៤០ ឆ្នាំរបស់គ្រូបង្រៀនជនបទម្នាក់ ជាមួយសាលាបឋមសិក្សានៅតំបន់ភ្នំ
លោកគ្រូ ណុង ជាគួយ ដែលជាគ្រូបង្រៀនមកពីសាលាបឋមសិក្សាលួសុងទី ក្នុងទីប្រជុំជនលានឆឹង ស្រុកក្វាងណាន តំបន់ស្វយ័តជនជាតិជួងនិងម៉ាវវិនសាន ខេត្តយូណាន ប្រទេសចិន គឺជាតំណាងប្រជាជននៅក្នុងកិច្ចប្រជុំមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននាឆ្នាំនេះ។
នៅក្នុងឆ្នាំ ១៩៨៦ លោកគ្រូ ណុង ជាគួយ ដែលមានអាយុទើបតែ ២០ ឆ្នាំ បានទៅបង្រៀននៅភូមិដាច់ស្រយាលមួយ ដែលអ្នកភូមិជាច្រើននៅទីនោះមានពិការភាពដោយសារជំងឺ។ ប្រឈមមុខនឹងអាណាព្យាបាលសិស្សដែលមានពិការភាពរាងកាយ និងបរិយាកាសសិក្សាដ៏សែនលំបាកខ្វះខាតបំផុត គាត់ក៏ធ្លាប់គិតចង់បោះបង់ចោលការងារនេះដែរ។ ប៉ុន្តែ កែវភ្នែកដែលចង់ទទួលបានចំណេះដឹងរបស់ក្មេងៗទាំងនោះ បានធ្វើឱ្យគាត់មិនដាច់ចិត្តដើរចេញពីទីនោះឡើយ។ ក្មេងៗទាំងនោះហើយ ដែលបានក្លាយជាកម្លាំងចិត្តដ៏រឹងមាំ ជំរុញឱ្យលោកគ្រូ ណុង ជាគួយ បន្តតស៊ូឈរជើងនៅទីនោះដោយមិនរាថយ។

គ្មានថ្នាក់រៀន គាត់បានខ្ចីបន្ទប់ពេទ្យមកធ្វើជាកន្លែងបង្រៀន គ្មានសៀវភៅពុម្ព គាត់បានដើររកសៀវភៅចាស់ៗមកជំនួស គ្មានក្រដាសប្រឡង គាត់បានចម្លងវិញ្ញាសានៅលើក្ដារខៀនដោយផ្ទាល់ដៃ។ ប៉ុន្តែ សាលារៀននៅពេលនោះ អាចទទួលសិស្សបានត្រឹមតែ ៣ កម្រិតថ្នាក់ប៉ុណ្ណោះ។ ដើម្បីធានាថាក្មេងៗមានឱកាសបានរៀនសូត្របន្ត លោកគ្រូ ណុង ជាគួយ និងអ្នកភូមិ បានសម្រេចចិត្តរួមគ្នាសាងសង់សាលារៀនមួយដោយកម្លាំងញើសឈាមរបស់ពួកគេផ្ទាល់។
អ្នកភូមិដែលពិការដៃ បានប្រើកណ្ដាប់ដៃទាំងពីរក្ដាប់កាន់ចបកាប់យ៉ាងណែន អ្នកដែលពិការជើង បានយកសំបកកង់ឡានចាស់ៗមកទ្រាប់លុតជង្គង់ ចំណែកមនុស្សចាស់ជរាពិការដែលរស់នៅតែម្នាក់ឯង ដោយសារតែគ្មានឧបករណ៍នៅផ្ទះ ពួកគាត់បានយកវែកឆា ហើយលុតជង្គង់កូរលាយស៊ីម៉ងត៍នៅលើការដ្ឋានតែម្ដង។ ពួកគេបានខិតខំពុះពារធ្វើការទាំងថ្ងៃទាំងយប់ដោយមិនគិតពីការនឿយហត់ រហូតសាងសង់បន្ទប់រៀនបានចំនួនពីរយ៉ាងជោគជ័យ។

