងតំបន់ឱ្យចូលរួមពិព័រណ៍ ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះ សមាមាត្រនៃសហគ្រាសបរទេសដែលចូលរួមការតាំងពិព័រណ៍លើកនេះបានកើនឡើងដល់ ៣៦,៥ ភាគរយ ហើយក្រុមហ៊ុនលំដាប់កំពូលទាំង ៥០០ និងសហគ្រាសឈានមុខគេលើពិភពលោកមានសមាមាត្រលើសពី ៦៥ ភាគរយ ។
មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់លើកនេះបានបង្ហាញឱ្យឃើញនូវកម្រិត"ភាពវៃឆ្លាត" និង "នវានុវត្តន៍" កាន់តែខ្លាំងក្លាផងដែរ។ នៅកន្លែងតាំងពិព័រណ៍ គេអាចមើលឃើញមនុស្សយន្តដែលមានរូបរាងដូចមនុស្សនៅគ្រប់ទីកន្លែង ហើយពិព័រណ៍លើកនេះក៏បានដំឡើងកម្រិតពី "ខ្សែសង្វាក់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឌីជីថល" ទៅជា "ខ្សែសង្វាក់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឌីជីថល-វៃឆ្លាត" ហើយបានបង្កើតប្លុកពិសេសសម្រាប់បញ្ញាសិប្បនិម្មិតជាលើកដំបូង ព្រមទាំងលើកកម្ពស់លំដាប់ថ្នាក់និងកែលម្អប្លុកពិព័រណ៍អំពីខ្សែសង្វាក់ច្នៃប្រឌិតថ្មីផងដែរ។ ការរៀបចំយ៉ាងម៉ត់ចត់ទាំងនេះបានបញ្ចេញនូវសញ្ញាយ៉ាងច្បាស់លាស់ពីការប្ដេជ្ញាចិត្តរបស់ចិនក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មឌីជីថល-វៃឆ្លាតសកលមានភាពកាន់តែស៊ីជម្រៅ ។
"នៅក្នុងពិព័រណ៍នេះ តំណាងសហគ្រាសពហុជាតិជាច្រើនបានរៀបរាប់លម្អិតអំពីឧត្តមភាពនៃ "ខ្សែសង្វាក់ផ្គត់ផ្គង់ចិន" ដោយក្នុងនោះមានការលើកឡើងថា "នេះគឺជាខ្សែសង្វាក់ផ្គត់ផ្គង់ដែលប្រកបដោយគុណភាពខ្ពស់និងមានតម្លៃសមរម្យបំផុត" "មានប្រព័ន្ធឧស្សាហកម្មពេញលេញ ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប" និង "ជាស្នូលដ៏រឹងមាំសម្រាប់ការផលិតនិងប្រតិបត្តិការអាជីវកម្ម"... " ។ លោក Gu Yushao អគ្គនាយករងជាន់ខ្ពស់សកលនិងជាអគ្គនាយកក្រុមហ៊ុន Medtronic អាមេរិកប្រចាំតំបន់ចិនបានថ្លែងថា ភាពធន់និងសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សនៃខ្សែសង្វាក់ផ្គត់ផ្គង់ចិនបានធ្វើឱ្យគាត់មានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅ លោកបានបន្តថា "ដៃគូចិនមួយចំនួនអាចដាក់ចេញផែនការថ្មីនិងផ្តល់គំរូថ្មីក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ" ។
បើពិនិត្យមើលពីការអភិវឌ្ឍសកល ក្នុងបរិបទដែលនិន្នាការគាំពារនិយមកំពុងងើបឡើងវិញ និងការប៉ះទង្គិចភូមិសាស្ត្រនយោបាយកើតឡើងជាញឹកញាប់ "ខ្សែសង្វាក់ផ្គត់ផ្គង់ចិន" បានរួមចំណែកនូវ"ភាពប្រាកដប្រជា"ដ៏មានតម្លៃដល់ការរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ លោក Laureano Ortega ទីប្រឹក្សាប្រធានាធិបតីនីការ៉ាហ្គាបានសម្គាល់ឃើញថា "ខ្សែសង្វាក់ផ្គត់ផ្គង់ចិន" បានធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ "នេះក៏ជាមូលហេតុស្នូលដែលយើងបានមកចូលរួមពិព័រណ៍នេះផងដែរ" ។ ចំណែកឯលោកស្រី LAZAREVIĆ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសស៊ែប៊ីបានសម្គាល់ឃើញថា ចិនពឹងផ្អែកលើផែនការឧស្សាហកម្មជាប្រព័ន្ធ ទើបអាចនាំមុខគេក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ការរៀបចំពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវបំណងប្រាថ្នារួមក្នុងការប្រកាន់ខ្ជាប់នូវពាណិជ្ជកម្មសេរី ការពង្រឹងភាពធន់នៃខ្សែសង្វាក់ឧស្សាហកម្មនិងរក្សាស្ថិរភាពនៃពាណិជ្ជកម្មសកល ។
ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី ៤ បានបិទបញ្ចប់ដោយជោគជ័យ ប៉ុន្តែរឿងរ៉ាវនៃកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មសកលនៅតែបន្តសរសេរ។ "ខ្សែសង្វាក់ផ្គត់ផ្គង់ចិន" ដែលកំពុងឆ្ពោះទៅរកភាពច្នៃប្រឌិតថ្មីនិងភាពឆ្លាតវៃនឹងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកល ដើម្បីបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាដល់កិច្ចសហប្រតិបត្តិការឧស្សាហកម្មសកល ព្រមទាំងជួយប្រទេសនានាឱ្យ "តភ្ជាប់ជាមួយពិភពលោកនិងត្រួសត្រាយអនាគតជាមួយគ្នា"៕