ទូរស័ព្ទដៃក្លាយជាឧបករណ៍កសិកម្មជំនាន់ថ្មី ចំណែកការផ្សាយផ្ទាល់ក្លាយជាការងារកសិកម្មបែបថ្មី

ជារៀងរាល់ថ្ងៃសៅរ៍ ទោះបីជាអ័ព្ទស្តើងនាពេលព្រឹកព្រលឹមមិនទាន់រសាត់បាត់អស់ក៏ដោយ ក៏នៅលើទីលាននៃភូមិតុងពីង ទីប្រជុំជនជីវឆឺង ស្រុកយីងជាំង តំបន់ស្វយ័តជនជាតិតាយនិងជីងប៉ូតឺហុង ខេត្តយូណាន ពោរពេញទៅដោយសំឡេងអ៊ូអរកកកុញទៅហើយ។
ស្របពេលដែលដំឡូងបារាំង និងប៉េងប៉ោះ កំពុងលក់លើទីផ្សារក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ លោក ឡួ យ៉ូវតាយ អ្នកស្រុកនៅទីប្រជុំជនជីវឆឺង កំពុងមានភាពមមាញឹកយ៉ាងខ្លាំង ស្ទើរតែរកពេលដកដង្ហើមមិនទាន់។ នៅក្នុងការផ្សាយផ្ទាល់ គាត់បានកាន់កសិផលដែលទើបតែប្រមូលផលថ្មីៗនៅក្នុងដៃ ព្រមទាំងធ្វើការណែនាំលក់យ៉ាងស្វាហាប់ និងរាក់ទាក់បំផុត។
កាលពីប៉ុន្មានឆ្នាំមុន ប៉េងប៉ោះដែលមានគុណភាពខ្ពស់ទំហំជាង ៧០ ហិកតានៅឯស្រុកកំណើត ត្រូវកកស្ទះលក់មិនចេញ ដោយសារតែការដឹកជញ្ជូនមានការលំបាក និងកង្វះខាតព័ត៌មានទីផ្សារ ហើយអ្នកភូមិបានត្រឹមតែបើកភ្នែកមើលផលដំណាំទាំងនោះស្អុយរលួយចោលនៅលើដីចម្ការទាំងសោកស្តាយ។ លុះដល់ឆ្នាំ២០២០ លោក ឡួ យ៉ូវតាយ បានចាប់ផ្តើមសាកល្បងធ្វើការផ្សាយផ្ទាល់តែម្នាក់ឯង ដើម្បីជួយលក់កសិផលរបស់កសិករ ប៉ុន្តែដោយសារតែប្រភពផ្គត់ផ្គង់ទំនិញមិនមានស្ថិរភាព បូករួមនឹងថ្លៃដឹកជញ្ជូនខ្ពស់ពេក ជារឿយៗនៅក្នុងបន្ទប់ផ្សាយផ្ទាល់របស់គាត់ មានតែបងប្អូនសាច់ញាតិខ្លួនឯងប៉ុណ្ណោះដែលចូលមកជួយគាំទ្រ។

ចំណុចរបត់បានចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣។ ក្រោមការជួយគាំទ្រពីរដ្ឋបាលក្នុងតំបន់ វេទិកាតាំងបង្ហាញ និងលក់កសិផលប្រចាំតំបន់ ដោយយក "វិថីចុងសប្តាហ៍ទីប្រជុំជនជីវឆឺង"ជាស្នូល ក៏លេចជារូបរាងឡើង។ ពោលគឺ ឃុំសង្កាត់ (និងសហគមន៍កសិដ្ឋាន) ទាំង ១៦ ទូទាំងស្រុក បានផ្លាស់ប្តូរវេនគ្នាធ្វើជា "ប្រធានវិថី"ដោយផ្លាស់ប្តូរវេនគ្នារៀបចំយកកសិផលប្រចាំតំបន់របស់ខ្លួន មកតាំងបង្ហាញនិងប្រមូលផ្តុំលក់នៅទីនេះ ដែលមានរួមបញ្ចូលមុខទំនិញជាច្រើនប្រភេទ ដូចជា ផលិតផលពីតំបន់ភ្នំ បន្លែផ្លែឈើ អាហារសម្រន់ និងទំនិញសិប្បកម្មប្រពៃណីជនជាតិដើមភាគតិចជាដើម។
លោក ឡួ យ៉ូវតាយ បានចាប់ផ្តើមប្រើប្រាស់វីដេអូ ដើម្បីកត់ត្រារូបភាពនៃជីវភាពរស់នៅតាមជនបទ និងកសិផលស្រស់ៗនៅជុំវិញខ្លួនគាត់។ បច្ចុប្បន្ននេះ គាត់ទទួលបានការគាំទ្រ និងមានឈ្មោះបោះសំឡេងគួរសមនៅលើបណ្តាញអ៊ីនធឺណិត ដោយបានបង្ហោះវីដេអូខ្លីៗសរុបជាង ៧០០ វីដេអូ និងធ្វើការផ្សាយផ្ទាល់ជាង ១០០ ដង។ តាមរយៈបណ្តាញអ៊ីនធឺណិត ទំហំនៃការបញ្ជាទិញបានកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យកសិផលទាំងនោះត្រូវបានដឹកជញ្ជូនជាបន្តបន្ទាប់ ឆ្ពោះទៅកាន់ទីក្រុងធំៗជួរមុខរបស់ប្រទេសចិន ដូចជា ទីក្រុងប៉េកាំង សៀងហៃ និងក្វាងចូវ។
គិតមកដល់ពេលបច្ចុប្បន្ន "វិថីចុងសប្តាហ៍ទីប្រជុំជនជីវឆឺង"បានរៀបចំកម្មវិធីទីផ្សារសរុបចំនួន ១១៤ លើក ដោយបានទាក់ទាញភ្ញៀវចូលរួមទស្សនា និងទិញទំនិញជាង ១ លាននាក់។ ទំហំទឹកប្រាក់នៃការលក់ទាំងនៅលើបណ្តាញអ៊ីនធឺណិត និងនៅកន្លែងផ្ទាល់បានបំបែកកំណត់ត្រាលើសពី ៣០ លានយាន់ ដែលបានជួយជំរុញ និងបង្កើតឱកាសការងារនៅក្បែរផ្ទះជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជាង ៣០០ នាក់៕
អ្នកបកប្រែ៖លីហ្សាLi Zha