ទិដ្ឋភាពទាំងនេះ បានអង្រួនក្រអៅបេះដូងរបស់ក្មេងៗយ៉ាងខ្លាំង និងបានជំរុញឱ្យពួកគេកាន់តែខិតខំប្រឹងប្រែងរៀនសូត្រទ្វេដង។ លុះដល់ឆ្នាំ១៩៩២ សិស្សជំនាន់ទីមួយទាំង ១២ នាក់ នៃសាលាបឋមសិក្សាលួសុងទី បានឈានចូលដល់ការប្រឡងបញ្ចប់ការសិក្សា។ កាលឆ្នាំនោះ ក្មេងៗនៃសាលាបឋមសិក្សាលួសុងទី មិនបានធ្វើឱ្យគ្រប់គ្នាខកបំណងឡើយ ពោលគឺពួកគេទាំងអស់គ្នាសុទ្ធតែទទួលបានពិន្ទុលើសកម្រិតស្តង់ដារកំណត់ សម្រាប់ការបន្តការសិក្សាទៅថ្នាក់បន្ទាប់។
“រយៈពេល ៤០ ឆ្នាំមកនេះ ខ្ញុំតែងតែតស៊ូឈរជើងនៅសាលាបឋមសិក្សាលួសុងទី។ ក្នុងស្ថានភាពដែលមានខ្ញុំជាគ្រូបង្រៀនតែម្នាក់គត់ ខ្ញុំបានបង្រៀននិងបញ្ជូនសិស្ស ១២ ថ្នាក់ ដែលមានចំនួនសរុប ១២៦ នាក់ ឱ្យទទួលបានតួនាទីការងារផ្សេងៗគ្នាយ៉ាងរលូន។” ពេលរំលឹកដល់ក្មេងៗ ដែលបច្ចុប្បន្នបានធំធាត់ក្លាយជាធនធានមនុស្សដ៏មានសមត្ថភាពនៅតាមស្ថាប័នការងាររៀងៗខ្លួន លោកគ្រូ ណុង ជាគួយ បានបង្ហាញស្នាមញញឹមប្រកបដោយក្តីរំភើបនិងមោទនភាព ។ ចំណែកឯកូនសិស្សរបស់គាត់សុទ្ធតែនិយាយថា៖ “ប្រសិនបើកាលណោះ លោកគ្រូ ណុង រារែកចិត្តតែបន្តិច ហើយសម្រេចចិត្តមិនបន្តឈរជើងនៅទីនេះទេ ពួកយើងប្រាកដជាគ្មានថ្ងៃអាចដើរចេញពីតំបន់ភ្នំនេះបានឡើយ។”
បច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ និងការជួយជ្រោមជ្រែងពីរដ្ឋាភិបាល ក៏ដូចជាមជ្ឈដ្ឋាននានាក្នុងសង្គម អគារដីរបស់សាលាបឋមសិក្សាលួសុងទីដែលធ្លាប់តែលេចទឹកភ្លៀង ត្រូវបានប្រែក្លាយទៅជាអគារសិក្សាដ៏ធំទូលាយ និងភ្លឺស្រឡះ។ ភូមិតូចនៅលើភ្នំដែលធ្លាប់តែនៅដាច់ស្រយាលមួយនេះ ក៏បានរំដោះចេញពីភាពក្រីក្រ និងជំងឺតម្កាត់នានា ព្រមទាំងបានវិវត្តក្លាយជាភូមិគំរូនៃសាមគ្គីភាពជនជាតិផងដែរ។
លោកគ្រូ ណុង ជាគួយ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជាអ្នកតំណាងប្រជាជនទូទាំងប្រទេស ខ្ញុំនឹងបន្តបន្លឺសំឡេងក្នុងវិស័យអប់រំនៅតាមទីជនបទ និងខិតខំបំពេញការងារជាក់ស្តែងជូនប្រជាពលរដ្ឋដោយអស់ពីកម្លាំងកាយចិត្ត៕
អ្នកបកប្រែ៖លីហ្សាLi Zha