中文 English {{ activeLangText || 'Languages' }} {{ item.text }}
ភាពយន្តនិងរឿងភាគចិនទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ាន យុវជនបរទេសរំពឹងថា "នឹងមានការផលិតឱ្យបានកាន់តែច្រើន"
ព័ត៌មាន > ខ្លឹមសារ

ភាពយន្តនិងរឿងភាគចិនទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ាន យុវជនបរទេសរំពឹងថា "នឹងមានការផលិតឱ្យបានកាន់តែច្រើន"

គេហទំព័រព័ត៌មានចិន|
分享到Facebook

នាពេលថ្មីៗនេះ ខ្សែភាពយន្តប្រទេសចិនដែលមានចំណងជើងថា 《សំបុត្រស្នេហាជូនលោកយាយ》 (Dear You) ដែលកំពុងចាក់បញ្ចាំងយ៉ាងក្តៅគគុកនោះ បានក្លាយជាប្រធានបទពិភាក្សាយ៉ាងជក់ចិត្ត នៅក្នុងសកម្មភាព "ទស្សនកិច្ចវប្បធម៌និងសារមន្ទីររបស់យុវជនចិន-អាស៊ាន" ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងដុនហួង ខេត្តកានស៊ូ ។ យុវជនជាច្រើនរូបមកពីប្រទេសសមាជិកអាស៊ាន ដូចជា ម៉ាឡេស៊ី កម្ពុជា និងឥណ្ឌូនេស៊ី ជាដើម បានលើកឡើងថា៖ "ភាពយន្តនិងរឿងភាគ បានក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់យុវជនក្នុងតំបន់ ស្វែងយល់ពីវប្បធម៌ប្រទេសចិន ហើយពួកគេរំពឹងថានឹងមានការផលិតឱ្យបានកាន់តែច្រើនថែមទៀត"។

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ក្រុមអ្នកប្រកបវិជ្ជាជីវៈខាងវប្បធម៌និងសារមន្ទីរវ័យក្មេង និស្សិតអន្តរជាតិ អ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម មកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ាន បាននាំគ្នាចូលទស្សនាស្ថាប័នវប្បធម៌និងសារមន្ទីរ ក៏ដូចជាសហគ្រាសវប្បធម៌នានា នៅក្នុងទីក្រុងដុនហួង ដើម្បីស្វែងរកផ្លូវថ្មីសម្រាប់យុវជន ក្នុងការចូលរួមចំណែកដល់ការផ្លាស់ប្តូររវាងអារ្យធម៌ និងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងតំបន់។

លោក ជោ ភីសិដ្ឋ ដែលជាអ្នកសារព័ត៌មានប្រទេសកម្ពុជា វ័យ ៣០ឆ្នាំ បានបង្ហើបឱ្យដឹងថា លោកបាន "ចាប់អារម្មណ៍យ៉ាងខ្លាំងជាយូរមកហើយ" លើរឿងភាគប្រវត្តិសាស្ត្រប្រទេសចិន។ លោកបានបន្តថា៖ "ភាពយន្តនិងរឿងភាគប្រទេសចិន មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំចូលចិត្តរឿង 《សាមកុក》 ខ្លាំងណាស់ និងកោតសរសើរចំពោះភាពឆ្លាតវៃពោរពេញដោយយុទ្ធសាស្ត្ររបស់លោក ជូកឺ ឡាំង  ព្រមទាំងចូលចិត្តលោក ស៊ូ ដុងភូ ផងដែរ។ ខ្ញុំរំពឹងថា ប្រទេសចិននឹងអាចបញ្ចេញស្នាដៃប្រវត្តិសាស្ត្រកាន់តែច្រើន ទាក់ទងនឹងការប្រាស្រ័យទាក់ទងគ្នារវាងអារ្យធម៌ពិភពលោក"។

បច្ចុប្បន្ននេះ ភាពយន្តនិងរឿងភាគប្រទេសចិន បានក្លាយជាស្ពានចម្លងដ៏សំខាន់មួយ សម្រាប់យុវជនអាស៊ានក្នុងការឈ្វេងយល់ពីប្រទេសចិន និងតភ្ជាប់វប្បធម៌រវាងប្រទេសចិននិងបរទេស។ នៅក្នុងទស្សនៈរបស់លោក លីម គាហ៊ៅ នាយកសារមន្ទីរជនជាតិចិនប្រចាំប្រទេសម៉ាឡេស៊ី បានយល់ឃើញថា ការពឹងផ្អែកលើកម្មសិទ្ធិបញ្ញានៃភាពយន្ត ដើម្បីផ្សារភ្ជាប់ជាមួយនឹងធនធានវប្បធម៌និងសារមន្ទីរ ព្រមទាំងការបញ្ចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅបរទេស គឺជាកាលានុវត្តភាពដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌ឆ្លងដែន នាពេលបច្ចុប្បន្ននេះ៕