ប្រទេសកាណាដាបើកទ្វារផ្តល់កូតាឱ្យរថយន្តអគ្គិសនីចិនជាផ្លូវការ! ការនាំចូលលើកដំបូងមានចំនួន ២៤៥០០ គ្រឿង

ប្រភព: សារព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ   |    2026-03-09 11:16:58

កិច្ចសហប្រតិបត្តិការក្នុងវិស័យយានយន្តរវាងប្រទេសចិននិងកាណាដា បានឈានចូលដល់ជំហានដ៏សំខាន់មួយ។ កាលពីពេលថ្មីៗនេះ ក្រសួងកិច្ចការសកលកាណាដាបានចេញផ្សាយសេចក្តីប្រកាសស្តីពីការត្រួតពិនិត្យការនាំចូល ដោយបញ្ជាក់ថា ក្នុងអំឡុងពេលពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នឹងផ្តល់លិខិតអនុញ្ញាតនាំចូលសម្រាប់រថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនក្នុងចំនួនអតិបរមា ២៤៥០០ គ្រឿង ដោយអនុវត្តតាមគោលការណ៍ “អ្នកមកមុន ទទួលបានមុន” ។ ចំពោះរថយន្តដែលទទួលបានការអនុញ្ញាតទាំងនេះ នឹងអនុវត្តតាមអត្រាពន្ធគយប្រជាជាតិដែលទទួលបានការអនុគ្រោះបំផុតក្នុងកម្រិត ៦,១%។

យោងតាមសេចក្តីប្រកាសស្តីពីការនាំចូលបង្ហាញថា ទំហំបឋមនៃកូតានាំចូលរថយន្តអគ្គិសនីផលិតនៅប្រទេសចិនដែលប្រទេសកាណាដាបានកំណត់ គឺមានចំនួន ៤៩០០០ គ្រឿង ដែលគ្របដណ្តប់លើរថយន្តអគ្គិសនីសុទ្ធ (BEV) រថយន្តHybrid(HEV) និងរថយន្តHybridសាកថ្ម (PHEV) ហើយក៏មានគម្រោងបើកការពិគ្រោះយោបល់ ជុំវិញយន្តការនៃការបែងចែកកូតានេះ ក្នុងរយៈពេលប៉ុន្មានខែខាងមុខផងដែរ។ ចំណែកឯកូតាដំណាក់កាលទីពីរ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៧ ដែលអាចគ្របដណ្តប់រថយន្តច្រើនបំផុតចំនួន ២៤៥០០ គ្រឿង បូករួមទាំងកូតាដែលមិនទាន់បានប្រើប្រាស់អស់ពីដំណាក់កាលទីមួយ ព្រមទាំងមានផែនការពង្រីកទំហំកូតានេះ ឱ្យឡើងដល់ ៧ ម៉ឺនគ្រឿង នៅមុនឆ្នាំ ២០៣០ ថែមទៀតផង។

ការបើកចំហកូតាលើកនេះ គឺជាសញ្ញាបញ្ជាក់ពីការផ្លាស់ប្តូរទិសដៅយ៉ាងសំខាន់ នៃគោលនយោបាយពន្ធគយរបស់ប្រទេសកាណាដាមកលើរថយន្តអគ្គិសនីរបស់ប្រទេសចិន។ គួររំលឹកថា ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ មក រដ្ឋាភិបាលកាណាដាបានគិតពន្ធបន្ថែមចំនួន ១០០% ទៅលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ដែលធ្លាប់បានធ្វើឱ្យអត្រាពន្ធសរុបកើនឡើងដល់ ១០៦,១% ឯណោះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មុនពេលមានការអនុវត្តពន្ធបន្ថែមនៅក្នុងខែតុលា ឆ្នាំ២០២៤ ការនាំចេញរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនទៅកាន់ប្រទេសកាណាដា គឺបានឈានដល់កម្រិតទំហំជាក់លាក់មួយរួចទៅហើយ។

យោងតាមទិន្នន័យពាក់ព័ន្ធបានបង្ហាញថា ពេញមួយឆ្នាំ២០២៣ ប្រទេសចិនបាននាំចេញរថយន្តដឹកអ្នកដំណើរថាមពលថ្មីទៅកាន់ប្រទេសកាណាដា ចំនួន ៤១៧០០ គ្រឿង ដែលកើនឡើង ៧៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯនៅឆមាសទីមួយនៃឆ្នាំ ២០២៤ វិញ ប្រទេសចិនបាននាំចេញរថយន្តដឹកអ្នកដំណើរថាមពលថ្មីទៅកាន់ប្រទេសនេះចំនួន ១៣២០០ គ្រឿង ដែលកើនឡើង ៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំពោះការកែសម្រួលគោលនយោបាយលើកនេះ អ្នកជំនាញក្នុងឧស្សាហកម្មបានផ្តល់ការវាយតម្លៃជាវិជ្ជមាន។ អ្នកជំនាញជាន់ខ្ពស់ឈ្មោះ ស៊ុន ស៊ាវហុង មកពីគណៈកម្មាធិការជំនាញអន្តរជាតូបនីយកម្មយានយន្ត នៃសភាពាណិជ្ជកម្មអាហរ័ណនីហរ័ណផលិតផលគ្រឿងម៉ាស៊ីន និងអេឡិចត្រូនិកចិន (CCCME) បានមានប្រសាសន៍ថា បន្ទាប់ពីរដ្ឋាភិបាលកាណាដាបានដើរតាមសហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធបន្ថែម ១០០% ទៅលើរថយន្តអគ្គិសនីចិនក្នុងឆ្នាំ២០២៤ ចំណាត់ការនេះបានបញ្ជូនសញ្ញាខុសឆ្គងមួយដល់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ តាមពិតទៅ រថយន្តអគ្គិសនីរបស់ប្រទេសចិនគឺស័ក្តិសមខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់នៅប្រទេសកាណាដា ទាំងផ្នែកតម្លៃ និងសមត្ថភាពដំណើរការ ហើយដើមឡើយកំពុងស្ថិតក្នុងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងល្អ ប៉ុន្តែបែរជាត្រូវរងការកាត់ផ្តាច់ដោយបង្ខំ។ បច្ចុប្បន្ន រដ្ឋាភិបាលកាណាដាបានលុបចោលនូវពន្ធបន្ថែម ១០០% ដែលបានដាក់កាលពីមុន នេះពិតជាផលវិជ្ជមានដ៏ធំធេងណាស់៕

អ្នកយកព័ត៌មាន Liu Xi

អ្នកបកប្រែ៖លីហ្សា Li Zha

ប្រទេសកាណាដាបើកទ្វារផ្តល់កូតាឱ្យរថយន្តអគ្គិសនីចិនជាផ្លូវការ! ការនាំចូលលើកដំបូងមានចំនួន ២៤៥០០ គ្រឿង