កម្មវិធីផ្លាស់ប្តូរវប្បធម៌ "ស្ពានមិត្តភាព៖ ការរួមបញ្ចូលគ្នានៃរសជាតិម្ហូបតិចិន-កម្ពុជា" ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

កម្មវិធីផ្លាស់ប្តូរវប្បធម៌ក្រោមប្រធានបទ "ស្ពានមិត្តភាព៖ ការរួមបញ្ចូលគ្នានៃរសជាតិម្ហូប ចិន-កម្ពុជា" ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាថ្ងៃទី១០ ខែនេះ។ ភាគីទាំងពីរ ចិន-កម្ពុជា បានយកម្ហូបអាហារធ្វើជាស្ពានចងមិត្តភាព អមដោយបទពិសោធន៍នៃវប្បធម៌ប្រពៃណីចិន ដើម្បីរឹតចំណងផ្លាស់ប្តូរមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។
កម្មវិធីនេះបានប្រើប្រាស់ម្ហូបអាហារជាស្ពាន និងយកវប្បធម៌ជាកម្លាំងចលករ ដោយផ្អែកលើទម្រង់នៃការផ្លាស់ប្តូរដ៏សម្បូរបែប ដើម្បីឱ្យយុវជនប្រទេសកម្ពុជាបានស្វែងយល់ និងប៉ះផ្ទាល់នូវមន្តស្នេហ៍នៃវប្បធម៌ចិន ព្រមទាំងពង្រឹងគ្រឹះប្រជាជននៃមិត្តភាពអ្នកជិតខាងល្អរវាងប្រទេសចិន និងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោក ស៊ូ យូហ្វឹង ប្រធានក្រុមអ្នកស្ម័គ្រចិត្ត "ស្ពានមិត្តភាព" តំបន់ស្វយ័តជនជាតិជួងក្វាងស៊ី បានបញ្ជាក់ថា៖ "ប្រទេសកម្ពុជាសម្បូរទៅដោយគុយទាវ និងមី ហើយគុយទាវលួស៊ឺហ្វឹន នៅទីក្រុងលីវចូវ តំបន់ស្វយ័តជនជាតិជួង ក្វាងស៊ី គឺជាម្ហូបតំណាងមួយនៃវប្បធម៌មីប្រទេសចិន។ វប្បធម៌អាហារនៃកន្លែងទាំងពីរមានប្រភពដើមប្រហាក់ប្រហែលគ្នា ប៉ុន្តែមានលក្ខណៈពិសេសរៀងៗខ្លួន”។ លោកបានបន្ថែមថា លោកសង្ឃឹមថាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួម នឹងចាត់ទុកព្រឹត្តិការណ៍នេះជាឱកាសមួយដើម្បីភ្លក់រសជាតិនៃគុយទាវលួស៊ឺហ្វឹនពិតប្រាកដមកពីតំបន់ស្វយ័តជនជាតិជួង ក្វាងស៊ី ផ្លាស់ប្តូរវប្បធម៌អាហារ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនការយល់ដឹងរវាងគ្នា។
ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា ប្រពៃណីទំនៀមទម្លាប់ និងទម្លាប់នៃការហូបចុករបស់ប្រជាជននៃប្រទេសចិន និងកម្ពុជា គឺមានលក្ខណៈប្រហាក់ប្រហែលគ្នា ហើយប្រជាជនកម្ពុជាជាច្រើនចូលចិត្តប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងចូលចិត្តញ៉ាំអាហារចិន។ លើកនេះ ការបានភ្លក់រសជាតិនៃគុយទាវលួស៊ឺហ្វឹនដើមមកពីតំបន់ស្វយ័តជនជាតិជួង ក្វាងស៊ី ធ្វើឱ្យលោកទទួលបានអារម្មណ៍ពិតប្រាកដពីមន្តស្នេហ៍នៃវប្បធម៌អាហារចិន ហើយលោកសង្ឃឹមថានឹងយកព្រឹត្តិការណ៍វប្បធម៌នេះជាឱកាស ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការអប់រំ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងភាគីទាំងពីរ។
លោកជំទាវ វ៉ាង យ៉ាហួយ ប្រធានទីស្នាក់ការមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជាមានគ្រឹះយ៉ាងជ្រាលជ្រៅក្នុងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ មូលនិធិបានខិតខំប្រឹងប្រែងនៅប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំមកហើយ ដោយបានអនុវត្តសកម្មភាពផ្លាស់ប្តូរប្រជាជនយ៉ាងទូលំទូលាយលើវិស័យអប់រំ សុខាភិបាល កសិកម្ម និងវប្បធម៌។ លោកជំទាវសង្ឃឹមថា តាមរយៈសកម្មភាពដ៏ស្និទ្ធស្នាល និងងាយស្រួលយល់ដូចជាការផ្លាស់ប្តូរវប្បធម៌អាហារនេះ នឹងបន្តបង្កើនការយល់ដឹង និងមនោសញ្ចេតនាមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា ដើម្បីឱ្យមិត្តភាពដែកថែបនៃប្រទេសទាំងពីរស្ថិតស្ថេរជារៀងរហូត៕