ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិតាមខ្សែផ្លូវដែកចិន-ឡាវ កំពុងកើនឡើងយ៉ាងមានស្ថិរភាព

ប្រភព: កាសែតយូណានដេលី   |    2026-03-04 11:21:13

យោងតាមស្ថិតិរបស់គយគុនមីញបានឱ្យដឹងថា គិតចាប់ពីរដូវកាលនាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ការិយាល័យគយម៉ឹងឡា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គយគុនមីញ បានត្រួតពិនិត្យនិងបញ្ចេញទំនិញនាំចេញនាំចូលតាមខ្សែផ្លូវដែកចិន-ឡាវ ដែលមានទំហំទឹកប្រាក់សរុបរហូតដល់ ១,៦៥ ពាន់លានយាន់ ដោយមានការកើនឡើង ៨១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទំនិញនាំចេញភាគច្រើនគឺជា ផលិតផលគ្រឿងយន្តនិងអគ្គិសនី ដែកថែប និងទំនិញប្រើប្រាស់ទូទៅជាដើម ចំណែកឯទំនិញនាំចូលភាគច្រើនគឺជា ផ្លែឈើតំបន់ត្រូពិច និងរ៉ែដែកជាដើម។”

លោក វ៉ាង សៀវកាង អ្នកគ្រប់គ្រងផ្នែកប្រកាសគយនៃក្រុមហ៊ុនសេវាកម្មប្រកាសគយមួយប្រចាំតំបន់ស្វយ័តជនជាតិតាយ ស៊ីសួងប៉ានណា បានលើកឡើងថា៖ “ក្នុងអំឡុងពេលនេះ ពួកយើងត្រូវនាំចូលផ្លែឈើជាង ១០០ តោនជារៀងរាល់ថ្ងៃ។ តាមរយៈខ្សែផ្លូវដែកចិន-ឡាវ ជាទូទៅវាចំណាយពេលត្រឹមតែ ២៦ ម៉ោងប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនទៅដល់ទីផ្សារក្នុងប្រទេស។” ផ្លែទុរេន និងចេក ដែលមានប្រភពមកពីតំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាមុខទំនិញដ៏ពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារទិញទំនិញចូលឆ្នាំចិននាឆ្នាំនេះ។ ទិន្នន័យបានបង្ហាញថា ក្នុងអំឡុងពេលនាឱកាសបុណ្យចូលឆ្នាំចិន បរិមាណនៃការដឹកជញ្ជូនផ្លែឈើអាស៊ានដែលនាំចូលតាមខ្សែផ្លូវដែកចិន-ឡាវ ក្រោមការត្រួតពិនិត្យនិងបញ្ចេញដោយគយម៉ឹងឡា បានកើនឡើងរហូតដល់ ១៧,៦៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក យោងតាមទិន្នន័យស្ថិតិបានឱ្យដឹងថា គិតចាប់ពីរដូវកាលនាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ គយម៉ឹងឡា បានត្រួតពិនិត្យនិងអនុញ្ញាតឱ្យអ្នកដំណើរចេញចូលប្រទេសតាមរយៈខ្សែផ្លូវដែកចិន-ឡាវសរុបចំនួន ៣១២០០ នាក់ ដោយមានការកើនឡើង ៣១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកយកព័ត៌មាន Liu Ziyu

អ្នកបកប្រែ៖លីហ្សា Li Zha

ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិតាមខ្សែផ្លូវដែកចិន-ឡាវ កំពុងកើនឡើងយ៉ាងមានស្ថិរភាព