កាលពីឆ្នាំមុន ខេត្តយូណានបានអនុវត្ត "គម្រោងបណ្តុះបណ្តាលជំនាញឆ្លងដែនឡានឆាង-មេគង្គ" ដោយបានផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមសរុបជាង ១៥០០ នាក់

ប្រភព: កាសែតយូណាន   |    2026-03-11 15:42:31

ក្នុងឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌និងប្រជាជន ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សឆ្លងដែន ខេត្តយូណានបានរៀបចំអនុវត្ត "គម្រោងបណ្តុះបណ្តាលជំនាញឆ្លងដែនឡានឆាង-មេគង្គ"ចំនួន ២៣ គម្រោង។ គម្រោងទាំងនេះបានផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមសរុបជាង ១៥០០ នាក់ ដែលក្នុងនោះរួមមាន មន្ត្រីរដ្ឋាភិបាល លោកគ្រូអ្នកគ្រូ និស្សិត និងកម្មករជំនាញ មកពីបណ្តាប្រទេសនានាដូចជា វៀតណាម ឡាវ ថៃ និងកម្ពុជាជាដើម។

វគ្គបណ្តុះបណ្តាលនេះ បានផ្តោតសំខាន់លើតម្រូវការនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ដោយផ្អែកលើយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS) ដើម្បីរៀបចំនិងអនុវត្តការបណ្តុះបណ្តាលជំនាញឆ្លងដែន។ តាមរយៈការពន្យល់ទ្រឹស្តីស៊ីជម្រៅ ការអនុវត្តជាក់ស្តែង និងការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្រូបង្រៀន គម្រោងនេះបានបណ្តុះបណ្តាលធនធានមនុស្សជំនាញដែលកំពុងខ្វះខាត និងត្រូវការ​ជាចាំបាច់។ វគ្គបណ្តុះបណ្តាលនេះបានគ្របដណ្តប់លើវិស័យធំៗចំនួន ៦ រួមមាន ផលិតកម្មឆ្លាតវៃ កសិរុក្ខាប្រមាញ់ទំនើប ព័ត៌មានវិទ្យានិងទូរគមនាគមន៍ សេវាកម្មទេសចរណ៍ ពាណិជ្ជកម្មអេឡិចត្រូនិក និងថាមពលថ្មី ដែលបែងចែកជា ២៣ មុខជំនាញ។

បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាល "ការចម្អិនម្ហូបចិន"នៅវិទ្យាស្ថានបច្ចេកទេសប៉ាវសាន សិក្ខាកាមជនជាតិឡាវ​មួយចំនួន ត្រូវបានក្រសួងការងារនិងសុខុមាលភាពសង្គមនៃប្រទេសឡាវ ណែនាំឱ្យចូលបម្រើការងារនៅតាមសហគ្រាស​ម្ហូបអាហារ​ចិនក្នុងស្រុក ដោយសម្រេចបាននូវទិសដៅ "រៀនទទួលបានចំណេះ ជំនាញទទួលបានការងារ"។ ចំណែកឯ​វគ្គ​បណ្តុះបណ្តាលស្តីពី "ការដាំដុះកាហ្វេ" និង "សេវាកម្មទេសចរណ៍"ដែលរៀបចំឡើងនៅស្រុកជាំងឆឺងវិញ បានចែករំលែកនូវ​ទម្រង់គំរូអភិវឌ្ឍន៍ទីប្រជុំជនសហគ្រិនភាពរបស់ទីក្រុងភូអឺ ដែលទទួលបានការឯកភាពនិងវាយតម្លៃខ្ពស់ពីសំណាក់មន្ទីរវប្បធម៌ និងទេសចរណ៍នៃខេត្តផុងសាលី ប្រទេសឡាវ ព្រមទាំងបានផ្តល់ជាឯកសារយោងជាក់ស្តែង សម្រាប់ការបង្កើតខ្សែ​បន្ទាត់​មាសទេសចរណ៍តាមតំបន់ព្រំដែនផងដែរ។

វគ្គបណ្តុះបណ្តាលនេះ បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងតម្រូវការធនធានមនុស្ស នៃបណ្តា​ប្រទេសឡានឆាង-មេគង្គ ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្ម ៤.០។ តាមរយៈ​ការរៀបចំ​យ៉ាងពិសេសនូវកម្មវិធីបណ្តុះបណ្តាល ដែលផ្តោតលើការអនុវត្តជាក់ស្តែង បែងចែកជាម៉ូឌុល និងផ្អែកលើស្ថានភាព​ការងារជាក់ស្តែង គម្រោងនេះបានបណ្តុះបណ្តាលធនធានមនុស្សជំនាញមួយក្រុមធំ ដែលស័ក្តិសមនឹងការអភិវឌ្ឍ​ឧស្សាហកម្ម​ក្នុងតំបន់។ ក្នុងចំណោមនោះរួមមាន អ្នកជំនាញផ្នែកឌីជីថលចំនួន ៨៩ នាក់ អ្នកជំនាញផ្នែកអគ្គិសនីចំនួន ១៨៣ នាក់ អ្នកជំនាញផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកចំនួន ១៤២ នាក់ និងអ្នកជំនាញផ្នែកផលិតកម្មឆ្លាតវៃចំនួន ៣១៩ នាក់។

ទន្ទឹមនឹងនេះដែរ ដោយផ្អែកលើមធ្យោបាយនានា ដូចជាការរួមគ្នាកសាង "រោងជាងក្តីស្រមៃនៃគំនិតផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ"ជាដើម គម្រោងនេះបានអនុវត្តយ៉ាងសកម្មនូវទម្រង់បណ្តុះបណ្តាលត្រីវិមាត្រគឺ "ភាសាចិន + ជំនាញវិជ្ជាជីវៈ + វប្បធម៌​លេចធ្លោរបស់ខេត្តយូណាន"សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរ និងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក​ផ្នែកវប្បធម៌​និង​ប្រជាជន នៅក្នុងវគ្គបណ្តុះបណ្តាល។ វិទ្យាស្ថានជាច្រើនបានបង្កើតទម្រង់កិច្ចសហប្រតិបត្តិការកសាងមុខជំនាញរួមគ្នា និង​ការបណ្តុះបណ្តាលធនធានមនុស្សតាមបែប "បញ្ជាទិញ"ជាមួយវិទ្យាស្ថាននិងសហគ្រាសជាដៃគូនៅប្រទេសឡាវ និងវៀតណាម លើវិស័យយានយន្តថាមពលថ្មី ផលិតកម្មឆ្លាតវៃ និងកសិរុក្ខាប្រមាញ់ ដែលនេះបានជំរុញយ៉ាងខ្លាំងក្នុងការប្រែក្លាយ​សមិទ្ធិផល​នៃការបណ្តុះបណ្តាលរយៈពេលខ្លី ឱ្យទៅជាយន្តការកិច្ចសហប្រតិបត្តិការរយៈពេលវែង៕

អ្នកបកប្រែ៖លីហ្សាLi Zha

កាលពីឆ្នាំមុន ខេត្តយូណានបានអនុវត្ត "គម្រោងបណ្តុះបណ្តាលជំនាញឆ្លងដែនឡានឆាង-មេគង្គ" ដោយបានផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមសរុបជាង ១៥០០ នាក់