ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនតាមផ្លូវរថភ្លើងចិន-ឡាវ សម្រេចបានលើសពី ២០ លានតោន
កាសែតប្រជាជន|

គិតត្រឹមថ្ងៃទី៨ ខែកក្កដា គិតចាប់តាំងពីបើកដំណើរការមក ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនតាមផ្លូវរថភ្លើងចិន-ឡាវ សម្រេចបានបរិមាណសរុបលើសពី ២០ លានតោន និងបានបើកបរជើងរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនសរុបជាង ២,៣ ម៉ឺនជើង។ គិតចាប់តាំងពីដើមឆ្នាំនេះមក ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនតាមផ្លូវរថភ្លើងចិន-ឡាវ នៅតែបន្តរក្សាបាននូវប្រតិបត្តិការកម្រិតខ្ពស់ ដោយក្នុងមួយថ្ងៃៗដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនជាមធ្យម ១,៧ ម៉ឺនតោន និងសម្រេចបានបរិមាណសរុបចំនួន ៣,១៦ លានតោន ដែលរក្សាបាននូវកំណើនប្រកបដោយស្ថិរភាពបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយផលលាភនៃ "ខ្សែផ្លូវមាស" នេះត្រូវបានបញ្ចេញជាបន្តបន្ទាប់។
មន្ត្រីទទួលបន្ទុកពាក់ព័ន្ធនៃក្រុមហ៊ុនផ្លូវដែករដ្ឋចិន សាខាក្រុងគុនមិញ បានថ្លែងថា ជំហានបន្ទាប់ គឺនឹងបន្តធ្វើឱ្យប្រសើរឡើងនូវផែនការបើកបរជើងរថភ្លើង ព្រមទាំងពង្រឹងកិច្ចសហការ និងការភ្ជាប់ទំនាក់ទំនងស៊ីជម្រៅឆ្លងដែននិងឆ្លងស្ថាប័ន ដើម្បីបង្កើនប្រសិទ្ធភាពនៃ ការបំពេញបែបបទគយនៅច្រកទ្វារព្រំដែន និងការចែកចាយទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែប្រសើរឡើង ក្នុងគោលបំណងជំរុញឱ្យបរិមាណដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃផ្លូវរថភ្លើងចិន-ឡាវ មានកំណើនឡើងប្រកបដោយស្ថិរភាព៕