中文 English {{ activeLangText || 'Languages' }} {{ item.text }}
ថាមពលវារីអគ្គិសនីពីប្រទេសឡាវ ត្រូវបានបញ្ជូនទៅកាន់តំបន់ឆកសមុទ្រធំ ក្វាងទុង-ហុងកុង-ម៉ាកាវ ជាលើកដំបូង តាមរយៈគម្រោងតភ្ជាប់បណ្តាញអគ្គិសនី ៥០០ គីឡូវ៉ុល ចិន-ឡាវ
ព័ត៌មាន > ខ្លឹមសារ

ថាមពលវារីអគ្គិសនីពីប្រទេសឡាវ ត្រូវបានបញ្ជូនទៅកាន់តំបន់ឆកសមុទ្រធំ ក្វាងទុង-ហុងកុង-ម៉ាកាវ ជាលើកដំបូង តាមរយៈគម្រោងតភ្ជាប់បណ្តាញអគ្គិសនី ៥០០ គីឡូវ៉ុល ចិន-ឡាវ

កាសែតយូណានដេលី|
分享到Facebook

នៅថ្ងៃទី ៦ ខែសីហា ថាមពលវារីអគ្គិសនីពីប្រទេសឡាវ ត្រូវបានបញ្ជូនទៅកាន់តំបន់ឆកសមុទ្រធំ ក្វាងទុង-ហុងកុង-ម៉ាកាវ នៃប្រទេសចិន ជាលើកដំបូង តាមរយៈគម្រោងតភ្ជាប់បណ្តាញអគ្គិសនី ៥០០ គីឡូវ៉ុល ចិន-ឡាវ។ សកម្មភាពនេះបានបង្ហាញពីការបន្តពង្រឹងសមត្ថភាពជួយជ្រោមជ្រែងថាមពលអគ្គិសនីទៅវិញទៅមករវាងប្រទេសចិន និងឡាវ ព្រមទាំងបង្កើនកម្រិតនៃការបែងចែក និងកែសម្រួលថាមពលស្អាតឆ្លងតំបន់ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការបញ្ជូនថាមពលអគ្គិសនីលើកនេះ ត្រូវបានរំពឹងថានឹងបន្តរហូតដល់ចុងខែតុលា ដោយមានបរិមាណបញ្ជូនសរុបប្រមាណ ៦០០ លានគីឡូវ៉ាត់ម៉ោង ហើយថាមពលអគ្គិសនីដែលពាក់ព័ន្ធនឹងចូលរួមក្នុងពាណិជ្ជកម្មទីផ្សារអគ្គិសនីតំបន់ភាគខាងត្បូងក្នុងពេលដំណាលគ្នា។ ការបញ្ជូនថាមពលវារីអគ្គិសនីពីប្រទេសឡាវទៅដល់តំបន់ឆកសមុទ្រធំ ក្វាងទុង-ហុងកុង-ម៉ាកាវ ដោយជោគជ័យនាពេលនេះ បានពង្រីកបន្ថែមទៀតនូវវិសាលភាពនៃការប្រើប្រាស់ថាមពលស្អាតឆ្លងដែន និងរុញច្រានឱ្យលេចចេញនូវទម្រង់នៃការបញ្ជូនថាមពលស្អាតឆ្លងដែនបែបបំពេញបន្ថែមថាមពលច្រើនមុខ "ថាមពលពន្លឺព្រះអាទិត្យ + ថាមពលវារីអគ្គិសនី"។ នៅក្នុងឆ្នាំនេះ បរិមាណអគ្គិសនីជួញដូរតាមទីផ្សារសរុប នៃថាមពលពន្លឺព្រះអាទិត្យ និងថាមពលវារីអគ្គិសនី តាមរយៈគម្រោងតភ្ជាប់បណ្តាញអគ្គិសនី ៥០០ គីឡូវ៉ុល ចិន-ឡាវ ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ១,៥ ពាន់លាន គីឡូវ៉ាត់ម៉ោង។

កិច្ចសហប្រតិបត្តិការតភ្ជាប់បណ្តាញអគ្គិសនី ចិន-ឡាវ បានឆ្លងកាត់ដំណើរការអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ នៅក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុន Southern Power Grid របស់ប្រទេសចិនបានបញ្ជូនអគ្គិសនីទៅកាន់តំបន់ភាគខាងជើងនៃប្រទេសឡាវជាលើកដំបូង តាមរយៈខ្សែបណ្តាញ ១១៥ គីឡូវ៉ុល។ នៅឆ្នាំ ២០២២ ពាណិជ្ជកម្មអគ្គិសនីទ្វេភាគី ចិន-ឡាវ ត្រូវបានចាប់ផ្តើមជាផ្លូវការតាមរយៈខ្សែបណ្តាញ ១១៥ គីឡូវ៉ុល។ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំនេះ គម្រោងតភ្ជាប់បណ្តាញអគ្គិសនី ៥០០ គីឡូវ៉ុល ចិន-ឡាវ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយនៅថ្ងៃចាប់ផ្តើមនោះ ថាមពលពន្លឺព្រះអាទិត្យចេញពីមូលដ្ឋានថាមពលស្អាតនៅភាគខាងជើងប្រទេសឡាវ ត្រូវបានបញ្ជូនទៅខេត្តយូនណានតាមរយៈច្រករបៀងនេះ ដែលជាការតភ្ជាប់គម្រោងថាមពលថ្មីក្រៅប្រទេសចូលទៅក្នុងទីផ្សារអគ្គិសនីរបស់ប្រទេសចិនជាលើកដំបូង ហើយកិច្ចសហប្រតិបត្តិការវិស័យអគ្គិសនីរវាងប្រទេសទាំងពីរ បានឈានចូលដល់ដំណាក់កាលថ្មីស្រឡាងជាផ្លូវការ ដែលមានកម្រិតតង់ស្យុងខ្ពស់ជាងមុន ទំហំនៃការបញ្ជូនថាមពលធំជាងមុន និងការដំណើរការតាមយន្តការទីផ្សារ។

អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រុមហ៊ុន Southern Power Grid បានថ្លែងថា នៅជំហានបន្ទាប់ ក្រុមហ៊ុននឹងបន្តពង្រីកជម្រៅ និងវិសាលភាពនៃពាណិជ្ជកម្មអគ្គិសនីឆ្លងដែន ប្រើប្រាស់ប្រសិទ្ធភាពសហថាមពលនៃគម្រោងតភ្ជាប់បណ្តាញអគ្គិសនី ៥០០ គីឡូវ៉ុល ចិន-ឡាវ និងច្រករបៀងធំ "បញ្ជូនអគ្គិសនីពីភាគខាងលិចទៅភាគខាងកើត" ឱ្យបានពេញលេញ ដើម្បីជំរុញការបំពេញបន្ថែមឱ្យគ្នាទៅវិញមករវាងអត្ថប្រយោជន៍ថាមពលនៃប្រទេសទាំងពីរ បង្កើនប្រសិទ្ធភាពនៃការបែងចែកធនធានថាមពលក្នុងតំបន់ឡានឆាង-មេគង្គ និងរុញច្រានកិច្ចសហប្រតិបត្តិការថាមពល "ខ្សែក្រវាត់ និងផ្លូវ" ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត៕