中文 English {{ activeLangText || 'Languages' }} {{ item.text }}
លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី
News Focus > ខ្លឹមសារ

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី

CRI|
分享到Facebook

ព្រឹកថ្ងៃទី ២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋ​ចិនបាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Putin ប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំង។ ប្រមុខរដ្ឋទាំងពីរបានឈានដល់គំនិតឯកភាពគ្នាស្តីពីការ​ពន្យារ «សន្ធិសញ្ញាស្តីពី​ភាពជាអ្នកជិតខាងល្អ​និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន​និងរុស្ស៊ី»។

លោក Xi Jinping បានលើកឡើងថា មូលហេតុដែលទំនាក់ទំនងរវាងចិននិងរុស្ស៊ីអាចឈានដល់កម្រិតខ្ពស់​ដូច​សព្វ​ថ្ងៃ​គឺ ដោយសារតែយើងបាន​មានភាពក្លាហានក្នុងការពង្រឹងទំនុកចិត្ត​ខាងនយោបាយទៅវិញទៅមក​និងធ្វើ​កិច្ចសម្របសម្រួល​និង​សហការជាយុទ្ធសាស្ត្រ​ ព្រមទាំង​គាំពារ​សច្ចយុត្តិធម៌។ បច្ចុប្បន្នស្ថានការណ៍​អន្តរជាតិ​ពោរពេញដោយភាព​រង្គោះ​រង្កើ​និង​ការ​ច្របូក​ច្របល់​ អនុត្តរភាពនិយម​និង​ឯកតោភាគីនិយមកំពុងរីករាលដាល ប៉ុន្តែការ​ស្វែងរក​​សន្តិភាព ​ការអភិវឌ្ឍ​និងការជំរុញកិច្ចសហប្រតិបត្តិការនៅតែជាឆន្ទៈរបស់ប្រជាជន​និងជានិន្នាការទូទៅ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​និងជាប្រទេស​ធំនៅលើពិភពលោក​ ប្រទេសចិន​និងរុស្ស៊ី​គួរតែ​ធ្វើកិច្ចសម្របសម្រួល​និង​សហការ​ជាយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ដែលប្រកបដោយគុណភាពកាន់តែខ្ពស់​ ដើម្បីជំរុញការអភិវឌ្ឍ​និងការស្តារ​ភាព​រុងរឿង​រៀង​ៗខ្លួន​ ព្រមទាំងជំរុញការកសាងប្រព័ន្ធអភិ​បាលកិច្ច​សកល​ដែលកាន់តែយុត្តិធម៌​និងសមហេតុ​ផល​ ។

លោក Xi Jinping បានលើកឡើងថា ស្ថានការណ៍នៅមជ្ឈិមបូព៌ា​និងតំបន់ឈូងសមុទ្រកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះដែលផ្លាស់ប្តូរពីសង្គ្រាមទៅជាសន្តិភាព។ ការបញ្ចប់​សង្គ្រាមទាំងស្រុងគឺជារឿង​បន្ទាន់ ការធ្វើសង្គ្រាម​ឡើងវិញគឺមិនអាចទទួលយកបានទេ ហើយការប្រកាន់ខ្ជាប់​នូវ​ការចរចាគឺមានសារៈសំខាន់បំផុត។

ថ្លែង​ក្នុងកិច្ចជំនួប ​លោក Xi Jinping បាន​លើកឡើងថា ​​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ  ​​ប្រឈមមុខ​នឹង​សភាពការណ៍​អន្តរជាតិដ៏រង្គោះរង្គើ​ ​ចិននិងរុស្ស៊ី​បាន​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ភាពជាដៃគូ​​សម្រប​សម្រួល​និង​សហការ​ជា​យុទ្ធសាស្ត្រ​​គ្រប់ជ្រុងជ្រោយ​ក្នុង​យុគសម័យ​ថ្មី​ជា​បន្តបន្ទាប់   ​ទំនុកចិត្ត​ខាង​​នយោបាយ​រវាងគ្នា​និង​គ្នា​​កាន់តែ​ស៊ីជម្រៅ ​សហប្រតិបត្តិការ​ក្នុង​​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​វិនិយោគ ថាមពល​ ​បច្ចេកវិទ្យា ​​វប្បធម៌​និង​ប្រជាជន​ជាដើម​  ​វិវឌ្ឍ​រីកចម្រើន​ជា​បន្ត​បន្ទាប់   ​​​​ការតភ្ជាប់គ្នារវាងប្រជាជន​និង​ប្រជាជន​ក៏កាន់តែ​រឹងមាំ​។​​ទំនាក់ទំនង​ចិន​និង​រុស្ស៊ី​ឈានដល់​ដំណាក់កាល​ថ្មី​​ដែល​មាន​សមិទ្ធផល​​កាន់តែច្រើន​និង​​ការ​​អភិវឌ្ឍ​កាន់តែលឿន។​​​

​លោក Xi Jinping បាន​​គូស​បញ្ជាក់​បន្ត​​ថា ​ភាគីទាំងពីរ​គួរ​គាំពារ​​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​ក្រោយ​សង្គ្រាមលោកលើកទីពីរ​និង​កិត្យានុភាព​​នៃ​ច្បាប់អន្តរជាតិ ​រួម​សាមគ្គី​ជាមួយ​​ប្រទេសសកលខាងត្បូង ​ដើម្បី​ដឹកនាំ​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​អភិបាលកិច្ច​សកល​ឱ្យ​ឆ្ពោះ​ទៅរកទិសដៅ​ត្រឹមត្រូវ។

ជាការ​ឆ្លើយ​តប លោកPutin  បាន​ថ្លែងថា ​​កិច្ចសហ​ប្រតិបត្តិការ​​​រវាង​រុស្ស៊ី​និង​ចិន​ជា​កត្តា​ស្ថិរភាពដ៏សំខាន់​ក្នុង​បរិបទ​ដែល​ស្ថានការណ៍​អន្តរជាតិ​មានភាព​រង្គោះរង្គើ​។ ភាគីរុស្ស៊ី​មានឆន្ទៈ​បន្ត​បង្កើន​ការសម្របសម្រួល​និង​កិច្ចសហការ​​ពហុភាគីជាមួយចិន ​​គាំទ្រ​ចិន​រៀបចំ​​​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​មេដឹកនាំ​អង្គការ APEC  ​រួមគ្នា​គាំពារ​កិត្យានុភាព​នៃ​​អង្គការ​សហប្រជាជាតិ ​​ផ្តួចផ្តើម​នូវ​ពិពិធកម្ម​អរិយធម៌​  ​ដើម្បី​ជំរុញឱ្យ​​សណ្តាប់ធ្នាប់អន្តរជាតិ​មានភាពកាន់តែយុត្តិធម៌ និងសមហេតុផល។

បន្ទាប់​ពី​កិច្ចជំនួប ​ប្រមុខរដ្ឋ​នៃ​​ប្រទេសទាំងពីរ​ចិន​និង​រុស្ស៊ី​បាន​អញ្ជើញ​ជា​សក្ខីភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​ចិន​-រុស្ស៊ី ​និង​​ជួបជាមួយ​អ្នកកាសែតជាតិនិងអន្តរជាតិ៕​​​