ផ្កាស្រស់ខេត្តយូណាន អាចដឹកជញ្ជូនមកដល់តំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេល ៧២ ម៉ោង ទំហំនៃការនាំចេញឈរនៅលំដាប់ថ្នាក់លេខ១ ប្រចាំប្រទេសចិនរយៈពេល ៧ ឆ្នាំជាប់ៗគ្នា

ដោយពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវគោកដោយប្រព័ន្ធខ្សែសង្វាក់ត្រជាក់ និងការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងឆ្នាំ២០២៥ ទំហំទឹកប្រាក់នៃការនាំចេញផ្កាស្រស់របស់ខេត្តយូណាន បានឈានដល់ ១,២២ ពាន់លានយាន់ ដែលកើនឡើង ៦០,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំនៃការនាំចេញនេះ បានបន្តរក្សាតំណែងលេខ១ ប្រចាំប្រទេសចិនរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ព្រមទាំងបានគ្របដណ្តប់លើប្រទេស និងតំបន់ចំនួន ៦៤ ជុំវិញពិភពលោក។
ជារៀងរាល់ឆ្នាំ នារដូវកាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺជាអំឡុងពេលដ៏មមាញឹកបំផុត សម្រាប់ការនាំចេញផ្កាស្រស់ពីខេត្តយូណាន ដោយអាកាសយានដ្ឋានគុនមីងបាននាំចេញផ្កាស្រស់ជាមធ្យមប្រមាណ ១៥ ម៉ឺនទងក្នុងមួយថ្ងៃ។ ដើម្បីធានាឱ្យបាននូវភាពទាន់ពេលវេលានៃការនាំចេញផ្កាស្រស់ ស្ថាប័នគយបានបង្កើតជាពិសេសនូវ បញ្ជរប្រកាសគយដាច់ដោយឡែក និង “ច្រកបៃតង” សម្រាប់ផលិតផលស្រស់ ដែលអាចសម្រេចបាននូវការអនុវត្តប្រកាសភ្លាម ត្រួតពិនិត្យភ្លាម ឆែកភ្លាម និងបញ្ចេញភ្លាម ដើម្បីធានាដល់ការត្រួតពិនិត្យ និងបញ្ចេញទំនិញបានយ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ តាមរយៈការដឹកជញ្ជូនឆ្លងដែនតាមផ្លូវគោក ផ្កាស្រស់ទាំងនេះអាចដឹកជញ្ជូនទៅដល់គ្រប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលត្រឹមតែ ៧២ ម៉ោងប៉ុណ្ណោះ។
បច្ចុប្បន្ននេះ ខេត្តយូណានបានកសាងនូវទីផ្សារជួញដូរ និងប្រព័ន្ធចែកចាយផ្កា ដែលមានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេសចិន ព្រមទាំងឆ្ពោះទៅកាន់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ទិន្នផលផ្កាស្រស់ប្រចាំឆ្នាំបានឈានដល់ជាង ២០ ពាន់លានទង ដោយបរិមាណនៃផលិតកម្មនិងការលក់ បានឈរនៅលំដាប់ថ្នាក់លេខ ១ ប្រចាំប្រទេសចិន អស់រយៈពេលជាច្រើនទសវត្សរ៍ជាប់ៗគ្នា៕
អ្នកបកប្រែ៖លីហ្សាLi Zha